We TV Cambodia

នំអន្សម និងទំនៀមទម្លាប់ខ្មែរ

នំអន្សម និងទំនៀមទម្លាប់ខ្មែរ

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

(រូបភាព នំអន្សម ប្រភពFB )

នំអន្សម ជានំមួយប្រភេទដែលប្រជាជនខ្មែរយើង តែងនិយមធ្វើនៅតាមឱកាសនានា ដូចជាពិធីបុណ្យភ្ជុំបិណ្ឌ ពិធីមង្គលការ ពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យទាននានាទៀត ដែលអ្នកស្រុកអ្នកភូមិនិយមទៅតាមតំបន់រៀងៗខ្លួន។

បើនិយាចូលដល់ពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋខ្មែរយើងចំណាំតែវេចនំអន្សមមុនថ្ងៃភ្ជុំបិណ្ឌ ឬក៏ចំថ្ងៃភ្ជុំធំតែម្ដង ពោលគឺទៅតាមទម្លាប់ប្រចាំគ្រួសារនិមួយៗដូច្នេះដែរ។

មែនទែនទៅ «នំអន្សម» មានដើមកំណើតតាំងពីបរមបុរាណកាលមក ក្នុងប្រវត្តិនំប្រពៃណីខ្មែរ និងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យ ប្រពៃណីខ្មែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត។ ការដែលយកនំទាំងអស់នេះទៅវត្តនៅថ្ងៃភ្ជុំបិណ្ឌមកពីបុណ្យនេះក៏ដូចជា បុណ្យផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនាផងដែរ។

បើយោងតាម វចនានុក្រមសម្ដេចសង្ឃ ជួន ណាតបានឱ្យនិយមន័យថា«អន្សម» ជាឈ្មោះនំមួយប្រភេទ​ ផ្សំឡើងជាមួយអង្ករដំណើប ខ្ចប់ដោយស្លឹកចេកស្រស់ មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។ អន្សម មានច្រើនប្រភេទគឺ អន្សមចេក អន្សមជ្រូក អន្សមដូង អន្សមដាក់ខ្ទិះដូង ឬសាច់ដូងទុំកោសលាយផង និង អន្សមអាំងជាដើម។

ទន្ទឹមនឹងនេះ បើយោងតាម ឯកសារមួយចំនួនបានឲ្យដឹងថា មូលហេតុនាំឲ្យមានការវេចនំអន្សម តាមជំនឿសាសនា នាសម័យព្រះបាទជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់ និងសម្ភារភាគច្រើនតែមានទំនាក់ទំនងនឹងសាសនា តួយ៉ាងនំអន្សមនេះជាដើម។

ក្នុងសាសនាព្រាហ្មណ៍នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឲ្យយោនី នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ។ ម៉្លោះហើយទើបយើងតែងតែឃើញនំប្រភេទនេះក្នុងពិធីបុណ្យទាន អមជាមួយនឹង «នំគម» ដែលជានំប្រពៃណីខ្មែរផងដែរ។

ជាការពិតណាស់ ដូចដែលយើងបានឃើញស្រាប់ហើយ ដោយសារជំនឿសាសនាព្រាហ្មណ៍ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរគ្រប់គ្នាទៅហើយនោះ (បើតាមសាសនាព្រះពុទ្ធ ពុំមានយកនំទៅបោះបាច ឬ សែនដូច្នេះទេ មានតែសាសនាព្រាហ្មណ៍តែមួយប៉ុណ្ណោះ) ទើបខ្មែរយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ទាំងនេះទៅប្រគេនព្រះសង្ឃវិញ ដែលធ្វើឲ្យសាសនាទាំងពីរលាយឡំគ្នាដូចយើងឃើញសព្វថ្ងៃនេះ៕

 

 

Related Articles