ដោយៈ ទិន សុខាវុធ
ធនាគារ Phnom Penh Commercial Bank (PPCBank) ដែលជាធនាគារបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន JB Financial Group នៅប្រទេសកូរ៉េខាងត្បូង មានគំរោងនឹងពង្រីកសាខាចំនួន ៤ ទៀតនៅប្រទេសកម្ពុជា បន្ទាប់ពីបានធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រកបដោយជោគជ័យ កាលពីឆ្នាំកន្លងទៅ។
លោក Shin Chang Moo ប្រធានធនាគារ PPCBank បានអោយដឹងថា ធនាគាររបស់លោកមានគំរោងនឹងពង្រីកសាខាអោយបាន ៤ ទៀត បន្ថែមទៅលើសាខាមានស្រាប់ចំនួន ២១ ដែលត្រូវបានបំពាក់ដោយម៉ាស៊ីនបើកប្រាក់ ATM ចំនួន ៤៦ នៅទូទាំងប្រទេសប្រទេសកម្ពុជា។
លោកបានអោយដឹងទៀតថា សាខាថ្មីទាំងនោះនឹងត្រូវបង្កើតឡើងនៅតាមជាយក្រុងភ្នំពេញ និងនៅខេត្តកពង់ស្ពឺ ប៉ោយប៉ែត និង ស្វាយរៀងក្នុងក្រុងបាវិត។
ទាក់ទងនឹងបញ្ហាហិរញ្ញប្បទានក្នុងការបង្កើតសាខាទាំង ៤ នោះ លោក Shin Chang Moo បានលើកឡើងថា ធនាគាររបស់លោកនឹងប្រមូលយកទុនវិនិយោគ តាមរយការបើកការខ្ចីប្រាក់ពីអ្នកវិនិយោគទាំងឡាយ នៅលើទីផ្សារភាគហ៊ុនកម្ពុជា (CSX) ឬអាចនិយាយតាមរបៀបទីផ្សារហិរញ្ញវត្ថុថា ជាការបើកលក់មូលបត្របំណុលសាជីវកម្មនៅលើទីផ្សារភាគហ៊ុនកម្ពុជា។
ធនាគារ PPCBank ត្រូវបានបង្កើតឡើងនិងបានប្រកបមុខរបររកស៊ីនៅក្នងទីផ្សារហិរញ្ញវត្ថុកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៨ មកម្លេះ។ ជារួម PPCBank មានគោលដៅផ្តល់សេវាហិរញ្ញវត្ថុ មានដូចជាប្រាក់កំចីជាដើម អោយដល់ក្រុមហ៊ុនឯកជន មានដូចជាសហគ្រាសធុនតូចនិងមធ្យមជាដើម (SME) ។
យោងតាមលោក Shin Chang Moo ការជួយពង្រីកវិស័យឯកជន ដែលជា SME នៅកម្ពុជា ដោយការផ្តល់នូវហិរញ្ញប្បទានចាំបាច់ទាំងឡាយ ដើម្បីបង្កលទ្ធភាពអោយក្រុមហ៊ុនឯកជនទាំងនោះ អាចបង្កើតមុខរបរថ្មី ឬពង្រីកមុខរបរចាស់របស់ពួកគេ គឺជាគោលដ៏ចំបងរបស់ធនាគាររបស់លោក ក្នុងការធ្វើអោយមានការរីកចំរើនជាមួយគ្នា ជាមួយនឹងក្រុមហ៊ុនឯកជនទាំងនោះ៕