
មេរោគ កូរ៉ូណា កំពុងតែក្លាយជាប្រធានបទយ៉ាងក្ដៅគគុក បន្ទាប់ពីមេរោគមួយនេះ បានវាយលុកយ៉ាងខ្លាំងក្លាក្នុងប្រទេសចិន ទីក្រុង វូហាន ខណៈដែលគិតមកទល់ពេលនេះ កូរ៉ូណា បានសម្លាប់ ជនជាតិចិន ជាងរាប់រយនាក់ និង កំពុងផ្ទុករាប់ពាន់នាក់ទៀត។ បណ្ដាប្រទេសនៅទូទាំងអាស៊ី កំពុងតែកត់សំគាល់យ៉ាងយកចិត្ដទុកដាក់ ជាមួយនឹងការរាតត្បាតពង្រីកខ្លួននៃមេរោគមួយនេះ ហើយក៏ព្យាយាមរកវិធី បញ្ជៀសផងដែរ ដូចជាប្រទេស ហ្វីលីពីនជាដើម ថ្មីៗនេះ បានបិទ ទិដ្ឋាការដល់ប្រជាជនចិន បណ្ដោះអាសន្នមិនឲ្យចូលទៅកាន់ប្រទេសនោះទេ ចំណែកជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី ទីក្រុង kota kinabalu ក៏បានបិទ ជើងហោះហើរ ពីប្រទេសចិនទាំងស្រុងដែរ ដើម្បីការពារ និង ឲ្យច្បាស់លាស់ ថាប្រទេសពួកគេ នឹងមិនមានមេរោគនេះ រាតត្បាតដល់ប្រជាជន។
រដ្ឋាភិបាលហ្វីលីពីន បានសម្រេចបិទ ទិដ្ឋាការបណ្ដោះអាសន្ន ដោយមិនអនុញ្ញាតឲ្យប្រជាជនចិន ធ្វើដំណើរ ចូលទៅទីនោះទេ ដើម្បីបញ្ជៀស ក៏ដូចជាការធានាឲ្យបាន នូវសុវត្ថិភាព ដល់ប្រជាជនរបស់ខ្លួន ពីការ ហូរចូលនូវជំងឺដ៏កាចសាហាវមួយនេះ។ លោក Jaime Morente ប្រធានការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន បានបញ្ជាក់ថា “យើងកំពុងចាត់វិធានការចាំបាច់នានា ដើម្បីទប់ស្កាត់ការរីកសាយ និងមិនឲ្យមេរោគកូរ៉ូណា ចូលមកក្នុងប្រទេសរបស់យើង… ដូច្នេះយើងនឹងផ្អាកការផ្ដល់ទិដ្ឋាការទេសចរណ៍ ចូលមកក្នុងប្រទេសហ្វីលីពីន សម្រាប់ជនជាតិចិនជាបណ្ដោះអាសន្ន”។
ក្រុមហ៊ុនជើងហោះហើរ Air Asia ពីទីក្រុង kota kinabalu ប្រទេសម៉ាឡេស៊ី ទៅកាន់ប្រទេសចិន ក៏បានផ្អាកជាបណ្ដោះអាសន្នដែរ ក្រោយពីដឹងដំណឹង មេរោគដ៏កាចសាហាវនេះ កំពុងតែរីករាលដាលគួជាទីកត់សំគាល់។
ដោយឡែក នៅឡើយតែប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ យោងតាមសម្ដីរបស់លោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានថ្លែងក្នុង ក្នុងសន្នីសីទសារព័ត៌មាននៅយប់ថ្ងៃទី ២៧ ខែមករានេះថា កម្ពុជានឹង មិនបិទជើងហោះហើរពីប្រទេសចិននោះទេ ខណៈដែលប្រទេសជឿនលឿន មួយចំនួន បានបិទព្រំដែន ពីការចេញចូលពីប្រទេសចិន។
គូសបញ្ជាក់ផងដែរថា កម្ពុជារកឃើញវីរុសប្រភេទថ្មីកូរ៉ូណាលើកដំបូង នៅលើជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ អ្នកជំងឺដែលផ្ទុកវីរុសកូរ៉ូណា ភេទ ប្រុស អាយុ ៦០ឆ្នាំ ធ្វើដំណើរពី ក្រុង វូហាន ជាមួយគ្រួសារ ៤នាក់ តែវិជ្ជមានតែគាត់ម្នាក់ ។

អត្ថបទដោយ៖ អឿ អ៊ុយ
ប្រភព៖ NST & ក្នុងស្រុក
