
ធនាគារ J Trust Royal Bank នឹងចូលរួមជាដៃគូទូទាត់សេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសម្រួលដល់ការទូទាត់របស់បងប្អូនប្រជាពលរដ្ឋ។ នេះបើតាមការជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារ J Trust Royal Bank ដឹកនាំដោយលោកស្រី ហង់ ជូនណារីតា នាយិកា នាយកដ្ឋានសេវាកម្មធនាគារផ្នែកសាជីវកម្ម។

ជំនួបនេះដែរ មានគោលបំណងក្នុងការបង្កើតកិច្ចសហការរវាងធនាគារ J Trust Royal Bank និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការផ្ដល់ជម្រើសទូទាត់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកជំរុញសេវាសាធារណៈឲ្យបានឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនធនាគារ J Trust Royal Bank ថា៖ ការបង់កម្រៃសេវាសាធារណៈទាំងអស់មកក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានធ្វើឡើងតាមរយៈភ្នាក់ងារហិរញ្ញវត្ថុ និង ធនាគារជាដៃគូរ ដែលរួមមាន៖ ស្មាតលុយ, លីហួរ, តារាផេ, ធនាគារអេស៊ីលីដា, ធនាគារកម្ពុជា, និងធនាគារវីង ដែលអាចបង្កភាពងាយស្រួល និងចំណេញពេលវេលាសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការទូទាត់ថ្លៃសេវាសាធារណៈទាំងនោះ។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យប្រតិភូធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សិក្សាអំពីនីតិវិធី និងបច្ចេកទេសជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការតភ្ជាប់រវាងប្រព័ន្ធទាំងពីរ៕


អត្ថបទដោយ៖ Nevin
