We TV Cambodia

បច្ចេកទេសដាំផ្សិតសរីរាង្គក្នុងម៉ាស៊ីនត្រជាក់ ផ្ដល់ផលច្រើនដល់កសិករ

បច្ចេកទេសដាំផ្សិតសរីរាង្គក្នុងម៉ាស៊ីនត្រជាក់ ផ្ដល់ផលច្រើនដល់កសិករ

​បច្ចេកទេសដាំផ្សិតសរីរាង្គក្នុងម៉ាសីនត្រជាក់ កំពុងផ្ដល់ផលយ៉ាងច្រើនដល់កសិករ ដោយសារមានប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រង និងសម្លាប់មេរោគបានល្អ ពិសេសមានសុវត្ថិភាពចំពោះអ្នកបរិភោគ។

កសិដ្ឋានដាំផ្សិតសរីរាង្គក្នុងម៉ាស៊ីនត្រជាក់ (ប្រភព៖ ក្រសួងព័ត៌មាន)

លោក ស៊ីម សុផល្លា កសិករដាំផ្សិតអំបោះក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឲ្យដឹងថា ដំណាំផ្សិតសរីរាង្គនេះមានលក្ខណៈស្រដៀងទៅនឹងផ្សិតដែលកសិករដាំទូទៅដែរ ប៉ុន្តែត្រូវបានជ្រើសរើសនូវពូជថ្មីម្យ៉ាង គឺជាផ្សិតអំបោះពូជអយស្ទ័រ មានពណ៌សនិងពណ៌ក្រម៉ៅ ដែលដាំនៅក្នុងរោង មានបំពាក់នូវប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវតាមស្តង់ដារថ្មីទំនើប ។

កសិដ្ឋានដាំផ្សិតសរីរាង្គក្នុងម៉ាស៊ីនត្រជាក់ (ប្រភព៖ ក្រសួងព័ត៌មាន)

លោកបានបន្តថា វិធីសាស្រ្តក្នុងការដាំផ្សិតនេះ ជំហានទី១ គឺជ្រើសរើសយកចំបើងទៅចំហុយរួចសម្ងួត, ជំហានទី២ គឺវេចខ្ចប់ដាក់ក្នុងធុងជាមួយពូជមេផ្សិតរួចយកទៅបន្ទំ ដែលគ្រប់គ្រងក្នុងបរិស្ថានស្អាតបំផុត និងជំហានចុងក្រោយ គឺយកទៅរៀបបញ្ចូលនៅក្នុងរោង ដែលមានរៀបចំដោយម៉ាស៊ីនត្រជាក់ ប្រពន្ធ័គ្រប់គ្រងស្វ័យប្រវត្តិ ប្រព័ន្ធទឹក និងប្រពន្ធ័សម្លាប់មេរោគ ។

លោក​បញ្ជាក់ថា​ យើងជ្រើសរើសយកការដាំដុះបែបនេះនៅក្នុងបរិស្ថាន ដែលមានការគ្រប់គ្រងដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធមីស ដោយប្រព័ន្ធអូហ្សូនសម្លាប់មេរោគ។ គោលដៅរបស់យើងទីមួយ គឺចង់ឱ្យផ្សិតនេះមានគុណភាព និយាយរួមទៅផ្សិតនេះមានទាំង សម្រស់និងគុណភាព ហើយជាផ្សិតសុខភាពដោយមិនមានប្រើសារធាតុគីមីផ្សេងៗ ដែលយើងដាំបានទៅតាមបច្ចេកទេសថ្មីទំនើប ។

កសិដ្ឋានដាំផ្សិតសរីរាង្គក្នុងម៉ាស៊ីនត្រជាក់ (ប្រភព៖ ក្រសួងព័ត៌មាន)

សូមជម្រាបថា រោងបណ្តុះផ្សិតនេះមានចំនួន ២០០ធុង ដែលក្នុង ១ធុងៗ អាចប្រមូលផលបានប្រមាណ ២២គីឡូក្រាម ហើយដាំម្តងអាចប្រមូលផលបានក្នុងរយះពេល៣ខែ ទើបដាំជាថ្មីទៀត៕

អត្ថបទដោយ៖ Nevin

Related Articles