We TV Cambodia

 បទពិសោធន៍ ១៨ឆ្នាំ គាត់ប្រាប់ថា ដំណាំទំពាំងបាយជូរ ងាយស្រួលដាំ

 បទពិសោធន៍ ១៨ឆ្នាំ គាត់ប្រាប់ថា ដំណាំទំពាំងបាយជូរ ងាយស្រួលដាំ

បាត់ដំបង៖ ម្ចាស់កសិដ្ឋានចំការទំពាំងបាយជូ​រដ៏ធំ នៅស្រុកបាណន់ ខេត្ដបាត់ដំបង លោក ចាន់ ថៃឈឿង បានចែករំលែកបទពិសោធន៍គាត់ផ្ទាល់ ប្រាប់ទៅភ្នាក់ងារព័ត៌មានស្រុកឲ្យដឹងថា ឆ្លងកាត់បទពិសោធន៍ ជីវិតអស់រយៈពេលជាង ១៨ឆ្នាំ ជាមួយនឹងការដំាដុះ ដំណាំទំពាំងបាយជូនេះ គឺ មិនពិបាកដំនោះទេ ដំណាំនេះ ដោយហេតុដំណាំនេះវាមិន រើសប្រភេទដី និងមិនរើសអាកាសធាតុ ខណៈដែល កន្លងមក ប្រជាពលរដ្ឋជាច្រើន តែងតែយល់ច្រឡំអំពីវា។

ស្របពេលនឹងទីផ្សារបច្ចុប្បន្ន មានតម្រូវការច្រើន ទំពាំងបាយជូ ក៏អាចជាប្រភព នៃប្រាក់ចំណូលមួយផ្នែក ក្នុងការដោះស្រាយជីវភាពចំណាយប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀត ដំណាំប្រភេទនេះ ដូចជាមិនសូវពិបាកដាំនោះទេ បើផ្អែកតាមការបង្ហាញរបស់ លោក ចាន់ ថៃឈឿង។ លោក ចាន់ ឈឿង ក៏បាន បង្ហើប ពីបទពិសោធន៍ ពីរបៀបនៃការដាំដំណាំនេះខ្លះៗ​ដែរ ដែលជាគន្លឹះបង្ហាញទៅដល់ ប្រជាជន ដែលគាត់មានចំណាប់អារម្មណ៍ចង់សាកល្បង។ ខាងក្រោមជាគន្លឹះសំខាន់ៗ បង្ហាញពីដំណាក់​កាលនៃការដាំ៖

១.ការស្វែងយល់អំពីទីតាំងនៃការដាំ

-ដី ជាប្រភេទ​ដី​ទួល ដី​មិន​លិច​ទឹក ឬ​មិនជាំ​ទឹក​ និងដី​ដែល​គ្មាន​សត្វ​កណ្ដៀរ​រស់នៅ

-ទីតាំង បរិវេណ​ស្រឡះ ​មាន​ខ្យល់ និង​ពន្លឺ​ថ្ងៃគ្រប់គ្រាន់។

-ដី​ជ្រាបទឹកបានល្អ ដី​ធូរ​ខាងក្រោម​ដី​សំបូរ​ជាតិ​ផូស្វ័រ​

-បើ​ដី​ហាប់​ពេក ឬ​គ្មាន​ជាតិ​ផូស្វ័រ គេ​អាច​ដុត​ឆ្អឹង​គោ សំបកខ្យង ឬ​បាច​កំបោរ បង្កើន​ជាតិ ផូស្វ័រ​ទៅក្នុង​ដី​នោះ ដើម្បី​ឲ្យ​ដី​នោះ​ធូរ ​ទើប​អាច​ដាំ​ទំពាំងបាយជូរ​បានយូរ​ឆ្នាំ។

២.ការរៀបចំដី និងពេលវេលា សម្រាប់ដាំ

-រៀបចំដីសម្រាប់ដាំគឺក្នុងអំឡុង ​ខែវិច្ឆិកា ឬ​ខែធ្នូ

-ដី ត្រូវបានភ្ជួរ​ឲ្យ​បាន​ច្រើន​ដង  ជួយឲ្យ​ដី​កាន់តែ​សុះ​ល្អ

-ត្រូវរៀបចំ​ទ្រើងសម្រាប់ ​ទំពាំងបាយជូរ​វា​តោង​ឡើង ត្រូវរៀបចំប្រព័ន្ធទឹក សម្រាប់ស្រោចស្រពស្រង់ ដំណាំឲ្យបានគ្រប់គ្រាន់

