We TV Cambodia

និស្សិតពេទ្យស្ម័គ្រចិត្ត ផ្ដាច់ជ្ញាចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ ជាមួយរដ្ឋាភិបាល

និស្សិតពេទ្យស្ម័គ្រចិត្ត ផ្ដាច់ជ្ញាចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ ជាមួយរដ្ឋាភិបាល

ដោយ៖ ពេជ្រ

ភ្នំពេញ៖​ ក្រោយពីមានការផ្ទុះឡើងនៃមេរោគរលាកសួតប្រភេទថ្មី ឬកូវីដ១៩ ដែលបានធ្វើឲ្យអត្រានៃអ្នកឆ្លងក្នុងប្រទេសកម្ពុជាកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ធ្វើឲ្យរដ្ឋាភិបាលប្រកាសជ្រើសរើសពេទ្យ ក៏ដូចជានិស្សិតពេទ្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩។ ជាបុគ្គលិក និងនិស្សិតពេទ្យ ០៣ រូបក្នុងចំណោមពេទ្យស្ម័គ្រចិត្ត ប្រមាណ៣០០ នាក់ បានផ្ដល់កិច្ចសម្ភាសន៍មកកាន់ស៊ីស៊ីថែមថ៍ ថា ពួកគេមិនរុញរាឡើងក្នុងការចូលរួមទប់ស្កាត់ប្រឆាំងនឹងកូវីដ១៩ ជាពិសេសគឺលះបង់កម្លាំងកាយចិត្តសម្រាប់ប្រទេសមួយនេះក្នុងគ្រាលំបាក ព្រោះបើពេទ្យ ឬនិស្សិតពេទ្យមិនស្ម័គ្រចិត្តចូលរួមទេ តើអ្នកណានឹងចូលរួមនោះ?

 

ជាអតីតនិស្សិតឆ្មបនៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម  កញ្ញា រឿន ផាអូន បានឲ្យដឹងថា សព្វថ្ងៃរូបគេជាបុគ្គិលកធ្វើការនៅគ្លីនិកឯកជនមួយកន្លែង ដោយសារតែចង់ដឹងពីរបៀបការពារខ្លួន ចំពោះគ្រួសារ និងសង្គមជាតិទាំងមូល និងចង់ចូលរួមក្នុងការងារសង្គមនៅពេលដែលប្រទេសជាតិកំពុងត្រូវការកម្លាំងជំនួយបន្ថែម រូបគេក៏សម្រេចចិត្តចុះឈ្មោះជាគ្រូពេទ្យស្ម័គ្រចិត្តសម្រាប់យុទ្ធនាការប្រឆាំងនឹងកូវីដ១៩នេះ។

កញ្ញា ផាអូន បាននិយាយទៀតថា គ្រួសាររបស់គេ មិនបានគាំទ្រសម្រាប់ការធ្វើជាពេទ្យស្ម័គ្រចិត្តនេះទេ ប៉ុន្តែ ដោយសារតែ បងៗនិងរូបគេផ្ទាល់បានព្យាយាមពន្យល់ពីហេតុផលមួយចំនួន ជាចុងក្រោយពួកគាត់ក៏យល់ព្រម ព្រមទាំងក្លាយជាកម្លាំងជំរុញទឹកចិត្តមួយដ៏ធំសម្រាប់រូបគេផងដែរ។

 

ផាអូន បន្តទៀតថា សម្រាប់យុទ្ធនាការដ៏ប្រថុយប្រថានមួយនេះ រូបគេបានប្ដេជ្ញាចិត្តយ៉ាងមុតមាំហើយថាមិនរុញរាក្នុងស្ថានការណ៍មួយនេះទេ ព្រោះរូបគេចង់ឃើញអ្វីៗទាំងអស់ត្រឡប់មកក្នុងសភាពធម្មតាវិញ ហើយក៏សូមអរគុណល់ប្រមុខរាជរដ្ឋាភិបាលសំរាប់ការផ្គត់ផ្គង់ដល់ក្រុមគ្រូពេទ្យទាំងអស់-ក្នុងនាមជាពេទ្យស្ម័គ្រចិត្តម្នាក់សូមសំណូមពរ ដល់ប្រជាជនខ្មែរសូមឲ្យពួកគាត់អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវការរក្សាអនាម័យតាមដានពត៌មានដែលមានប្រភពច្បាស់លាស់ និងអនុវត្តន៍តាមគោលការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានណែនាំ។

 

ចំណែក និស្សិតវេជ្ជបណ្ឌិតឆ្នាំទី៧ និងជានិស្សិតអនុបណ្ឌិតផ្នែកសុខភាពសាធារណៈលោក គាន់ កែវឧត្តម បាននិយាយថា មូលហេតុដែល រូបលោកសម្រេចចិត្ត ក្នុងការប្រយុទ្ធប្រឆាំងកូវីដ ជាមួយក្រុមយុវជនសម្ដេច តេជោ ដោយសារតែគិតថា និស្សិតពេទ្យក៏ដូចជាពេទ្យ អាចដកយកបទពិសោធន៍ សិក្សាបន្ថែមពីជំងឺដែលថ្មី  ព្រមទាំងបានជួយប្រជាជនដែលបានផ្ទុកកូវីដ១៩ផងដែរ។

