រូបភាពឯកសារ
ដើម្បីធ្វើការទប់ស្កាត់ ការពានឹងការរីករាលដាលពី មេរោគកូវីដ១៩ ទើបតែពង្រីកខ្លួន នៅកម្ពុជា រដ្ឋាភិបាលក៏បាន ចេញសេចក្ដីសម្រេច ប្រកាសបិទ អាជីវកម្មកម្សាន្ដបណ្ដោះអាសន្ន មានដូចជា អាជីវកម្មការ៉ាអូខេ រោងកុន ក្លឹបរាត្រី និងព្រឹតិការណ៍ជួបជុំសាធារណៈផ្សេងទៀត ដោយឡែកនៅឡើយតែប្រភេទអាជីវកម្មបែប អាហារដ្ឋានតែប៉ុណ្ណោះ។
តាមបណ្ដាភោជនីយដ្ឋាន ឬអាហារដ្ឋានជាច្រើន ក្នុងតំបន់គោលដៅ ដែលជាពិសេស ក្នុងរាជធានីភ្នំពេញ និង សៀមរាប កំពុងតែផ្លាស់ប្ដូរឥរិយាបទជាបណ្ដើរៗហើយ លើសេវាកម្មរបស់ខ្លួន ដោយផ្នែកលើស្ថានភាពភ្ញៀវ។ ជាក់ស្ដែងអាជីវកម្មនេះ ក្នុងអំឡុងពេលបច្ចុប្បន្ន នៅដំណើរ ធម្មតា ប៉ុន្ដែសេវាកម្មត្រូវបានផ្លាស់ប្ដូរ ដោយមានទំនោរលើការ ដឹកជញ្ជូន ដល់ទីកន្លែង លែងតម្រូវឲ្យអតិថិជនមកដល់ហាងផ្ទាល់។
អាហារដ្ឋានអ៊ីតាលីមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញឈ្មោះ The Godfather Restaurant Pizza & Pasta បានបង្ហោះសារផ្ញើរទៅកាន់ អតិថិជនរបស់ខ្លួន តាមរយៈផេកហ្វេសប៊ុក ថា ” អតិថិជនជាទីស្រឡាញ់ដោយសារតែការរីករាលដាលនៃជំងឺកូរ៉ូណា ដើម្បីរក្សាសុវត្ថិភាពរបស់អ្នកទាំងអស់គ្នា យើងសូមជម្រាបជូនដំណឹង ថាចាប់ពីថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២០ ភោជនីយដ្ឋានរបស់យើងនឹងឈប់បំរើការនៅក្នុងហាងហើយ ប៉ុន្ដែទន្ទឹមនឹងនេះ យើងចាប់ផ្តើមលក់ជាមួយនឹងការដឹកជញ្ជូនក្នុងតម្លៃដ៏គួរឱ្យទាក់ទាញ” ។
ដោយឡែកអាហារដ្ឋាន ហ្វីលីពីនមួយកន្លែងទៀត ឈ្មោះ Bistro Manila ដែលទើបតែបង្កើតនៅភ្នំពេញ បានប្រកាសពី គោលជំហររបស់ខ្លួន ដោយផ្ដោតសំខាន់លើការពង្រឹងផ្នែកសុវត្ថិភាព ទាំងផ្នែកខាងក្នុង(បុគ្គលិក) និងផ្នែកខាងក្រៅ(ភ្ញៀវ)។ បុគ្គលិកក្នុងហាង ត្រូវអនុវត្ដបន្ថែម ពង្រឹងផ្នែកអនាម័យកាន់តែខ្ពស់ ដែលធានាឲ្យបាននូវ ទីតាំងប្រកបដោយសុវត្ថិភាព នឹងផ្ដល់ទំនុកចិត្ដដល់ភ្ញៀវ។
តែយ៉ាងណាក៏ដោយ ក៏នៅមានអាហារដ្ឋានមួយចំនួនតូចត្រូវបានបិទទ្វារទាំងស្រុង ទាំងបណ្ដាខេត្ដ និងរាជធានី ខណៈដែលអាជិវកម្មរបស់ពួកគេ មានភាពធ្លាក់ចុះអតិថិជន។
គូសបញ្ជាក់ផងដែរថាមកទល់ពេលនេះកម្ពុជា មានករណីផ្ទុកមេរោគ កូវីដ១៩ ចំនួន៣៧នាក់ហើយ។