We TV Cambodia

បុគ្គលិកចង់បោះបង់ការងារ ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវប្រញាប់ធ្វើរឿងទាំងនេះភ្លាម!

បុគ្គលិកចង់បោះបង់ការងារ ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវប្រញាប់ធ្វើរឿងទាំងនេះភ្លាម!

បញ្ហាជាច្រើន រយលានជំពូក មិនថាបញ្ហា​ស្តេ្រស​ ឬ​សម្ពាធ​ផ្លូវចិត្ត​​ គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​មនុស្ស​ម្នាក់ៗហើយវាបានកើតឡើងស្ទើគ្រប់ទីកន្លែងទាំងអស់ ​​​​មិន​ថា​នៅ​កន្លែង​ការងារ ឬ​នៅ​​​ក្នុង​ជីវិត​​ប្រចាំ​ថ្ងៃ​នោះ​ទេ។ ក៏ប៉ុន្តែ​ ​នៅ​កន្លែង​ការងារ​ដូច​ជា បុគ្គលិក​មាន​អារម្មណ៍​ហត់នឿយ អស់​កម្លាំង អស់​សង្ឃឹម​ មានគំនិតគិតចង់លាឈប់ជាដើម​ គឺ​ទាមទារ​ឲ្យ​អ្នក​ដឹកនាំ​យកចិត្ត​ទុកដាក់​ឲ្យ​ខ្លាំង​បន្តិច​ បើ​មិន​ដូច្នេះ​ទេ ប្រសិទ្ធភាព​ការងារ​នឹង​ទទួល​រង​ផល​ប៉ះពាល់​ជាមិនខាន។ ខាងក្រោមនេះគឺជារឿងដែលថ្នាក់ដឹកនាំត្រូវប្រញាប់ធ្វើភ្លាម ៖​

១.បើកកិច្ចប្រជុំជជែកពីបញ្ហា​របស់​បុគ្គលិក

ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​ម្នាក់ វា​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​បុគ្គលិក​លើក្រោម​បង្គាប់។ អ្នកអាចបើកកិច្ចប្រជុំជជែកដេញដោរវែកញែកជុំវិញបញ្ហាដែលពួកគេកំពុងជួបប្រឈម ស្តាប់សង្កេតឲ្យបានម៉ត់ចត់តាមដែលអ្នកអាចធ្វើទៅបាននៅពេលដែលពួកគេលើកឡើង​ពី​បន្ទុក​ការងារ​របស់ខ្លួន។

២. ព្យាយាម​បង្កើន​ភាព​ស្និទ្ធស្នាល៖

បើ​ទោះ​បី​ជា​អ្នក​​មាន​តំណែង​ខ្ពស់​ ​និង​ ​ប្រាក់ខែ​ច្រើន​ជាង​បុគ្គលិក​ក្រោម​បង្គាប់​ក្តី​ ​ប៉ុន្តែ​មិន​ត្រូវ​បង្ហាញ​ពី​រនាំង
វណ្ណៈ​ខ្លាំង​ពេក​នៅ​កន្លែង​ការងារ​នោះ​ឡើយ​ ​ព្រោះ​វា​នាំ​ឲ្យ​ខ្វះ​ភាព​ជិត​ស្និត​ជា​មួយ​​នឹង​បុគ្គលិក​។ ​ការ​បង្កើន​ភាព​ជិតស្និត​ជាមួយ​បុគ្គលិក​ ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ព្រោះ​ការ​ធ្វើ​បែបនេះ​អាច​ជួយ​ឲ្យ​ពួកគេ​យល់​ឃើញ​ថា ​អ្នក​គឺ​ជា​ថ្នាក់ដឹកនាំ​ល្អ​ ​មិន​ប្រកាន់​ខ្លួន​ ​និង ចេះ​រួមសុខទុក្ខ​ជាមួយ​ពួកគេ​ ​។

