We TV Cambodia

បុរសជនជាតិខ្មែរម្នាក់ បានរកឃើញថាផ្ទុកកូវីដ១៩

បុរសជនជាតិខ្មែរម្នាក់ បានរកឃើញថាផ្ទុកកូវីដ១៩

ដោយ៖ពេជ្រ

ភ្នំពេញ៖បុរសជនជាតិខ្មែរម្នាក់ដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ បានរកឃើញថាផ្ទុកកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃ១៦ កក្កដា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់ទៀត បុរសខ្មែរដែលធ្វើដំណើរត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី។

ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ ជាបុរសជានជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាន នៅសង្កាត់ច្រាំងចំរះខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បុរសនេះ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី និងបានបន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧៖២៥នាទីល្ងាច។

ក្រសួងបានបញ្ជាក់ទៀតថា ចំពោះអ្នកដំណើរចំនួន៦៩នាក់ ដែលធ្វើដំណើរតាមជើងហោះហើរជាមួយអ្នកវិជ្ជមានកូវីដ-១៩ កំពុងត្រូវបានបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្ត ក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ជូនថា គិតត្រឹម ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន១៦៦នាក់ (ស្ត្រី ៤០នាក់ និងបុរស ១២៦នាក់) ចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ១៣៣នាក់ (ស្រី ៣៩នាក់ និងបុរស ៩៤នាក់) អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន៣៣នាក់៕

Related Articles