ហាងម៉ាស្សាមួយកន្លែងស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបិទភ្លាមៗបន្ទាប់ពីរកឃើញថា ហាងម៉ាស្សានេះមានបង្កប់សេវាផ្លូវភេទ។
ក្នុងការចុះបង្ក្រាបនេះដែរ អាជ្ញាធរបានឃាត់ខ្លួនជនជាតិចិន ថៃ វៀតណាមប្រុស-ស្រីចំនួន ៦នាក់បញ្ជូនទៅតុលាការ ខណៈបុរសខ្មែរ ៧នាក់ទៀតក៏ត្រូវឃាត់ខ្លួននៅខណ្ឌឫស្សីកែវផងដែរ ក្នុងករណីលេងល្បែងភ្នាល់ចាក់បាល់តាមអ៊ីនធឺណិត។
បើយោងតាមការឲ្យដឹងពីមន្ត្រីក្នុងការចុះបង្ក្រាបនោះបានបញ្ជាក់ថា ដោយមានការសង្ស័យថា ហាងម៉ាស្សាទីតាំងខាងលើអាចមានបង្កប់បម្រើសេវាផ្លូវភេទនោះទើបសមត្ថកិច្ចចុះទៅបង្ក្រាប និងបានរកឃើញស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើមួយចំនួន ព្រមទាំងបានប្រមូលយករក្សាទុកជាវត្ថុតាងដើម្បីបញ្ជូនទៅតុលាការផងដែរ។
សូមជម្រាបថា នេះជាហាងម៉ាស្សាទី២ ហើយបន្ទាប់ពីហាងម៉ាស្សាយីហោ «ដាយមិន» ដែលត្រូវបានអាជ្ញាធរចុះបង្ក្រាបកាលពីថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅនេះ ដោយសារតែមានបង្កប់សេវាផ្លូវភេទ។
អត្ថបទដោយ៖ Nevin