លោក មានប្រសាសន៍ថា៖«ប្រសិនបើយើងជាពេទ្យ ជានិស្សិតពេទ្យ បើយើងមិនស្ម័គ្រចិត្តទៅព្យបាលអ្នកជំងឺទេ តើបអោយអ្នកណាមកព្យាបាលជំនួស? ទោះបីជានិស្សិតពេទ្យក្នុងក្របខណ្ឌរដ្ឋ ឬមិនមែនក៏ដោយ ព្រោះតួនាទីជាគ្រូពេទ្យគឺសម្រាប់ព្យាបាលអ្នកជំងឺ»។

ជាមួយគ្នានេះដែរ និស្សិតពេទ្យរូបនេះ ក៏សូមសំណូមពរដល់អាណាព្យាបាលរបស់គ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ កុំបារម្ភពេក ព្រោះថាការការពារសុវត្ថិភាពគឺ សុវត្ថិភាពជាងដែលនៅក្រៅទៅទៀត ដោយសារតែគ្រូពេទ្យទាំងអស់មានវិធីការពារបានត្រឹមត្រូវ។

ចំពោះរូបគេផ្ទាល់ ក៏ដូចជាគ្រូពេទ្យដទៃទៀត គឺបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ ដូចជាត្រៀមពេលវេលា​ កម្លាំងចិត្ត កម្លាំងកាយទៅរៀនបណ្ដុះបណ្ដាលបន្ថែមពីក្រសួងដើម្បីទៅអនុវត្តផ្ទាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ។

បន្ថែមពីនេះ និស្សិតពេទ្យរូបនេះ យល់ថាខ្មែរយើងគឺគាត់បាក់ទឹកចិត្ត និងមានជំងឺភ័យខ្លាចតាំងពីមិនទាន់មានកូវីដ១៩ក្នុងស្រុកខ្មែរម្ល៉េះ ទោះបីជាវាកាចសាហាវ តែយើងនៅតែអាចព្យាបាលបាន ហើយកម្ពុជានឹងអាចយកឈ្នះជំងឺនេះបាន ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រុមគ្រូពេទ្យរដ្ឋ និងគ្រូពេទ្យគ្រប់ស្ថានប័នពាក់ព័ន្ធ ហើយប្រសិនជាគ្មានការចូលរួមពីគ្រប់មជ្ឈដ្ឋានទេ គឺជំងឺកូវីដកាន់តែរីករាលដាលខ្លាំង។

លោក ក៏មានសំណូមពរទៅដល់ពលរដ្ឋខ្មែរដែរ កុំមានការភ័យខ្លាចពេក រហូតបាក់ស្បាត ដែលនាំឲ្យកើតជាជំងឺភ័យខ្លាចពិបាកព្យាបាល តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងកុំមើលស្រាលជំងឺនេះ។ហើយសូមកុំមើលងាយគ្រូពេទ្យខ្មែរ ជាក់ស្ដែងពេលនេះគឺពេលមានអាសន្ន គ្មានគ្រូពេទ្យបរទេសណាមកជួយខ្មែរទេ  ដូច្នេះសូមលើកទឹកចិត្តគ្រូពេទ្យខ្មែរ និងជឿទុកចិត្តលើគ្រូពេទ្យខ្មែរដោយការព្យាបាលទាន់ពេល ការការពារដ៏ត្រឹមត្រូវ។

 

លោក ក៏បានបន្ថែមទៀតថា ៖« បើជាគ្រូពេទ្យនៅសុខៗស្លាប់ដោយសារកើតជំងឺកូវីដ នោះមិនសាកសមជានិស្សិតពេទ្យឬជាគ្រូពេទ្យទេ តែប្រសិនជាយើងស្លាប់ក្នុងសមរភូមិប្រយុទ្ធប្រឆាំងកូវីដ នោះវាមានតម្លៃត្រង់ថាយើងបានធ្វើវាអស់លទ្ធភាពហើយ ​  ហើយខ្ញុំនឹងប្ដេជ្ញាឲ្យអស់ពីចិត្ត»។

 

ចំណែក ឱសថការីជំនាន់ទី ៣៧ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បច្ចុប្បន្ន កំពុងបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវេជ្ជជីវសាស្រ្ត (Medical Biology)លោក ពេញ សាក់ក្តូ បាននិយាយថា៖«បន្ទាប់ពីបានទទួលដំណឹងពីការប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តពី ក្រសួងសុខាភិបាលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខ្ញុំបានសម្រេចចិត្តចូលរួមដោយមិនរុញរាឡើង ព្រោះក្នុងនាមខ្ញុំជាគ្រូពេទ្យម្នាក់ ត្រូវចូលរួមលើកម្ពស់ វិស័យសុខាភិបាល ជាពិសេសក្នុងគ្រាលំបាកនេះដែលប្រទេសយើងកំពុងមានការរីករាត្បាតដោយជំងឺកូវីដ១៩នេះ»។

