
ដោយៈ ទិន សុខាវុធ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ប្រសិនបើសហភាពអឺរ៉ុប (EU) សំរេចព្យួរភាពអនុគ្រោះពន្ធ EBA សហភាពអឺរ៉ុបខ្លូនឯង ក៏នឹងខាតបង់ប្រាក់ជាច្រើន ដូចជាកម្ពុជាដែរ ពីព្រោះនៅពេលដែលទំនិញកម្ពុជាត្រូវជាប់ពន្ធ តំលៃនៃទំនិញទាំងនោះក៏នឹងត្រូវឡើងថ្លៃទៅតាមតំលៃពន្ធនោះដែរ។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សរុបចំនួន ៦,៧៦២ នាក់ កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ។
លើសពីនេះទៀត សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជាមិនអាចធ្វើតាមសេចក្តីស្នើសុំរបស់សហភាពបានទាំងអស់នោះទេ។
មួយវិញទៀត ចំពោះសំណុំរឿងរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោលនោះ កំពុងស្ថិតនៅក្នុងដៃរបស់តុលាការកម្ពុជា ដែលលោកនាយករដ្ឋមន្ត្រីបានអះអាងថាជាតុលាការឯករាជ្យមួយ ដែលរដ្ឋាភិបាលរបស់លោកគ្មានសិទ្ធិលូកដៃចូលសុំអោយទំលាក់បទចោទប្រកាន់ប្រឆាំងលោក កឹម សុខា បានឡើយ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ក្រសួងការបរទេសកម្ពុជាបានអោយដឹងថា ក្រសួងនឹងធ្វើការឆ្លើយតបជាលាយលក្ខណ៍អក្សរ ទៅកាន់សហភាពអឺរ៉ុបវិញ នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ ចំពោះសំណើររបស់សហភាបអឺរ់ុប ទាក់ទងទៅនឹងបញ្ហា EBA នេះ។
ជុំវិញភាពអនុគ្រោះពន្ធ EBA កាលពីខែមុន លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សហភាពអឺរ៉ុបបាននិងកំពុងប្រើប្រាស់ការផ្តល់ភាពអនុគ្រោះពន្ធ EBA នេះ ជាឧបករណ៍ សំរាប់បង្ខំអោយកម្ពុជាធ្វើតាមពួកគេ។ ហើយជាការឆ្លើយតប សម្តេច ហ៊ុន សែន បានប្រកាសថា កម្ពុជាមិនចង់បាត់បង់នូវ EBA នោះទេ ក៏ប៉ុន្តែកម្ពុជាក៏នឹងមិនធ្វើការដោះដូរអធិបតេយ្យជាតិជាមួយនឹងជំនួយឬការផ្តល់ភាពអនុគ្រោះពាណិជ្ជកម្មណាមួយឡើយ។
មួយវិញទៀត យោងតាមលោកនាយករដ្ឋមន្ត្រី យូរឬឆាប់ ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងត្រូវបាត់បង់ នៅពេលដែលកម្ពុជាក្លាយខ្លួនទៅជាប្រទេសចំណូលមធ្យមកំរឹតខ្ពស់ ពីព្រោះប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវផ្តល់អោយតែសំរាប់ប្រទេសណាដែលមានការអភិវឌ្ឍតិចតួចតែប៉ុណ្ណោះ។
ប្រព័ន្ធអនុគ្រោះពន្ធ EBA បាននិងកំពុងអនុញ្ញាតអោយកម្ពុជាដែលជាប្រទេសអភិវឌ្ឍន៍តិចតួចមួយ (least developed country) ក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួចមួយចំនួនទៀត អាចនាំទំនិញចេញទៅលក់ក្នុងទីផ្សាររបស់សហភាពអឺរ៉ុប ដោយមិនបាច់បង់ពន្ធសំរាប់ទំនិញប្រមាណជា ៩៥% និងក្នុងបរិមាណគ្មានចំនួនកំណត់។ ក៏ប៉ុន្តែ ភាពអនុគ្រោះពន្ធនេះ នឹងត្រូវដកហូតយកទៅវិញពីប្រទេសដែលនៅទីនោះ សហភាពអឺរ៉ុបយល់ឃើញថាមានការរំលោភសិទ្ធិមនុស្ស។
យោងតាមសហភាពអឺរ៉ុប កម្ពុជាជាប្រទេសទី ២ ដែលទទួលបានផលប្រយោជន៍ច្រើនជាងគេ ពីភាពអនុគ្រោះពន្ធ EBA នេះ។ ពោលគឺទំនិញកម្ពុជាដែលបាននាំចេញទៅលក់នៅលើទីផ្សាររបស់សហភាពអឺរុប មានចំនួនសរុបច្រើនជាង ១៨% នៃទំនិញនាំចូលទីផ្សារសហភាពអឺរ៉ុប នៅក្នុងឆ្នាំ ២០១៨ ។
