
ដោយៈ ទិន សុខាវុធ
នៅរាត្រីថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ប្រទេសជប៉ុនបានជួបប្រទះនឹងគ្រោះថ្នាក់ធម្មជាតិរំជួយដីដ៏ធំមួយ នៅក្នុងតំបន់ Hokkaido ដែលបណ្តាលអោយមនុស្ស ៤១ នាក់បាត់បង់ជីវិត ៦៩១ នាក់រងរបួស និង ៥.៣ លាននាក់គ្មានចរន្តអគ្គិសនីប្រើប្រាស់។
នៅថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៦ គ្រោះថ្នាក់រំជួយដីមួយទៀត បានកើតមានឡើងនៅក្បែទីក្រុង Kumamoto ស្ថិតក្នុងតំបន់ Kyushu ។ ពីរថ្ងៃបន្ទាប់មកទៀត គឺនៅថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៦ គ្រោះថ្នាក់រំជួយដីបានកើតឡើងជាថ្មីម្តងទៀត នៅក្នុងតំបន់ដដែលនេះ។ ជាលទ្ធផល គ្រោះថ្នាក់រំជួយដីទាំងពីរនេះបានបង្កអោយមានមនុស្សស្លាប់ចំនួន ៥០ នាក់ និងរបួសចំនួន ៣,០០០ នាក់។
ក្រៅពីនេះ នៅមានគ្រោះថ្នាក់រំជួយដីជាច្រើនរាប់មិនអស់ទៀត ដែលបានវាយប្រហារប្រទេសជប៉ុន និងបានធ្វើមនុស្សជាច្រើនម៉ឺននាក់ស្លាប់និងរងរបួស ហើយផ្ទះសំបែងជាច្រើនខ្នងត្រូវបានបំផ្លាញ។
ជាកម្មអកុសល យោងតាមអ្នកជំនាញ ប្រទេសជប៉ុនស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រមួយមានឈ្មោះថា «Ring of Fire» នៅក្នុងសមុទ្រប៉ាស៊ីភិក ដែលតែងតែមានគ្រោះថ្នាក់ធម្មជាតិរំជួយដី និងរលកយក្សស៊ូណាមិ កើតមានឡើងជាញឹកញាប់។
ក៏ប៉ុន្តែ ទោះជាទីតាំងភូមិសាស្ត្រស្ថិតក្នុងតំបន់គ្រោះរំជួយដីយ៉ាងណាក៏ដោយ ក៏ប្រទេសជប៉ុននៅតែជាប្រទេសឧស្សាហកម្មជឿនលឿនមួយ ដែលមានសក្តានុពលសេដ្ឋកិច្ចស្ថិតក្នុងលំដាប់ថ្នាក់លេខ ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន។
យោងតាមស្ថាប័នមូលនិធិអន្តរជាតិ IMF ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនជប៉ុនម្នាក់ៗប្រចាំឆ្នាំ (GDP per capita) គឺប្រមាណជា $38,937 ដុល្លារ បើតាមតួលេខក្នុងឆ្នាំ ២០១៦ ។ លើសពីនេះទៀត ប្រទេសជប៉ុនស្ថិតលំដាប់ថ្នាក់ទី ៤ ក្នុងការនាំទំនិញចេញទៅលក់នៅក្រៅប្រទេស៕