លោកថា ក្នុងនាមជាគ្រូពេទ្យម្នាក់មិនអាចឈរអោបដៃមើលការរីករាត្បាតមួយនេះទេ​ ត្រូវប្រើចំណេះដឹងដែលបានសិក្សាផ្នែកសុខាភិបាលនេះឱ្យអស់ពីលទ្ធភាព និង សមត្ថភាពក្នុងគ្រាលំបាកមួយនេះដោយសកម្មភាពមួយនេះគឺធ្វើឡើងដើម្បី មនុស្សជាទីស្រលាញ់ គ្រួសារ សហគមន៍ ប្រទេសជាតិទាំងមូលដើម្បីការពារពួកអ្នកទាំងនោះពីការរីករាលដាលនេះ។

លោកបន្តទៀតថា ដំបូងឪពុកម្តាយ បងប្អូនរបស់គាត់ បារម្ភខ្លាចក្រែងយុទ្ធនាការនេះអាចបណ្តាលឱ្យ ប៉ះពាល់ និង ឆ្លងជំងឺនេះមកដល់រូបគេ ប៉ុន្តែរូបគេបានពន្យល់គ្រួសារវិញថា៖ «ខ្ញុំមានចិត្តចង់ចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្តប្រយុទ្ធ ខ្ញុំយល់ឃើញថាវាមានផលលំបាក​ និង ហនិភ័យខ្ពស់ពិតមែន ប៉ុន្តែខ្ញុំជឿជាក់លើសម្ថភាពខ្លួនឯង អាចការពារខ្លួនមិនឱ្យមានការចម្លងពីអ្នកជំងឺមកដល់ខ្ញុំនោះទេ ព្រោះខ្ញុំបានហ្វឹកហាត់ពីការការពារខ្លួន និង មានសម្ភារៈគ្រប់គ្រាន់ក្នុងការការពារ (PPE or Personal protective equipment) និង មានស្មារតីការប្រុងប្រយ័ត្នខ្ពស់ក្នុងសកម្មភាពទាំងអស់នេះ»។

ឱសថការីជំនាន់ទី ៣៧ រូបនេះ បន្ថែមថា មិន​ថារូបគេ ឬ ក្រុមគ្រូពេទ្យដែលស្ម័គ្រចិត្តចូលសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ បានត្រៀមលក្ខណៈ ដោយទទួលបានការហ្វឹកហ្វឺនពីអ្នកជំនាញ និងធ្វើការអនុវត្តឱ្យស្ទាត់ជំនាញ និងមិនមានការភ័យខ្លាចនោះឡើយក្នុងការជួយបម្រើការងារដែលនឹងត្រូវធ្វើសកម្មភាពដោយផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ដែលបែងចែកការងារទៅតាមមុខព្រួញរបស់ក្រុមការងារក្រសួងសុខាភិបាលចាត់ចែង មានដូចជាអ្នកព្យាបាល អ្នកយកសំណាកអ្នកជំងឺ អ្នកថែទាំ និង អ្នកដឹកជញ្ជូនជាដើម។

 

លោក ក៏បានការរំពឹង និងសង្ឃឹម​ខ្ពស់ថាកម្ពុជា នឹងអាចយកឈ្នះ ១០០% ទៅលើជំងឺកូវីដ ១៩ នេះជាក់ជាមិនខាន។   ហើយការចូលរួមក្នុងសកម្មភាពនេះ​ ជាមោទនភាពសម្រាប់រូបលោក ដែលអាចប្រើប្រាស់ចំណេះដឹងដែលមាន ក្នុងការបំរើរប្រទេសជាតិ ព្រោះវាជាក្តីសុបិនរបស់លោក ហើយរូបលោកនឹងព្យាយាម​ឱ្យអស់សម្ថភាពក្នុងការយកឈ្នះជំងឺកូវីដ១៩ នេះ។

 

ជាចុងក្រោយ ឱសថការី រូបនេះ ក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទុកចិត្តលើសមត្ថភាពរបស់ក្រុមគ្រូពេទ្យរបស់ខ្មែរក្នុងការព្យាបាល និង ប្រឆាំងជំងឺកូវីដ ១៩ នេះ។ ហើយគម្បីមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ ការឆ្លងជំងឺនេះដោយធ្វើការអនាម័យ លាងដៃនឹងសាប៊ូ ឬ ទឹកអាល់កុល ពាក់ម៉ាស និង កាត់បន្ថយការទៅកាន់ទីប្រជុំជន បើមិនចាំបាច់៕

 

 

 

 

 

Related Articles