We TV Cambodia

បញ្ហាធំៗ ២ ធ្វើឲ្យគម្រោងនាំអង្ករចេញឲ្យបាន ៨០ម៉ឺនតោនក្នុងឆ្នាំនេះត្រូវបរាជ័យ

បញ្ហាធំៗ ២ ធ្វើឲ្យគម្រោងនាំអង្ករចេញឲ្យបាន ៨០ម៉ឺនតោនក្នុងឆ្នាំនេះត្រូវបរាជ័យ

សហព័ន្ធស្រូវអង្ករកម្ពុជាធ្លាប់បានប្រកាសពីគម្រោងនាំចេញអង្ករឲ្យបាន ៨០ម៉ឺនតោនក្នុងឆ្នាំ២០២០នេះ ប៉ុន្តែគម្រោងនេះត្រូវបានបរាជ័យ ដោយសារតែបញ្ហាធំៗ ២ បានកើតឡើងក្នុងឆ្នាំនេះ ដែលធ្វើឲ្យប៉ះពាល់ដល់ការនាំអង្ករចេញ រួមនឹងការធ្វើពាណិជ្ជកម្មផ្សេងៗទៀតផងដែរ។

១, វិបត្តិកូវីដ១៩៖ ជំងឺកូវីដ១៩ ចាប់ផ្ដើមផ្ទុះឡើងកាលពីចុងខែមករា និងបានបន្តរហូតមកទល់ពេលនេះ ហើយក្នុងកំឡុងពេលរីករាលដាលប្រមាណ ១០ខែមកនេះ ពិភពលោកទាំងមូលស្ទើរតែត្រូវបានកាត់ផ្ដាច់ ពោលការទំនាក់ទំនង់ដោយផ្ទាល់ និងការធ្វើពាណិជ្ជកម្មមួយចំនួនត្រូវជួបបញ្ហា ធ្វើការនាំអង្ករចេញរបស់កម្ពុជាមិនអាចទៅមុខបានដោយរលូន។ មិនតែរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចផ្អាកនាំអង្ករចេញមួយរយៈផងដែរ ដើម្បីទុកអង្ករបំពេញតម្រូវការក្នុងស្រុកក្នុងកំឡុងការរីករាលដាលកូវីដ១៩។

២, គ្រោះទឹកជំនន់៖ កាលពីខែមុន ទឹកជំនន់បានវាយប្រហារយ៉ាងខ្លាំងមកលើប្រទេសកម្ពុជា ពិសេសខេត្តធំៗមួយចំនួនដែលជាឈានមុខគេក្នុងការផលិតអង្ករដូចជា ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តកំពតជាដើម ដែលធ្វើឲ្យដីស្រែកចំការរបស់ប្រជាពលរដ្ឋលិចលង់គ្មានសល់ ហើយដំណាំស្រូវក៏រងការខូចខាតធ្ងន់ធ្ងរផងដែរ។ មួយវិញទៀត ចំនួនស្រូវសើមក៏បានកើនឡើងយ៉ាងគំហុក ដែលធ្វើឲ្យបាត់បង់គុណសម្រាប់ការនាំចេញ។

សូមជម្រាបថា ក្នុងរយៈពេល១០ ខែក្នុងឆ្នាំ២០២០នេះ ពោលគិតត្រឹមខែតុលា កម្ពុជានាំអង្ករចេញបានប្រមាណ ៥៣៦,០៣៥តោន កើនឡើង១៧,១១% ដែលគិតជាទឹកប្រាក់មានចំនួន ៣៦៦,៤៤លានដុល្លារ កើនឡើង ១៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថា ក្នុងឆ្នាំ២០២០នេះ កម្ពុជាអាចសម្រេចការនាំចេញអង្ករក្នុងរង្វង់ប្រមាណ ៧០ម៉ឺនតោនប៉ុណ្ណោះ។

អត្ថបទដោយ៖ Nevin

Related Articles