
ដោយៈ ទិន សុខាវុធ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងប្រាប់អ្នកវិនិយោគចិនថា សេដ្ឋកិច្ចកម្ពុជាមិនពឹងផ្អែកលើកាស៊ីណូអនឡាយនោះឡើយ។
យោងតាមទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី នៅក្នុងការជួបសន្ទនាជាមួយអ្នកវិនិយោគចិនត្រកូល «ហ៊ុន» ប្រមាណជា ៤០ នាក់ នៅឯវិមានសន្តិភាព កាលពីថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៩ នេះ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីមូលហេតុដែលរាជរដ្ឋាភិបាលបានសំរេចបិទកាស៊ីណូអនឡាញ ពីព្រោះវាមិនចំណេញអ្វីដល់សេដ្ឋកិច្ចកម្ពុជាឡើយ។ ផ្ទុយទៅវិញ កាស៊ីណូអនឡាញទាំងនោះនាំមកនូវបញ្ហាជាច្រើនដូចជា អំពើឧក្រឹដ្ឋកម្ម និងការលាងលុយកខ្វក់ជាដើម។
អាស្រ័យហេតុនេះ សម្តេចបានបញ្ជាក់ថា កម្ពុជាត្រូវការពង្រឹងផ្នែកច្បាប់អោយបានរឹងមាំ ក្នុងគោលបំណងទាក់ទាញវិនិយោគយ៉ាងច្បាស់លាស់ និងផ្តល់ផលចំណេញដែលអាចទទួលយកបាន។
មួយវិញទៀត លោកនាយករដ្ឋមន្ត្រីមានសំណូមពរ ៣ គឺ៖
ទី១) សូមឲ្យក្រុមហ៊ុនចិនដែលកំពុងដាក់ទុននៅកម្ពុជាបន្ត វិនិយោគនៅកម្ពុជា ទោះបីជាមានបញ្ហាអ្វីក៏ដោយ ជាពិសេសការដក EBA ពីកម្ពុជាក៏ដោយ គឺសម្ដេចស្នើសុំឲ្យចិននៅតែបន្តធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តទៀត
ទី២) សម្ដេចបានមានប្រសាសន៍ពាក់ព័ន្ធនឹងការធ្វើយ៉ាងណាឲ្យពាណិជ្ជករអ្នកវិនិយោគចិនថ្មីរបស់ចិនមកបណ្ដាក់ទុននៅប្រទេសកម្ពុជាបន្ថែម ដើម្បីធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា គឺមានន័យថាថែរក្សាចាស់និងបង្កើនការវិនិយោគថ្មី
ទី៣) សម្ដេចតេជោបានស្នើទៅថ្នាក់ដឹកនាំចិន ត្រូវធ្វើយ៉ាងណាបន្តបើកទីផ្សារចិនឲ្យកាន់តែធំជាងមុនសម្រាប់ការនាំចូលផលិតផលកសិផលរបស់ប្រទេសកម្ពុជាទៅទីផ្សាររបស់ប្រទេសចិន។
យោងតាមសម្តេចតេជោ នៅពេលបច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន មានលក្ខណៈកើនឡើងជាបន្តបន្ទាប់។ ហើយនៅក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មនេះអាចកើនឡើងដល់ $10 ពាន់លានដុល្លារ។
កំណើននៃទំហំពាណិជ្ជកម្មនេះ បានមកដោយសារវត្តមាននៃតំបន់សេដ្ឋកិច្ចសេរីរវាងប្រទេសអាស៊ាន តំបន់សេដ្ឋកិច្ចសេរី ចិន-អាស៊ាន និងតំបន់សេដ្ឋកិច្ច អាស៊ាន-ចិន។ លើសពីនេះទៀត កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជា ក៏ជាកត្តាមួយជួយជំរុញអោយមានកំណើតទំហំពាណិជ្ជកម្មនេះដែរ៕
