
នៅចុងឆ្នាំ២០២១នេះ កម្ពុជានឹងមានកសិដ្ឋានចិញ្ចឹមគោ ដែលមានសមត្ថភាពផលិតទឹកដោះគោស្រស់បានប្រមាណ ១ម៉ឺនលីត្រក្នុងមួយថ្ងៃ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។

លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd. បានឲ្យដឹងថា កសិដ្ឋានរបស់លោកបាននាំសត្វគោលំដាប់ពិភពលោកប្រភេទ Holstein heifers ចំនួន ៥៥០ក្បាល ពីប្រទេសអូស្រ្តាលីមកកាន់កម្ពុជា ដើម្បីចិញ្ចឹមយកទឹកដោះសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេស។

លោកបន្តថា ទឹកដោះគោស្រស់ដែលចេញពីកសិដ្ឋានរបស់លោក គឺសុទ្ធ និងមានគុណភាពល្អ ហើយលោកជឿជាក់ថា នឹងអាចប្រកួតប្រជែងនៅលើទីផ្សារបាន ដោយពឹងទៅលើទំនើបកម្មនៃម៉ាស៊ីន និងភាពស្រស់របស់ទឹកដោះគោ។ មួយវិញទៀត ទឹកដោះគោសុទ្ធគឺទុកបានរយៈពេលខ្លី ប្រហែល ២ ទៅ ៣សប្តាហ៍ប៉ុណ្ណោះនៅលើទីផ្សារ ដោយទុកក្នុងសីតុណ្ហភាព ៤អង្សាសេ ហើយចំពោះទឹកដោះគោដែលនាំចូលពីក្រៅប្រទេស ត្រូវការចំណាយពេលដឹកទម្រាំមកដល់ភ្នំពេញ ហើយការក្លាសេក្នុងពេលដឹកជញ្ជូនក៏មិនសូវល្អផងដែរ ដែលធ្វើឲ្យប៉ះពាល់ដល់គុណភាពទឹកដោះគោ។

លើសពីនេះទៅទៀត ទឹកដោះគោរបស់យើង គឺនៅត្រឹមភ្នំតាម៉ៅ ដោយត្រូវការពេលតែ ១ម៉ោង ទៅ ១ម៉ោងជាងនឹងដល់ភ្នំពេញហើយ អញ្ចឹងភាពស្រស់ និងភាពសុទ្ធរបស់យើង បូករួមទាំងបច្ចេកទេសទំនើបនៃម៉ាស៊ីនទៀត យើងជឿថា ផលិតផលរបស់យើងនឹងស្រស់ នឹងសុទ្ធ ដែលជាកត្តាមួយអាចប្រកួតប្រជែងក្នុងទីផ្សារបាន។

សូមបញ្ជាក់ថា កសិដ្ឋានរបស់លោកមានផ្ទៃដីចំនួន ៣០០ហិកតា ហើយក្នុងនោះជាង ២០០ហិកតា សម្រាប់ដាំដំណាំធ្វើជាចំណីសត្វគោ ហើយបច្ចុប្បន្នអាចផលិតទឹកដោះគោទើបតែបានពី ២៥ ទៅ ៣០លីត្រប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប៉ុន្តែនៅចុងឆ្នាំ២០២០ ខាងមុខនេះ កសិដ្ឋានរបស់លោកនឹងអាចផលិតទឹកដោះគោបានចំនួន ១ម៉ឺនលីត្រឯណោះក្នុងមួយថ្ងៃ។
អត្ថបទដោយ៖ Nevin
