ដោយមានការមើលឃើញ នូវបញ្ហាបងប្អូនមួយចំនួនសល់ពងទាលក់មិនចេញ និងខ្លះទៀតត្រូវបង្ខំចិត្តលក់ចេញក្នុងតម្លៃថោក លោកសោម សុធា ដែលជាអគ្គនាយកក្រុមហ៊ុនភូមិពងទាខ្មែរ បានសម្រេចចិត្តប្រកាសប្រមូលទិញពងទា និងជួយលក់ពងទាពីខេត្តចំនួន ២ដំបូងគេគឺខេត្តតាកែវ និងខេត្តព្រៃវែង មុននឹងសម្រេចចិត្តឈានទៅខេត្តផ្សេងទៀត។ នៅក្នុងដំណាក់កាលដំបូង លោកទទួលជួយទិញ និងជួយលក់ ពីបងប្អូនប្រជាកសិករក្នុងបរិមាណ ២០ម៉ឺនគ្រាប់ ដោយមួយគ្រាប់ៗតម្លៃ ៤០០រៀល។ ខាងក្រោមនេះគឺជាអត្ថន័យ និងខ្លឹមសារទាំងស្រុងរបស់លោក៖
សូមជួយ Like ឬ share អោយដល់ម្ចាស់ទ្រុងចិញ្ចឹមទាពងផង!!!! ក្រុមការងារយើងចង់ជួយទិញ និងជួយលក់!!! ត្រូវការប្រមូលទិញពងទាដំណាក់កាលដំបូង 200,000ពង (ពីរសែនពង) ពីខេត្តចំនួន ០២សិន គឺខេត្តតាកែវ និងខេត្តព្រៃវែង។ ក្រុមការងារភូមិពងទាខ្មែរយើងនិងប្រមូលទិញក្នុងមួយគ្រាប់ 400រៀល (បួនរយរៀល) ដើម្បីរួមចំណែកក្នុងយុទ្ធនាការលក់ពងទាក្នុងស្រុកតាមរយ:បណ្តាញរបស់យើងទាំង១២ខេត្ត និង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ជាពិសេសចូលរួមសម្រួលវិបត្តិធ្លាក់ថ្លៃរបស់ពងទាយើង។
សូមជម្រាបផងដែរថា យើងមិនប្រមូលទិញពីឈ្មួញកណ្តាលឡើយ ហើយក្រុមការងាររបស់យើងនឹងចុះទៅដល់ទីតាំងចិញ្ចឹមដោយផ្ទាល់ដើម្បីប្រមូលទិញ។ ម្យ៉ាងវិញទៀត សម្រាប់ពងទាដែលស្តុកគាំងយូរ ក្រុមការងារយើងនឹងបរិច្ចាគថវិការផ្ទាល់ ៥០% ស្មើនិងមួយគ្រាប់ពងទាខូចៗគឺ២០០រៀល តាមជាក់ស្តែងដើម្បីជួយសម្រួលដល់ការខាតបង់បងប្អូន ហើយបើអាចនៅល្អខ្លះៗគឺចែកជូនក្មេងកំព្រា ឬប្រជាជនក្នុងសហគមន៍តែម្តង។
