We TV Cambodia

បណ្ណាល័យ អេឡិចត្រូនិច«គំនិត» បង្កើតឡើងសម្រាប់ រួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់សេដ្ឋកិច្ចសង្គមជាតិ

បណ្ណាល័យ អេឡិចត្រូនិច«គំនិត» បង្កើតឡើងសម្រាប់ រួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់សេដ្ឋកិច្ចសង្គមជាតិ
ប្រភព៖ freshnews

ដោយ៖ស្រីពេជ្រ

ភ្នំពេញ៖ កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២០ កន្លងទៅនេះ កម្មវិធី Morbile App «គំនិត» ឬហៅថា បណ្ណាល័យ អេឡិចត្រូនិច បានសម្ពោធជាផ្លូវការ ដើម្បីជាចំណែកមួយចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស និង ជាកន្លែងផ្ទុកឯកសារដែលអ្នកសិក្សាទូទៅអាចស្រាវជ្រាវបាន។

បណ្ណាល័យ Electronic ដែលអ្នកគ្រប់គ្នាអាចអានបានគ្រប់ទីកន្លែង និងមានជម្រើសច្រើនសម្បូរបែប មានឯកសារគ្រប់ប្រភេទ ដែលអ្នកអានអាចស្វែងរកបាននូវព័ត៌មាន និងមេរៀនល្អៗ ប្រកបដោយភាពសំរិតសំរាំង សម្រាប់យកមកអាន ដើម្បីបង្កើននូវចំណេះដឹង តាមរយៈ Smart phone បានដាក់ឲ្យដំណើរការជាផ្លូវការ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ។

លោក ជា ឌីណា ស្ថាបនិកក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD ថ្លែងក្នុងពិធីសម្ពោធបណ្ណាល័យនេះ បានឲ្យដឹងថា ការបង្កើត App ថ្មីនេះឡើង ដោយសារតែលោក មើលឃើញពីអត្ថប្រយោជន៍ នៃវិស័យបច្ចេកវិទ្យា ដែលបាននឹងកំពុងក្លាយទៅជាចលករ មួយប្រកបដោយប្រសិទ្ធិភាព ដល់ការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់ សេដ្ឋកិច្ចសង្គមជាតិ។

លោក ជា ឌីណា បានបន្ដទៀតថា៖« ស្ថិតនៅក្នុងតំណាក់កាល ដែលប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ ហើយបាននឹងកំពុងមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ វិស័យបច្ចេកវិទ្យា ក៏មានការរីកចម្រើនយ៉ាងខ្លាំង និងបានដើរតួនាទីយ៉ាងសកម្ម ដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារ នៅតាមបណ្តាក្រសួងស្ថាប័នអង្គភាព អាជីវកម្មព្រមទាំងអាជីវករទូទៅផងដែរ»។

ស្ថាបនិកក្រុមហ៊ុន រូបនេះ បានឲ្យដឹងទៀតថា គោលបំណងធំ​​ ៣ ក្នុងការបង្កើតឡើងនៅ App ថ្មីមួយនេះគឺ៖

១)ដើម្បីជំរុញ និងលើកទឹកចិត្ត បំផុសបំផុលឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសសិស្ស និស្សិត យុវជន ក៏ដូចជាសហគ្រិនទូទៅផងដែរ ឲ្យពួកគាត់ចាប់ផ្តើមស្រលាញ់ការអាន ស្រលាញ់ការអភិវឌ្ឍន៍ខ្លួន តាមរយៈការអាន ឬមើលសៀវភៅតាមលក្ខណៈ Digital book ព្រោះវាជួយផ្តល់នូវភាពងាយស្រួល ទៅដល់អ្នកអានទូទៅ ដើម្បីឲ្យពួកគាត់អាចស្រាវជ្រាវ សិក្សារៀនសូត្របានគ្រប់ពេលវេលា និងគ្របទីកន្លែង។

២) ដើម្បីលើកស្ទួយ ស្នាដៃអ្នកនិពន្ធក្នុងស្រុក ឲ្យពួកគាត់ មានប្រភពចំណូលមួយផ្នែកទៀត តាមរយៈការដាក់លក់ សៀវភៅរបស់ពួកគាត់ នៅក្នុង App មួយនេះ លើសពីនេះទៅទៀត យើងនឹងធ្វើការផ្សព្វផ្សាយ ដើម្បីឲ្យពួកគាត់មានភាពល្បីល្បាយ ទៅសាកលលោក។

៣) ដើម្បីចូលរួមជាផ្នែកមួយ ក្នុងការអភិវឌ្ឍន៍វិស័យអប់រំបែប Digital និងចូលរូមអភិវឌ្ឍន៍ធនធានមនុស្សប្រទេសកម្ពុជា យើងឲ្យកាន់តែមានភាពល្អប្រសើរឡើង ថែមមួយកម្រិតទៀត។

សូមបញ្ជាក់ថា Mobile App ថ្មីមួយនេះ ត្រូវបានដាក់ឲ្យមានប្រត្តិបត្តិការ នៅក្នុងប្រព័ន្ធ IOS និង Android ដែលគ្រប់គ្នាអាចធ្វើការ Download បានចាប់ពីពេលនេះតទៅ៕

ប្រភព៖ FreshNews

Related Articles