We TV Cambodia

 បង្កងធម្មជាតិក្នុងស្រុកនៅតែជាតម្រូវការ ខណៈបង្កងលើទីផ្សារកំពុងតែសម្បូរចាក់គ

 បង្កងធម្មជាតិក្នុងស្រុកនៅតែជាតម្រូវការ ខណៈបង្កងលើទីផ្សារកំពុងតែសម្បូរចាក់គ

ភ្នំពេញ៖ ទីផ្សារ​បច្ចុប្បន្ន គិតត្រឹមតែក្នុងទីក្រុងភ្នំពេញ គេសង្កេតឃើញថា បង្កងដូចជាមានលក្ខណៈសំបូរ នៅតាមទីផ្សារចែកចាយ មិនថាផ្សារតូច ផ្សារធំ ឬហាងនានានោះទេ។ ប្រជាជនអាចរកទិញបាន តាមតម្រូវការ ទាំងតម្លៃ ទាំងគុណភាព និងទម្រង់។ ប៉ុន្ដែបើទោះបីជាវាមានលក្ខណៈទីផ្សារទូលំទូលាយ ចំពោះអតិថិជនក្នុងទីក្រុងក៏ពិតមែន តែពួកគាត់នៅតែមានចំនុច​ក្រែងរអា នឹងការជាវបង្កងទាំងនោះមកទទួល​ទាន ដោយហេតុបើគាត់នៅតែគិតទៅដល់ប្រភព នៃការនាំចូល និងការគិតក្រែងទៅដល់បញ្ហាសុខភាព។

បង្កងលើទីផ្សារលក់រាយបច្ចុប្បន្ន​ភាគច្រើន ត្រូវបានគេមើលឃើញថា ជាប្រភេទបង្កងនាំចូលពីប្រទេសជិតខាង ឬក៏ជាប្រភេទបង្កងកសិដ្ឋានក្នុងស្រុកដែលនាំចូលពីបណ្ដាខេត្ដផ្សេងៗ អ្នកទទួលទានអាចរកទិញបាន ត្រឹមតម្លៃចាប់ពី ជាង ២ម៉ឺនរៀលឡើង រហូតដល់ ៤ម៉ឺនរៀលក្នុងមួយគីឡូ អាស្រ័យលើទំហំលេខ និងគុណភាពសាច់បង្កង។

អ្នកស្រី យ៉ា វ័យប្រមាណជា ៤០ឆ្នាំ ជួបសម្ភាសន៍ដោយចៃដន្យនៅផ្សារព្រែកព្នៅ ខណៈដែលអ្នក​ស្រីកំពុងតែរើសទិញបង្កង សម្រាប់ធ្វើម្ហូបជួបជុំគ្រួសារគាត់ គាត់បានប្រាប់ថា រាល់ថ្ងៃ គាត់មិនសូវដឹង​ទេ ថាបង្កងដែលគាត់ទិញនេះ មានប្រភពពីណា តែគាត់គ្រាន់តែដឹងខ្លះថា មិនមែនជាបង្កង ធម្មជាតិនោះទេ។ កន្លងមកគាត់ក៏មិនសូវជាញ៉ាំដែរ យូៗម្ដង ពេលជួបជុំគ្រួសារ ខែបុណ្យទាន។ កាលពីមុន​បង្កងលើទីផ្សារ ដូចជាមិនសូវសម្បូរចឹងទេ ភាគច្រើន ឃើញតែគេយកមកលក់ ជាកញ្ច្រែង ល្អី បន្ដិចបន្ដូច តែឥលូវច្រើនណាស់ ចាក់គរ ហើយតម្លៃក៏ធូថ្លៃដែរ។

បង្កងនាំចូល បើទោះបីជាមានលក្ខណៈសម្បូរ ស្ទើតែគ្រប់ទីផ្សារចែកចាយក៏ពិតមែន តែចំនុចដែលមើល​ឃើញនោះគឺ តម្រូវការនៅតែមាន ទោះមានរាប់រយគីឡូ ក៏នៅមិនសល់ដែរ។

ងាកមកចាប់អារម្មណ៍បង្កងបែបធម្មជាតិវិញ។ អ្នកអាចរកទិញបានប្រភេទបង្កងធម្មជាតិបាននៅទីណា?

ទិន្នផលដែននេសាទ លើប្រភេទអាហារមួយនេះ មានលក្ខណៈធ្លាក់ចុះណាស់ ធ្វើឲ្យប៉ះពាល់ដល់ ទីផ្សារចែក​ចាយ មិនអាចបំពេញបាន។ បច្ចុប្បន្នតាមការមើលឃើញថា ប្រជាជន មិនថា នៅទីក្រុង ឬទីជនបទនោះទេ​ ដែលនៅតែចង់ទទួលទានប្រភេទអាហារបង្កងបែបធម្មជាតិ តែងងាកមក មើលលើ​ទីផ្សារកម្ម៉ងតាមអនឡាញទៅវិញ។ ទីផ្សារបង្កងអនឡាញ ទំនងជាអាចទាញនូវចំណាប់អារម្មណ៍បាន​ច្រើន ជាមួយសេវាផ្គត់ផ្គង់២៥ខេត្ដក្រុង ក្រោមទីផ្សារតម្រូវការបង្កងបែបធម្មជាតិ។ ទីផ្សារបង្កងធម្មជាតិ​អនឡាញ បានបង្អួតបង្ហាញខ្លួនជាមួយនឹងការបង្ហោះរូបភាពជាច្រើនសន្លឹក វីដេអូជាមួយនឹងការធ្វើនេសាទពិតៗ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការកម្ម៉ង់ច្រើន រហូតពេលខ្លះមិនមាន បង្កងលក់គ្រប់ផង ចំណែកតម្លៃវិញ ក៏អាចឈានដល់១ គីឡូជាង ៦ម៉ឺន ឬហូតទៅដល់ ជាង១០ម៉ឺនរៀលផងដែរ។

គូសបញ្ជាក់ផងដែរថា បង្កងធម្មជាតិក៏មិនមែនមានតែការកម្ម៉ង់អនឡាញទេ តែក៏មានលក់លើផ្សារផងដែរ​ តែមានលក្ខណៈមិនច្រើន។ ហើយបន្ថែមពីនេះ បង្កងធម្មជាតិ គឺសំដៅលើប្រភេទបង្កងដែល ត្រូវបានគេនេសាទផ្ទាល់ មិនសំដៅលើបង្កងដែលចិញ្ចឹម បែបផ្សេងៗនោះទេ។

ដោយ៖ អឿ អ៊ុយ

ប្រភពរូបភាព៖ ហ្វេសប៊ុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *