ដោយៈ ទិន សុខាវុធ
នាវាដឹកអ្នកដំណើរដ៏ប្រណិតមួយមានឈ្មោះថា Mekong Jewel របស់ក្រុមហ៊ុនអាមេរិក Uniworld Boutique River Cruise Collection ត្រូវបានសម្ពោធដាក់អោយដំណើរការដឹកអ្នកដំណើររវាងកម្ពជានិងវៀតណាម កាលពីថ្ងៃទី ៣ មករា ឆ្នាំ ២០២០ កន្លងទៅនេះ។
លើសពីនេះទៀត នាវាដឹកអ្នកដំណើររវាងកម្ពុជានិងវៀតណាម Mekong Jewel នេះគ្រាន់តែជានាវាមួយ ក្នុងចំណោមនាវាទាំង ៤ របស់ក្រុមហ៊ុន Uniworld ដែលនឹងត្រូវដាក់អោយដំណើរការដឹកអ្នកដំណើរនៅក្នុងឆ្នាំ ២០២០ នេះនៅក្នុងប្រទេសមួយចំនួនទៀត។ នាវាទាំងនោះរួមមាន SS La Venezia នឹងត្រូវដាក់អោយដំណើរការ នៅខែមិនាឆ្នាំ ២០២០ នេះ នៅក្នុងប្រទេសអ៊ីតាលី នាវាដេឹកអ្នកដំណើរ Sao Gabriel នឹងត្រូវដាក់អោយដំណើរការនៅខែក្រោយនៅក្នុងប្រទេសព័រទុយហ្គាល់ នាវាដឹកអ្នកដំណើរ SS La Sphinix នឹងត្រូវដាក់អោយដំណើការនៅខែ កញ្ញា ឆ្នាំ ២០២០ នៅក្នុងប្រទេសអេស៊ីប។
យ៉ាងណាម៉ិញ នាវាដឹកអ្នកដំណើរ Mekong Jewel មានប្រវែង ៨០ មែត្រ និងទទឹង ១៣ ម៉ែត្រ អាចដឹកអ្នកដំណើរបានរហូតដល់ ៦៨ នាក់ រួមទាំងក្រុមនាវិកចំនួន ៤៤ នាក់ថែមទៀត។ នាវានេះត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតនាវា Damen Song Cam Shipyard នៃប្រទេសវៀតណាម។
មួយវិញទៀត នាវា Mekong Jewel នឹងត្រូវធ្វើដំណើរចំនួន ១៣ ថ្ងៃ រវាងក្រុងសៀមរាបនិងក្រុងហូជីមិញ។ ហើយនៅក្នុងកំឡុងពេលនៃការធ្វើដំណើរនេះ អ្នកដំណើរទាំងឡាយនឹងអាចមានឱកាសទស្សនាកំសាន្ត ទីកន្លែងទេសចរណ៍ដ៏ល្បីៗ មានដូចជាប្រាសាទអង្គរវត្តនិងវត្តហ័នជ័យជាដើម៕