We TV Cambodia

បច្ចេកទេស ៦ចំណុច ជួយឲ្យការចិញ្ចឹមឃ្មុំកាន់តែមានប្រសិទ្ធភាព និងបានផលខ្ពស់

បច្ចេកទេស ៦ចំណុច ជួយឲ្យការចិញ្ចឹមឃ្មុំកាន់តែមានប្រសិទ្ធភាព និងបានផលខ្ពស់

របរចិញ្ចឹមឃ្មុំ ជារបរមួយកំពុងពេញនិយមនៅប្រទេសដែលមានការរីកចម្រើនលើវិស័យកសិកម្ម ដូចជាប្រទេសវៀតណាម និងថៃជាដើម។ ប៉ុន្តែបច្ចុប្បន្នការចិញ្ចឹមឃ្មុំ ក៏កំពុងចាប់រីកដុះដាលនៅកម្ពុជាយើងផងដែរ ដោយប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួនកំពុងចាប់យករបរនេះ។ ទោះយ៉ាងណា សម្រាប់អ្នកដែលទើបនឹងចាប់ផ្ដើមចិញ្ចឹមឃ្មុំ ថ្ងៃនេះ We TV Cambodia នឹងចែករំឡែកបច្ចេកទេសខ្លះៗនៃការចិញ្ចឹមឃ្មុំស្រុក (Apis Cerana)៖

១, បច្ចេកទេស និងការជ្រើសរើសពូជ៖ អ្នកត្រូវសិក្សាឲ្យបានច្បាស់ពីការចិញ្ចឹមឃ្មុំ ទាំងទ្រឹស្ដី និងការអនុវត្ត ហើយក៏ត្រូវធ្វើការជាប់ជាប្រចាំជាមួយអ្នកបច្ចេកទេសខាងចិញ្ចឹមឃ្មុំផងដែរ។ ចំណែកការរើសពូជ អ្នកត្រូវរើសពូជណាដែលល្អ និងអាចទិញពីកសិដ្ឋានចិញ្ចឹមឃ្មុំណា ដែលមានបទពិសោធន៍ជោគជ័យលើការចិញ្ចឹមឃ្មុំរួចទៅហើយ។

២, ត្រៀមសំបុកឃ្មុំសម្រាប់រដូវប្រមូលផល៖ អ្នកត្រូវជំរុញឲ្យឃ្មុំសង់ផ្លិតថ្មី ដើម្បីបន្ថែមកន្លែងផ្ទុកពង និងផ្ទុកទឹកឃ្មុំ ហើយនៅរដូវផ្ការីកត្រូវឲ្យចំណី ៣ ទៅ ៤ដង (ទឹកស្ករអត្រា ១:១) ដើម្បីរំញោចឲ្យស្ដេចពងច្រើន និងឃ្មុំកម្មករធ្វើការខ្លាំង បន្ទាប់មកដកផ្លិតខ្លះពីសំបុកដែលមានផ្លិតច្រើន ឃ្មុំខ្លាំងគ្មានជំងឺ មកបន្ថែមឲ្យសំបុកខ្សោយ។

៣, ការបង្កើតស្ដេចល្អសម្រាប់ហ្វូងឃ្មុំ៖ ដើម្បីបានសម្ដេចឃ្មុំល្អ អ្នកត្រូវបង្កើតស្ដេចពីសំបុកដែលមានទិន្នផលខ្ពស់ខ្លាំង មានកូនច្រើន ស្លូត និងគ្មានជំងឺ រួចដាក់ស្ដេចក្នុងសំបុកខ្លាំងជំនួសស្ដេចក្នុងសំបុកខ្សោយ។

៤, ការបំបែកសំបុក៖ ការបំបែកសំបុកចែកជា២ គឹការបំបែកសំបុកនៅនឹងកន្លែង ដោយអ្នកត្រូវបំបែកចំនួនបង្គងឃ្មុំជាពីរផ្នែក ដោយដាក់ចូលធុង២ ផ្សេងគ្នា។ ចំណែកការបំបែកសំបុកផ្លាស់ទី គឺអ្នកត្រូវផ្ដាច់សំបុកដូចខាងលើ ប៉ុន្តែត្រូវយកធុងទាំង២ ដាក់ឲ្យឆ្ងាយពីគ្នាយ៉ាងតិច ១,៥គីឡូម៉ែត្រ។

៥, ជ្រើសរើសទីតាំងសម្រាប់ចិញ្ចឹម៖ អ្នកត្រូវដាក់នៅក្បែរប្រភពទឹកដមផ្កា និងលំអងទីស្ងប់ស្ងាត់ មានម្លប់ត្រជាក់ ឆ្ងាយពីបឹងធំៗ និងត្រូវប្រយ័ត្នសត្រូវឃ្មុំដូចជា គីងគក់ ស្រមោច និងជីងចក់ជាដើម។

៦, ការពារឃ្មុំចាកចោលសំបុក៖ ដើម្បីកុំឲ្យឃ្មុំចាកចោលសំបុកអ្នកត្រូវទប់ស្កាត់រឿងទាំងនេះដូចជា ខ្វះចំណី ជំងឺនិងសត្រូវយាយី ផ្លិតឃ្មុំខាស់ពេក ទីតាំងមិនល្អ (កន្លែងក្ដៅ, មានសម្លេងអ៊ូអរ និងមានមនុស្សដើរកាត់ច្រើន)។

អត្ថបទដោយ៖ Nevin

Related Articles