We TV Cambodia

នាយករដ្ឋមន្ត្រីថាមិនអាចទទួលយកសំណូមពរ EU ទាំងអស់បានទេ ទាក់ទងការទទួលបាន EBA

នាយករដ្ឋមន្ត្រីថាមិនអាចទទួលយកសំណូមពរ EU ទាំងអស់បានទេ ទាក់ទងការទទួលបាន EBA
រូបថតៈ Facebook លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ដោយៈ ទិន សុខាវុធ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា កម្ពុជា​​មិន​អាច​បំពេញតាមការស្នើសុំរបស់សហភាព​អឺរ៉ុប​បានទាំង​ស្រុង​នោះ​ទេ ដើម្បីរក្សា​ការអនុគ្រោះ​ពន្ធ EBA របស់​​សហភាពអឺរ៉ុប​។

សម្តេច ហ៊ុន សែន បានលើកឡើង​ពី​រឿង​នេះ កាល​ពី​ថ្ងៃ​ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅ​ក្នុង​ពិធី​សម្ពោធ «អគារឥន្ទ្រី​ទេវី» របស់​រាជ​បណ្ឌិត​សភាកម្ពុជា​​។

លោក​បាន​បន្ថែម​ទៀតថា សហភាព​អឺរ៉ុបបាននិងកំពុង​ប្រើប្រាស់​ការផ្តល់ភាព​អនុគ្រោះពន្ធ EBA នេះ ជា​ឧបករណ៍ សំរាប់បង្ខំ​អោយ​កម្ពុជាធ្វើតាម​ពួកគេ។ ហើយ​ជាការឆ្លើយ​តប  សម្តេច ហ៊ុន សែន បានប្រកាស​ថា កម្ពុជាមិនចង់​បាត់បង់​នូវ EBA នោះទេ ក៏ប៉ុន្តែ​កម្ពុជា​ក៏​​នឹង​មិនធ្វើការដោះដូរ​អធិបតេយ្យ​ជាតិ​ ជាមួយ​នឹង​​ជំនួយឬការផ្តល់​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ណាមួយ​ឡើយ​។

មួយវិញទៀត យោង​តាម​លោក​នាយករដ្ឋ​មន្ត្រី យូរ​ឬ​ឆាប់ ប្រព័ន្ធ​អនុគ្រោះពន្ធ EBA នឹងត្រូវ​បាត់បង់ នៅ​ពេលដែលកម្ពុជា​ក្លាយ​ខ្លួនទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កំរឹត​ខ្ពស់​ ពី​ព្រោះប្រព័ន្ធ​អនុគ្រោះពន្ធ EBA ត្រូវផ្តល់​អោយ​តែសំរាប់ប្រទេស​ណា​ដែល​​មាន​ការអភិវឌ្ឍតិច​តួច​តែប៉ុណ្ណោះ​។

ទាក់ទងនឹងរឿង​នេះ ក្រសួង​ការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ កាលពី​ថ្ងៃ​ទី ១៣ ខែ វិច្ឆិកា​ ឆ្នាំ ២០១៩ កន្លងទៅ បានលើកឡើងថា រាជ​រដ្ឋាភិបាលកម្ពុជា​នឹង​ធ្វើ​ការឆ្លើយ​តប​ទៅនឹងរបាយ​ការណ៍បឋម​​​របស់​សហភាព​អឺរ៉ុប (EU) នៅ​ថ្ងៃ​ទី ១២ ធ្នូ ឆ្នាំ ២០១៩ ខាង​មុខ​នេះ​ ក្រោយ​ពី​បាន​ធ្វើ​ការសិក្សា​លំអិត​ពី​របាយការណ៍​នោះ​​បាន​ចប់​សព្វគ្រប់​រួច​មក​​។

របាយការណ៍​បឋម​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពជា ត្រូវ​បានចាប់ផ្តើមធ្វើ​ឡើងដោយ​ក្រុម​ស៊ើប​អង្កេត​របស់សហភាព​អឺរ៉ុប កាលពីខែ កុម្ភៈ ឆ្នាំ ២០១៩ រហូត​ម​កដល់ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ​។ ជាលទ្ធផល បើ​សិន​ជា​សហភាព​អឺរ៉ុប​យល់​ឃើញថា មាន​ការរំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា សហភាព​អឺរ៉ុប​នឹង​ដកហូត​យក​ទៅ​វិញ​នូវ​​ភាព​អនុគ្រោះពន្ធ EBA ពី​កម្ពុជា​​។

ប្រព័ន្ធ​អនុគ្រោះពន្ធ EBA បាន​និង​កំពុង​អនុញ្ញាត​អោយ​កម្ពុជា​ ដែល​ជា​ប្រទេស​​អភិវឌ្ឍន៍​​​តិចតួច​មួយ​ (least developed country) ​ក្នុងចំណោម​ប្រទេស​​អភិវឌ្ឍ​​ន៍​តិច​តួច​មួយ​ចំនួន​ទៀត អាច​នាំ​ទំនិញ​ចេញ​ទៅ​លក់​ក្នុង​ទី​ផ្សារ​​របស់​សហភាព​អឺរ៉ុប ដោយ​មិនបាច់​បង់​ពន្ធ​សំរាប់​ទំនិញប្រមាណជា ៩៥% ​និង​ក្នុង​បរិមាណ​គ្មានចំនួនកំណត់​។ ក៏ប៉ុន្តែ ភាព​អនុគ្រោះពន្ធ​នេះ នឹង​ត្រូវ​ដកហូត​យក​ទៅ​វិញ​ពី​ប្រទេស​​ដែល​នៅ​ទីនោះ សហភាព​អឺរ៉ុប​យល់​ឃើញ​ថា​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​។

យោង​តាម​សហភាព​អឺរ៉ុប កម្ពុជា​ជា​ប្រទេស​ទី ២ ដែល​ទទួល​បានផល​ប្រយោជន៍​ច្រើនជាង​គេ ពី​ភាពអនុគ្រោះ​ពន្ធ EBA នេះ​។ ពោល​គឺ​ទំនិញ​កម្ពុជា​ដែល​បាន​នាំ​ចេញ​ទៅ​លក់​នៅ​លើ​ទី​ផ្សារ​របស់​សហភាព​អឺរុប មាន​ចំនួន​សរុប​​ច្រើន​ជាង ១៨% នៃ​ទំនិញ​នាំ​ចូល​ទី​ផ្សារ​សហភាព​អឺរ៉ុប នៅ​ក្នុង​ឆ្នាំ ២០១៨ ​។ ក៏ប៉ុន្តែ អ្នក​ជំនាញ​បាន​លើកឡើងថា ក្នុងករណីប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រូវ​បានដក​ហូត​យក​ទៅ​វិញ កម្ពុជា​នឹងត្រូវ​បង់​ពន្ធសំរាប់​ទំនិញ​នាំ​ចេញគ្រប់​មុខ គិតជា​ទឹកប្រាក់ប្រមាណ $700 លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​ៗ​៕

Related Articles