
ដោយៈ ទិន សុខាវុធ
នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោក (The World Bank) ចេញផ្សាយកាលពីថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៩ កន្លងទៅនេះ មានការលើកឡើងថា បរិយាកាសអំណោយផលក្នុងការធ្វើជំនួញនៅកម្ពុជា នឹងចុះថយនៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ ដោយហេតុថាកម្ពុជានឹងត្រូវស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៤៤ នៅក្នុងចំណោមប្រទេសចំនួន ១៩០ ។
ធនាគារពិភពលោកបានលើកឡើងទៀតថា បរិយាកាសអំណោយផលក្នុងការធ្វើជំនួញនៅកម្ពុជា ទាបជាងនៅប្រទេសវៀតណាមនិងប្រទេសថៃ ពោលគឺកម្ពុជាទទួលបានពិន្ទុ ៥៣.៨ ខណៈដែលវៀតណាម ទទួលបាន ៦៩.៨ ពិន្ទុ ហើយថៃទទួលបាន ៨០.១ ពិន្ទុ។
ក៏ប៉ុន្តែ បើប្រៀបធៀបជាមួយនឹងប្រទេសឡាវនិងភូមា ធនាគារពិភពលោកបានលើកឡើងថា បរិយាកាសធ្វើជំនួញនៅកម្ពុជា មានលក្ខណៈល្អប្រសើរជាងប្រទេសទាំងនោះ ដែលឈរនៅលំដាប់ថ្នាក់លេខ ១៥៤ និងលេខ ១៦៥ រៀងគ្នា។
យោងតាមធនាគារពិភពលោក កម្ពុជាមិនបានបង្ហាញអោយឃើញពីការកែទំរង់ណាមួយក្នុងវិស័យធ្វើជំនួញនោះទេ។ ផ្ទុយទៅវិញ មានការកែប្រែមួយចំនួនដែលនឹងធ្វើអោយកាន់តែមានភាពស្មុគស្មាញថែមទៀត ដល់ការធ្វើជំនួញនៅក្នុងប្រទេស។
ទាក់ទងនឹងបញ្ហានេះ កន្លងមក រាជរដ្ឋាភិបាលបានធ្វើកំណែទំរង់មួយចំនួន
ដែលរាជរដ្ឋាភិបាលយល់ថា ជាការបង្កបរិយាកាសអំណោយផលដល់ការវិនិយោគឬការធ្វើជំនួញទាំងឡាយ
មានដូចជាការពង្រីកបន្ថែមនូវការិយាល័យច្រកចេញចូលតែមួយ (One Window Service) អោយមាននៅគ្រប់ខេត្តក្រុងនៅទូទាំងផ្ទៃប្រទេស
ក្នុងទិសដៅកាត់បន្ថយនិងពន្លឿនការធ្វើក្រដាសស្នាមរដ្ឋបាលនានាសំរាប់បណ្តាក្រុមហ៊ុនផ្សេងៗ។
លើសពីនេះទៀត ថ្មីៗនេះ រាជរដ្ឋាភិបាលបានកាត់បន្ថយប៉ុស្តិ៍ត្រួតពិនិត្យនៅតាមព្រំដែន អោយនៅសល់យ៉ាងតិចបំផុតបើអាចធ្វើទៅបាន ក្នុងគោលដៅជួយសំរួលនិងពន្លឿនល្បឿននៃការនាំចេញទំនិញរបស់បណ្តាក្រុមហ៊ុនទាំងឡាយ ទៅកាន់ប្រទេសនៅក្នុងតំបន់៕
