
ដោយៈ ទិន សុខាវុធ
ធនាគារ ACLEDA ដែលជាធនាគារពាណិជ្ជលំដាប់ថ្នាក់លើគេនៅកម្ពុជា បានប្រកាសថាថា ពួកគេនឹងដាក់លក់ភាគហ៊ុន ជាលើកដំបូងនៅលើទីផ្សារភាគហ៊ុនកម្ពុជា ក្នុងពេលឆាប់ៗខាមុខនេះ។
យោងតាមលោកបណ្ឌិត អ៊ិន ចាន់នី នាយកប្រតិបត្តិនៃធនាគារ ACLEDA ការសំរេចចិត្តលក់ភាគហ៊ុននេះ គឺក្នុងគោលបំណងបង្កើនប្រភពទុន អោយកាន់តែសំបូរបែបថែមទៀត ដើម្បីបង្កើនប្រាក់ចំណេញ អោយបានកាន់តែច្រើនឡើងថែមទៀត។
លោកនាយកប្រតិបត្តិធនាគារ បានបន្តទៀតថា ភាគហ៊ុននៃធនាគាររបស់លោកនឹងត្រូវប្រកាសដាក់លក់ជាផ្លូវការ បន្ទាប់ពីបានទទួលការអនុញ្ញាតពីអាជ្ញាធរនៃទីផ្សារភាគហ៊ុនកម្ពុជា ហៅកាត់ថា CSX ។
ចំពោះរឿងលក់ភាគហ៊ុននេះ ធនាគារ ACLEDA បានជ្រើសរើសយកក្រុមហ៊ុន Yuanta Securities (Cambodia) Plc. ធ្វើជាទីប្រឹក្សាហិរញ្ញវត្ថុតែមួយគត់។
ទាក់ទងនឹងប្រាក់ចំណេញរបស់ធនាគារ ACLEDA កន្លងមក លោកបណ្ឌិត អ៊ិន ចាន់នី ធ្លាប់បានអះអាងប្រាប់អ្នកសារព័ត៌មានថា ប្រាក់ចំណេញរបស់ធនាគាររបស់លោក អាចកើនលើសពី $100 លានដុល្លារ ដែលជាការរំពឹងទុកនៅសំរាប់ឆ្នាំ ២០១៩ នេះ។
លោកបានបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលធ្វើអោយធនាគាររបស់លោកទទួលប្រាក់ចំណេញ បានលើសផែនការនេះ ក៏ដោយសារកម្ពុជាបច្ចប្បន្នមានស្ថេរភាពនយោបាយ និង សន្តិសុខសង្គម ដែលជាកត្តានាំអោយមានកំណើនសេដ្ឋកិច្ចស្ថិតក្នុងរង្វង់ប្រមាណ ៧ ភាគរយក្នុងមួយឆ្នាំ។
បើតាមការអះអាងរបស់លោកប្រធានធនាគារ មកទល់ខែ កញ្ញា ឆ្នាំ ២០១៩ ធនាគាររបស់លោកបានផ្តល់ប្រាក់កំចីប្រមាណ $3.6 ពាន់លានដុល្លារ អោយដល់អថិជន គឺស្មើនឹង ៩០% នៃផែនការកំណត់។ ចំពោះការទទួលប្រាក់បញ្ញើវិញ នៅក្នុងរយពេលដូចគ្នា ធនាគាររបស់លោកបានទទួលប្រាក់បញ្ញើប្រមាណជា $4.2 ពាន់លានដុល្លារ ដែលស្មើនឹង ៩០% នៃផែនការកំណត់ដូចគ្នា។
បើនិយាយពីការប្រកួតប្រជែងនៅលើទីផ្សារហិរញ្ញវត្ថុវិញ លោក អ៊ិន ចាន់នី បានលើកឡើងថា បណ្តាធនាគារពាណិជ្ជនិងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុទាំងឡាយ បំពេញកង្វះខាតអោយគ្នាទៅវិញទៅមក។ ជាទូទៅ ភាពប្រកួតប្រជែងនេះ មានភាពវិជ្ជមានច្រើនគឺមានន័យថា «រួមរស់ជាមួយគ្នា ដើម្បីការរីកចំរើនទាំងអស់គ្នា»។
គួររំលឹកឡើងវិញថា ធនាគារ ACLEDA បានអភិវឌ្ឍខ្លួនពីអង្គការក្រៅរដ្ឋាភិបាល (NGO) ទៅជាធនាគារពាណិជ្ជលំដាប់លេខ ១ នៅកម្ពុជា ក្នុងរយពេល ២៧ ឆ្នាំកន្លងមកនេះ៕
