We TV Cambodia

បើកូនតូចៗ របស់អ្នកមិនព្រមញុំាអាហារ តើគួរធ្វើយ៉ាងណា?

បើកូនតូចៗ របស់អ្នកមិនព្រមញុំាអាហារ តើគួរធ្វើយ៉ាងណា?

ជាការពិតណាស់នៅក្រោមអាយុ ៦ខែ ទឹកដោះម្តាយមានសារធាតុជាច្រើនក្នុងការផ្តល់ដល់ទារកនូវថាមពល និងការពារពីជំងឺមួយចំនួនដូចជា ជំងឺរាគ ជាដើម។ ដោយឡែកចាប់ពី ៦ខែទៅ ទឹកដោះម្តាយចាប់ផ្តើមថយចុះនូវសារធាតុចិញ្ចឹមដែលស្ទើរតែ ៩០ភាគរយនៃទឹកដោះម្តាយជាសារធាតុទឹកប៉ុណ្ណោះ។ ដូច្នេះហើយបានជាកុមារត្រូវការសារធាតុចិញ្ចឹម ឬចំណីបន្ថែមសម្រាប់ថាមពល និងការលូតលាស់។ ខាងក្រោមនេះ នឹងបង្ហាញពីមូលហេតុខ្លះៗ និងដំណោះស្រាយដែលទាក់ទងនឹងការបាត់បង់ចំណង់អាហាររបស់កូនតូចដែលអ្នកគួរតែដឹង។

១. ផ្តល់ចំណីឲ្យគាត់ពេលដែលសមាជិកគ្រួសារកំពុងញ៉ាំ៖ មនុស្សគឺ ចូលចិត្តភាពជួបជុំកម្សាន្ត ជាពិសេសគឺពេលបាយហ្នឹងហើយ។ ពេលញ៉ាំបាយជុំគ្នាបាន ធ្វើឲ្យអារម្មណ៍របស់កូនលោកអ្នកកាន់តែសប្បាយ ដែលគាត់គិតថា គាត់ក៏ជាចំណែកមួយនៃគ្រួសារដែរ ។


២. ផ្តល់ចំណីដូចដែលអ្នកក្នុងគ្រួសារញ៉ាំ៖ ស៊ុបខាប់ៗសម្រាប់គាត់ពេលខ្លះគួរឲ្យធុញណាស់។ អាហារសម្រាប់យើងអាច ហឹរ រឹង ក្លិនឈ្ងុយ និងមានពណ៌ប្លែកៗដែលវាគួរឲ្យចាប់អារម្មណ៍ជាងស៊ុបខាប់។ វាល្អសម្រាប់កូនលោកអ្នកដែលទើបចាប់ផ្តើមអាហារ ល្អសម្រាប់ការលូតលាស់ចលនាសាច់ដុំ ការដឹងរសជាតិអារម្មណ៍ជាមួយអាហារ និងអាហារូបត្ថម្ភរបស់ពួកគេទៀតផង។
៣. គួរឲ្យគាត់ញ៉ាំខ្លួនឯង៖ ក្មេងខ្លះគាត់ចង់ញ៉ាំខ្លួនគាត់ដោយការចាប់កាន់ស្លាបព្រា ហើយប្រាប់អ្នកថា “ខ្ញុំអាចញ៉ាំខ្លួនឯងបាន”។ តែក្មេងខ្លះក៏ប្រើដៃធ្វើឲ្យប្រឡាក់ពេញតុ ទាំងលើកៅអី និងក្រោមកៅអី ពេញទាំងខោអាវទៀត។


៤. គាត់ចូលចិត្តអាហារដែលនៅក្នុងចានយើង៖ អ្នកអាចផ្តល់អាហារដែលជារបស់អ្នកឲ្យគាត់ និងលេងជាមួយគាត់ ដូចជា ម៉ាក់មួយម៉ាត់ រួចកូនមួយម៉ាត់។ នៅអាយុ ២ ទៅ៣ឆ្នាំគាត់តែងតែចង់ញ៉ាំនូវអ្វីដែលអ្នកញ៉ាំ។
៥. ភាសាសញ្ញា៖ បើអ្នកបង្រៀនកូនអ្នកពីពាក្យសញ្ញាខ្លះដូចជា គោគោ ទៀត ឆ្អែតហើយ អស់លីង។ល។ ពួកគាត់ងាយក្នុងការទំនាក់ទំនងមកយើង ដែលក្នុងវ័យ២ ទៅ៣ខួប ជាវ័យដែលល្អបំផុតក្នុងការចាប់ផ្តើមប្រើពាក្យសញ្ញាទាំងនេះ។


៦. ផ្ដល់នូវអាហារបៃតង ឬអាហារសរសៃបានគ្រប់គ្រាន់៖ កូនលោកអ្នកនឹងយំ ហើយមិនចង់ញ៉ាំអាហារបើគាត់ទល់លាមក។

អ្នកអាចក្រឡុកបន្លែបៃតងឲ្យគាត់ញ៉ាំបាន ឬក៏លើកទឹកចិត្តឲ្យញ៉ាំបន្លែផ្លែឈើដែលមានពណ៌បៃតងឲ្យបានច្រើន។ ត្រូវចងចាំថា វាមិនមែនជាបញ្ហាទេបើកូនតូចរបស់លោកអ្នកមិនបានញ៉ាំអាហារ ១ថ្ងៃ ឬញ៉ាំតិច ២ ទៅ៣ថ្ងៃក៏ដោយ បើសិនជាគាត់មើលទៅធម្មតា។ បន្ថែមពីនេះទៀត បើលោកអ្នកនៅតែព្រួយបារម្ភក្រោយពេលអ្នកបានមើលថែគាត់ដិតដល់ហើយ ឬក៏គាត់ស្រាប់តែញ៉ាំតិច ឬមិនញ៉ាំភ្លាមហើយគាត់រញ៉ាំរញ៉ូវ និងយំមិនឈប់ គួរតែនាំគាត់មកជួបវេជ្ជបណ្ឌិតដើម្បីពិគ្រោះ ចៀសវាងគ្រោះថ្នាក់ទៅថ្ងៃក្រោយ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles