ដោយ៖ពេជ្រ
ភ្នំពេញ៖ នាខែកក្កដាខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមត្រៀមធ្វើការហោះហើរមកកម្ពុជាឡើងវិញ ខណៈបានផ្អាកបណ្ដោះអាសន្ននាពេលកន្លងមកនាកំឡុងពេលរាតត្បាតជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ។
តាមរយៈសារព័ត៌មានវៀតណាម បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ត្រៀមនឹងធ្វើការហោះហើរឡើងវិញ នៅថ្ងៃទី០២ ខែកក្កដា។
តំណាងរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានឱ្យដឹងថា សព្វថ្ងៃក្រុមហ៊ុនកំពុងពិភាក្សាលំអិតជាមួយលេខាធិការដ្ឋានអាកាសចរស៊ីវិលវៀតណាម ក្រសួងគមនាគម និងដឹកជញ្ជូន ក្រសួងការបរទេស និងក្រសួងសុខាភិបាលវៀតណាម ដើម្បីរកវិធានការបើកជើងហោះហើរឡើងវិញឱ្យសមស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រីវៀតណាម។
ជាមួយគ្នានេះដែរ ការបើកការហោះហើរឡើងវិញ រួមមានកម្ពុជា ឡាវ និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ផងដែរ៕