​៣. សរសើរ​នៅ​ពេល​ធ្វើ​ល្អ​ ​និង ណែនាំ​ត្រឹម​ត្រូវ​នៅ​ពេល​​មាន​កំហុស​
នៅ​ពេល​ដែល​បុគ្គលិក​សាង​ស្នាដៃ ​អ្នក​គ្រប់គ្រង​គ្រប់​រូប​​មិន​គួរ​បង្អែបង្អង់​យូរ​នោះ​ទេ​ ​ពោល​គឺ​ត្រូវ​តែ​លើក​ទឹក​ចិត្ត​តាមរយៈ​កោតសរសើរ​ ​ឬ​ ​ផ្តល់​ជា​រង្វាន់​ជា​ដើម​។ ​​​សម្រាប់​បុគ្គលិក​ណា​ដែល​បាន​សាង​កំហុស​​ ​អ្នក​គ្រប់គ្រង​​មិន​គួរ​ស្តី​ បន្ទោស​ខ្លាំង​នៅ​ចំពោះ​​មុខ​អ្នក​ដទៃ​នោះ​ឡើយ​​ព្រោះ​ការ​ធ្វើ​បែបនេះ​មិន​អាច​កែប្រែ​​អ្វី​បាន​នោះ​ទេ​ ​ប៉ុន្តែ​វា​កាន់​តែ​រុញ ឲ្យ​ស្ថានភាព​កាន់​តែ​ស្មុគស្មាញ​ថែម​ទៀត​។ ជម្រើស​ដ៏​ល្អ​គឺ​គួរ​តែ​ហៅ​បុគ្គលិក​ដែល​ធ្វើ​ខុស​នោះ​មក​និយាយ​គ្នា​តទល់ ហើយ​ព្យាយាម​ប្រាប់​អំពី​កំហុស​ដែល​ពួកគេ​បាន​សាង​​ ​និង ប្រាប់​អំពី​វិធី​ដែល​ការពារ​កុំ​ឲ្យ​ដើរ​ជាន់​ផ្លូវ​ចាស់​ទៀត​​​។

​៤.ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​ពួកគេ​
ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​ម្នាក់ អ្នក​ត្រូវ​ធ្វើ​ឲ្យ​បុគ្គលិក​របស់​អ្នក​មាន​សមត្ថភាព​កាន់តែ​ខ្លាំង​ឡើង។ សូម​ចាំ​ថា ​ក្រៅ​ពី​ការ​​បណ្តុះបណ្តាល​​​ដែល​ទាក់ទង​ទៅ​នឹង​ចំណេះដឹង​ថ្មីៗ​ជុំវិញ​ការងារ​របស់​ពួកគេ អ្នក​ក៏​ត្រូវ​បណ្តុះបណ្តាល​ពួកគេ​ពី​របៀប​គ្រប់គ្រង​ស្តេ្រស ការ​គ្រប់គ្រង​ពេលវេលា និង​ការ​ដោះស្រាយ​បញ្ហា​ជាដើម​។

​៥.ផ្តល់​រង្វាន់​ដល់​ពួកគេ
ក្រៅ​ពី​ការ​ផ្តល់​មធ្យោបាយ​ខាងលើ​​ហើយ​នោះ អ្នក​ក៏​ត្រូវ​ចេះ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​ពួកគេ​ផង​ដែរ។ ពេល​ខ្លះ​បុគ្គលិក​បាន​ខិតខំ​ប្រឹងប្រែង​ការងារ​ខ្លាំង​ហើយ ប៉ុន្តែ​បើ​អ្នក​មើល​រំលង​សមត្ថភាព និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ មិន​ឲ្យ​តម្លៃ ឬ​លើកទឹកចិត្ត​ពួកគេ វា​អាច​បណ្តាល​ឲ្យ​បុគ្គលិក​របស់​អ្នក​មាន​អារម្មណ៍​មិន​កក់ក្តៅ និង​ខកចិត្ត​ជាដើម។ ការ​ផ្តល់​រង្វាន់​នេះ​អាច​ជា​របស់ ការ​កោតសរសើរ ឬ​ដំឡើង​ប្រាក់ខែ​ដល់​ពួកគេ​ក៏​បាន។ នេះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​​ទឹកចិត្ត​កាន់តែ​ខ្លាំង​​ឡើង​ក្នុង​ការ​បំពេញ​ការងារ។

អត្ថបទដោយ៖ ពិសី

 

Related Articles