We TV Cambodia

នាយករដ្ឋមន្ត្រីថា ជំនួយរបស់សហរដ្ឋអាមេរិក ជាផ្នែកមួយនៃវិបុលភាពរបស់ប្រជាជនកម្ពុជា

រូបថតៈ សហការី

ដោយៈ ទិន សុខាវុធ

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ បាន​ផ្ញើរលិខិតផ្លូវ​រដ្ឋ​មួយ​ ឆ្លើយ​តប​ទៅ​នឹងលិខិតរបស់​លោក​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក Donald Trump ដោយ​បានលើកឡើងថា ជំនួយរបស់សហរដ្ឋអាមេរិកសំរាប់​កម្ពុជា​កន្លង​មក ជាផ្នែកមួយនៃវិបុលភាពរបស់ប្រជាជនកម្ពុជា​។ មួយវិញ​ទៀត ជំនួយ​នេះ ក៏​បាន​និង​កំពុង​ចូលរួម​ចំណែក​ក្នុង​ដំណើរការប្រជាធិបតេយ្យភាវូបនីយកម្ម​នៅ​កម្ពុជា​ផងដែរ​​។

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សរសេរថា៖ «ខ្ញុំ សូមថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកាយវិការដ៏សប្បុរសធម៌នេះ។»

ទន្ទឹម​នឹងនេះ សម្តេច ហ៊ុន សែន បានគូស​បញ្ជាក់បន្ថែមទៀតថា របប​ប្រជាធិបតេយ្យ​សេរីនិងពហុបក្សនៅ​កម្ពុជា ស្ថិតក្នុង​ដំណាក់កាលដ៏​ក្មេង​ខ្ចីនៅ​ឡើយ​។ ដូចនេះ ដើម្បីអោយ​ប្រជាធិបតេយ្យ​មួយ​​នេះ​ចាក់គ្រឹះ​យ៉ាងរឹងមាំ នៅ​ក្នុង​សង្គមកម្ពុជា​បច្ចុប្បន្ន​ កម្ពុជាត្រូវការសន្តិភាព​យ៉ាង​ពេញលេញមួយ​។

«ជាប្រទេសមួយ ដែលមានប្រជាធិបតេយ្យដ៏ក្មេងខ្ចី ឯកឧត្តម ប្រហែលជាអាចទទួលស្គាល់ការតស៊ូរបស់យើងខ្ញុំ ក្នុងការស្វែងរកសន្តិភាពពេញលេញមួយ ដែលជាលក្ខខណ្ឌមិនអាចខ្វះបាន មុនពេលដែលយើងខ្ញុំអាចកសាងប្រទេសឡើងវិញ ដោយប្រកាន់ភ្ជាប់នូវប្រព័ន្ធប្រជាធិបតេយ្យពហុបក្ស​។»

មួយវិញទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បានយល់ព្រម​ផង​ដែរ ក្នុង​ការបង្កើត​ក្រុមការងារ​កិច្ចការបរទេស​កម្ពុជា​មួយ ដែលនឹងរួម​សហការ​ជាមួយ​ក្រុមការងារ​កិច្ចការ​បរទេស​​របស់​សហរដ្ឋអាមេរិក «ដើម្បីស្តារទំនុកចិត្តនិងភាពជឿជាក់ឡើងវិញ និងកសាងឡើងវិញនូវចំណងមិត្តភាពរវាងប្រទេសនិងប្រជាជនយើងទាំងពីរ។»

កាលពីសប្តាហ៍​មុន នៅ​ក្នុង​លិខិត​ផ្លូវ​រដ្ឋ​មួយ​ ផ្ញើរ​ជូនលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន លោក​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក Donald Trump បានលើកឡើង​ថា៖ «សហរដ្ឋ​អាមេរិក​គោរព​ឆន្ទៈ​អធិតេយ្យ​របស់​ប្រជាជន​កម្ពុជា​ ហើយ​សហរដ្ឋ​អាមេរិក​មិន​ស្វែង​រក​​អោយ​មាន​ការផ្លាស់ប្តូរ​​នោះ​ទេ។»

ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​ប្រធានាធិបតី​​អាមេរិក មាន​បំណង​​ចង់ឃើញ​ផង​ដែរ នូវ​លិទ្ធិ​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ដ៏​ពេញ​លេញ​មួយ​​នៅ​កម្ពុជា ដែល​សហរដ្ឋ​អាមេរិក​យល់​ថា​ ជាមូលដ្ឋាន​គ្រឹះ​ដ៏​ត្រឹមត្រូវ ក្នុង​ការធានាអោយ​មាន សុខ​សន្តិភាព ស្ថេរភាព​នយោបាយ និង​ ការអភិវឌ្ឍ​សង្គម​ ដ៏​​ពិតប្រាកដ​។

ទន្ទឹមនឹង​នេះ លោក​ប្រធានាធិបតី​ក៏​​​មាន​សង្ឃឹម​ផងដែរ​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នឹងពិនិត្យ​ឡើងវិញ​នូវ​ការ​សំរេច​​ចិត្ត​មួយ​ចំនួន ដែលអាច​បណ្តាលអោយ​កម្ពុជា​​បាត់​បង់​នូវ​​អធិបតេយ្យភាព​ដ៏​យូរ​អង្វែង ស្ថេរភាពនយោបាយ និង​ការអភិវឌ្ឍ​សង្គម​៕

Related Articles