៣.ស្វែងយល់ពីការធ្វើទ្រើង និងដាំ

-ទម្រង់ទ្រើងមានប្រវែង​ ​គឺ 1.90 m ​នៅ​ពីលើរងដំណាំ

-ជីករណ្ដៅសំរាប់ដាំកូនទំពាំងបាយជូរ ជម្រៅ ៣ តឹក និងទំហំ កន្លះម៉ែត្របួនជ្រុង។

-គំលាត​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ​ប្រវែង មួយម៉ែត្រ និង​ពី​រង​មួយ​ទៅ​រង​មួយទៀត ប្រវែង ២ ម៉ែត្រ។

៤.ការរៀបចំប្រព័ន្ធទឹក

-បន្ទាប់ពីដាំរួច​ គុម្ពនិមួយៗត្រូវធ្វើការបន្ដក់ទឹក ឲ្យបានគ្រប់គ្រាន់ ទៀតពេល រាល់ថ្ងៃ ដោយឡែក ទំពាំងបាយជូ គឺមិនត្រូវការ ការស្រោចទឹកច្រើន ដូចដំណាំងផ្សេងទេ​ វាត្រូវការ បន្ដក់ទឹកបន្ដិចៗ ឲ្យជាប់។ បរិមាណទឹកអាស្រ័យលើ ប្រភេទដី បើប្រភេទដីកណ្ដេង ត្រូវប្រើប្រាស់ទឹក ១០ លីតក្នុងមួយថ្ងៃ តែបើប្រភេទដីខ្សាច់គឺត្រូវការ ១៥លីត។

៥.របៀបនៃការដាំទំពាំងបាយជូរ

-ត្រូវជីករណ្ដៅសំរាប់ដាំកូនទំពាំងបាយជូរ ជំរៅ ៣០ សង់ទីម៉ែត្រ និងទំហំមុខកាត់ប្រវែង ៥០ សង់ទីម៉ែត្រ។

-រៀបចំ​បណ្ដាញទឹក​តាម​គល់ ឬ​គុម្ព​ដែល​បំរុង​ដាំ​កូន​ទំពាំងបាយជូរ​អោយបាន​គ្រប់​រណ្ដៅ។

៦.របៀបនៃការដាក់ជី

-ប្រើប្រាស់ជីធម្មជាតិ ​ជី​លាមក​សត្វ (​បើ​មាន​អាចម៍​ប្រចៀវ​កាន់តែ ប្រសើ​) យកមកលាយជាមួយដីក្នុងរណ្ដៅ ឲ្យសព្វ រួចចាំយកកូនទំពាំងបាយជូមកដាំ។

-ត្រូវប្រើពេល១សប្ដាហ៍ក្រោយការដាំ ដើម្បីឲ្យកូនទំពាំងបាយដុះឡើងមកបែកមែក រួចត្រូវគ្រាវដើមវាចេញ។

៧.របៀបនៃការគ្រៀវដើម កាត់ស្លឹក

-ការគ្រាវដើមមានន័យថា ពេលដើមវាដុះចេញប្រវែងជា​៧តឹកហើយ ត្រូវសង្កេតមើលថា ដើមវា មានមែកត្រួយចុះចេញ ច្រើនគឺត្រូវកាត់ចេញខ្លះ ទុកតែមែកដែលមានសុខភាពល្អ នឹងរឹមាំ។​

 ៨.ការប្រមូលផល

-ការប្រមូលផល ដំណាំទំពាំងបាយជូរ អាចប្រើពេល ប្រហែល ពី៨ ទៅ៩ ខែអាចចេញផ្កា ចេញផ្លែ ទៅតាម ទម្រង់មែក។ ការលូតលាស់ស្លឹក ត្រូវចាប់អារម្មណ៍មើលស្លឹកចាស់ ហើយកាត់វាចោល​ព្រោះវា នឹងធ្វើឲ្យប៉ះពាល់ ដល់ស្លឹកថ្មី។

-ការប្រមូលផល ទំពាំងបាយជូរ អាចផ្ដល់ផល ឲ្យយើង១គុម្ព ប្រមាណជា៣គីឡូក្រាម។

អត្ថបទដោយ៖ អឿ អ៊ុយ

ប្រភព៖ ក្នុងស្រុក

Related Articles