We TV Cambodia

នាយករដ្ឋមន្ត្រីចង់អោយប្រជាពលរដ្ឋគ្រប់រូបយល់ដឹងនិងទទួលបានសេវាហិរញ្ញវត្ថុ

រូបថតៈ Facebook លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ដោយៈ ទិន សុខាវុធ

កាល​ពី​ថ្ងៃ​ទី ១០ ខែ តុលា ឆ្នាំ ២០១៩ កន្លងទៅ នៅ​ឯសាលសន្និសីទ​ចតុមុខ នៅ​ក្នុង​ពិធីរំលឹកខួប​លើកទី ៤០ នៃការបង្កើត​ឡើង​វិញ​នូវធនាគារ​ជាតិ​នៃកម្ពុជា លោក​នាយ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​​ផ្តល់​អនុសាសន៍​អោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ស្ថាប័នពាក់ព័ន្ធ និង គ្រឹះស្ថានហិរញ្ញវត្ថុ​នានា ត្រូវ​ធ្វើយ៉ាង​ណាអោយ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស មាន​ចំណេះដឹងគ្រប់គ្រាន់ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​។

លើសពី​នេះ​ទៀត លោកនាយករដ្ឋមន្ត្រីក៏​បានផ្តល់​អនុសាសន៍​ផង​ដែរ អោយ​បណ្តាស្ថាប័ន​ទាំងនោះ ធ្វើ​យ៉ាងណា​ពង្រឹង «វប្បធម៌​ឥណទាន» អោយ​កាន់​តែ​មា​នប្រសិទ្ធិភាពឡើ​ង​ថែម​ទៀត នៅ​ក្នុង​ចំណោម​បណ្តាអ្នកដែលកំពុងប្រើប្រាស់​​សេវា​ហិរញ្ញវត្ថុ ជា​ពិសេស​នៅ​តាម​តំបន់ជនបទ ដើម្បី​ជៀសវាង​នូវ​ហានិភ័យ​ជា​យថាហេតុ​នានា នៅ​ពេលបច្ចប្បន្ន​និងអនាគត​។

ទាក់ទង​នឹង​បញ្ហានេះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​សំរេច​ផ្តល់​កំចី​ជា​ទឹក​ប្រាក់​ចំនួណ $40 លាន​ដុល្លារ សំរាប់គាំទ្រការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី ២ ដើម្បីធ្វើអោយមានស្ថេរភាពហិរញ្ញវត្ថុនៅក្នុងប្រទេស ពង្រីកវិស័យហិរញ្ញវត្ថុអោយដល់ជនគ្រប់រូប  និងជំរុញការអភិវឌ្ឍប្រកបដោយនិរន្តភាព។

ជាក់ស្តែង កម្មវិធីនេះនឹងជួយពង្រីកវិស័យហិរញ្ញវត្ថុ អោយបានដល់គ្រួសារកសិករក្រីក្ររស់នៅតាមតំបន់ជនបទនានាទូទាំងផ្ទៃប្រទេស រួមទាំងសហគ្រាសធុនមធ្យមផងដែរ។ តាមរយៈគោលនយោបាយនានានៅក្នុងកម្មវិធីនេះ ស្ថេរភាពនៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជា នឹងត្រូវធ្វើអោយប្រសើរឡើង ហើយហេដ្ឋារចនាសម្ព័ន្ធរបស់វិស័យនេះ ក៏នឹងត្រូវធ្វើអោយទាន់សម័យ ក្នុងគោលបំណងតំរូវទៅតាមសេវាកម្មនិងផលិតផលទំនើបៗ។

យោងតាម ADB វិស័យហិរញ្ញវត្ថុនៅកម្ពុជាស្ថិតនៅក្នុងស្ថានភាពនៃការចាប់ផ្តើមនៅឡើយ ហើយត្រូវគ្របដណ្តប់ដោយផ្នែកធនាគារនិងមីក្រូហិរញ្ញវត្ថុ។ មួយវិញទៀត ទោះបីជាវិស័យនេះផ្តល់ផលផ្លែផ្កាដ៏គួរអោយកត់សំគាល់យ៉ាងណាក៏ដោយ ក៏ការទទួលបាននូវសេវាហិរញ្ញវត្ថុនៅកម្ពុជា នៅមានកំរឹតនៅឡើយ ជាពិសេសនៅតាមតំបន់ជនបទ។

គិតមកដល់ឆ្នាំ ២០១៥ មនុស្សពេញវ័យមានចំនួនតែ ៥៩% ប៉ុណ្ណោះ ដែលទទួលបាននូវសេវាហិរញ្ញវត្ថុជាផ្លូវការ។ ផ្ទុយទៅវិញ ស្ទើតែមួយភាគបីនៃប្រជាពលរដ្ឋមិនបានទទួលនូវសេវាហិរញ្ញវត្ថុណាមួយឡើយ។ ហើយការខិតខំប្រឹងប្រែកែលំអសេវាហិរញ្ញវត្ថុអោយបានដល់ជនគ្រប់រូប ត្រូវបានជួបនឹងឧបសគ្គនៃអនក្ខរភាពហិរញ្ញវត្ថុ (financial illiteracy) ។

អាស្រ័យហេតុនេះ ការផ្សព្វផ្សាយចំណេះដឹងពីប្រព័ន្ធហិរញ្ញវត្ថុមូលធននិយម កំពុងត្រូវបានអនុវត្តនៅតាមសាលារៀននានា។ ហើយមេរៀនស្តីពីប្រព័ន្ធនេះ ក៏ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាររបស់សិស្សចាប់ពីថ្នាក់ទី ១ រហូតដល់ថ្នាក់ទី ១២ ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *