
ដោយៈ ទិន សុខាវុធ
ថ្ងៃ អាទិត្យ ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ជាថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ នរោត្តម សីហមុនី នៅក្នុងដងទន្លេសាបនៅខាងមុខព្រះបរមរាជវាំង។
នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ មកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់ រួមទាំងភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ បានមកជួបជុំគ្នានៅតាមមាត់ទន្លេខាងមុខព្រះបរមរាជវាំង ទស្សនាកំសាន្តការប្រណាំងទូកង ដោយមានទឹកមុខសប្បាយរីករាយឥតឧបមា។
មួយវិញទៀត នៅពេលរាត្រីកាលបានមកដល់ ព្រះមហាក្រត្សបានសព្វព្រះរាជហឫទ័យប្រទានភ្លើងទៀនជ័យលើប្រទីបរបស់ព្រះបរមរាជវាំង ដើម្បីអនុញ្ញាតអោយប្រទីបមកពីស្ថាប័នចំនួន ១៤ ទៀតអាចត្រូវចាប់ផ្តើមបណ្តែតតាមដងទន្លេសាប ពីត្បូងទៅជើង នៅក្រោមសូរសព្ទនិងពន្លឺកាំជ្រួចបាញ់អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទីមួយនេះ។

«នៅរាត្រីថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនេះដែរ ក៏មានការសម្ដែងសិល្បៈនិងប្រគំតន្ត្រីជូនប្រជាពលរដ្ឋទស្សនាកម្សាន្តនៅតាមទីធ្លាសាធារណៈមួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញផងដែរ» នេះជាសំណេរនៅលើទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
យោងតាមគេហទំព័រ ទ្រឹស្តីពុទ្ធចក្រ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប តែងតែត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងពិធីនេះ ការប្រណាំងទូកមានរយពេល ៣ ថ្ងៃ ដោយមានការបណ្តែតប្រទីបនៅពេលយប់ផងដែរ។ ចំណែកឯពិធីអកអំបុកនិងសំពះព្រះខែវិញ មានរយពេលតែពីរថ្ងៃប៉ុណ្ណោះ។
តាមការពិត ពិធីបុណ្យអុំទូកគឺជាការរំលឹកឡើងវិញនូវជ័យជំនះរបស់ព្រះរាជកងទ័ពជើងទឹកខ្មែរលើកងទ័ពចាម នៅសម័យអង្គរដ៏រុងរឿង ដែលខ្មែរបានធ្វើសង្គ្រាមពង្រីកទឹកដីបង្កើតបានជាអាណាចក្រខ្មែរដ៏ធំធេងល្វឹងល្វើយនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។
អាស្រ័យហេតុនេះ ដើម្បីរំលឹកឡើងវិញពីវីរភាពរបស់ព្រះរាជកងទ័ពជើងទឹកខ្មែរនៅសម័យអង្គរ ជារៀងរាល់ឆ្នាំ នៅពេលបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ម្តងៗ កីឡាករអុំទូកមកពីបណ្តាខេត្តនានា បាននាំយកទូកងរបស់ពួកគេមកចូលរួមប្រណាំងប្រជែងដណ្តើមយកជ័យជំនះរៀងៗខ្លួន៕

