We TV Cambodia

រាជ​រដ្ឋាភិបាល​តំរូវ​អោយ​ក្រុមហ៊ុនសំណង់ទាំងអស់ ត្រូវ​សង់កន្លែងស្នាក់នៅ​​សំរាប់​កម្មករ នៅ​ក្រៅ​ការដ្ឋាន​សំណង់

រាជ​រដ្ឋាភិបាល​តំរូវ​អោយ​ក្រុមហ៊ុនសំណង់ទាំងអស់ ត្រូវ​សង់កន្លែងស្នាក់នៅ​​សំរាប់​កម្មករ នៅ​ក្រៅ​ការដ្ឋាន​សំណង់
រូបថតៈ Facebook លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន

ដោយៈ ទិន សុខាវុធ

បន្ទាប់​ពី​ហេតុការណ៍​រលំ​អគារ​បាក់​សង្កត់​កម្មករ​សំណង់​ស្លាប់​អស់​ ៣៦ នាក់ និង​របួស ២៣ នាក់​​រួច​មក រាជ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​លោក ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​និង​សំណង់ បាន​ដាក់​ចេញ​នូវ​វិធានការ​ តំរូវ​អោយ​ក្រុមហ៊ុន​ម៉ៅការ​សំណង់​ទាំងអស់ ចាំបាច់​ត្រូវ​សង់​កន្លែង​ស្នាក់​នៅ​សំរាប់​កម្មករ​ នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​និង​សុខមាលភាព​គ្រប់គ្រាន់​​។ ហើយ​បើ​ក្រុមហ៊ុនណា​មួយ​មិន​គោរព​តាម​បទ​បញ្ជា​នេះ​ទេ​ ក្រសួង​របស់​លោក​នឹង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​។

បទ​បញ្ជា​ថ្មី​នេះ ​ត្រូវ​បាន​លោក​រដ្ឋ​មន្ត្រី​លើក​ឡើង​ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​នឹង​ក្រុមហ៊ុន​ម៉ៅការ​សំណង់​ប្រមាណ​ជា​ ១,០០០ នាក់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ​ជាក់ស្តែង លោក​រដ្ឋ​មន្ត្រី​បាន​សង្កត់​ធ្ងន់​ថា ក្រុមហ៊ុន​ម៉ៅការ​សំណង់​ទាំងអស់​ ​មិន​ត្រូវ​អនុញ្ញាត​អោយ​កម្មករ​ស្នាក់​នៅ​ក្នុង​អគារ​ដែល​ត្រូវ​បាន​និង​កំពុង​​សាងសង់​ឡើយ​។ ផ្ទុយ​ទៅវិញ​ ក្រុមហ៊ុន​ទាំងនោះ​ចាំបាច់​ត្រូវ​សាងសង់​កន្លែង​ស្នាក់នៅ​ប្រក​ប​ដោយ​សវត្ថិភាព​និង​ផាសុខភាព សំរាប់​កម្មករ​ដែល​កំពុង​បំពេញ​ការងារ​សាងសង់​។

លើស​ពី​នេះទៀត លោក​រដ្ឋមន្ត្រី​ក៏​បាន​ក្រើន​រំលឹក​ដល់​ក្រុមហ៊ុន​សាងសង់​ទាំងអស់​ផង​ដែរ​ថា រាល់​សំណង់​ទាំងឡាយចាំបាច់​ត្រូវ​គោរព​ទៅ​តាម​ស្តង់ដារ​បច្ចេកទេស ច្បាប់​ ​បទដ្ឋាន​​ និង​បណ្តា​ក្រមសីលធម៌​វិជ្ជាជីវៈ​ទាំងពួង​ទាក់ទង​នឹង​វិស័យ​សំណង់​​។ ហើយ​បើ​គ្មាន​ច្បាប់​អនុញ្ញាត​ទេ សំណង់​ទាំងឡាយ​នឹង​មិន​អាច​ត្រូវ​ឡើង​បាន​ឡើយ​៕

Related Articles