We TV Cambodia

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេចចុះ​បញ្ជី​មូលបត្រ​កម្មសិទ្ធិ​ជា​ផ្លូវការ​ហើយនៅថ្ងៃនេះ

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេចចុះ​បញ្ជី​មូលបត្រ​កម្មសិទ្ធិ​ជា​ផ្លូវការ​ហើយនៅថ្ងៃនេះ
ធនាគារ អេស៊ីលីដា (ប្រភព៖ Google)

នោថ្ងៃតី២៥ ខែឧសភា ឆ្នាំ២០២០នេះ ធនាគារ អេស៊ីលីដា បានសម្រេចចុះ​បញ្ជី​មូលបត្រ​កម្មសិទ្ធិ​ជា​ផ្លូវការ​ហើយនៅ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា។ នេះបើយោងតាមការប្រកាសរបស់ធនាគារអេស៊ីលីដា។

ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺ​ជា​ការ​បើក​ទំព័រ​ស័ករាជ​ថ្មី​នៃ​ប្រវត្តិ​ជោគជ័យ​របស់​ធនាគារ ក្នុង​នាម​ជា​ធនាគារ​ពាណិជ្ជ​ទី១ ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា។

បណ្ឌិត អ៊ីន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា “យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ និង​សូម​ជូន​ដំណឹង​ដល់​សាធារណជន​ទាំង​អស់​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ចុះ​បញ្ជី​ជា​ផ្លូវការ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា នៅ​ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០នេះ។ តាម​រយៈ​ការ​ចូលរួម​ក្នុង​ដំណាក់កាល​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី វិនិយោគិន​រូបវន្ត​បុគ្គល និង​នីតិបុគ្គល មាន​ឱកាស​វិនិយោគ​ជា​លើក​ដំបូង​នៅ​ក្នុង​ធនាគារ​ពាណិជ្ជ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ភាគហ៊ុនិក​សាធារណៈ​ថ្មី​របស់​ធនាគារ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការរីក​ចម្រើន​របស់​ធនាគារ តាម​រយៈ​ភាគលាភ​និង​ចំណេញ​មូលធន។ ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ទាក់ទាញ​វិនិយោគិន​រូបវន្តបុគ្គល​សញ្ជាតិ​ខ្មែរ​ជា​ច្រើន​ចូលរួម​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា នឹង​បន្ត​រួមចំណែក​អភិវឌ្ឍ​ផ្សារ​មូលធន​កម្ពុជា។

បណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រភព៖ Google)

លោក Han Kyung Tae អគ្គនាយក​ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា «ជា​មួយ​នឹង​ការ​ចុះ​បញ្ជី​ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា មូលធនូប​នីយកម្ម​ទីផ្សារ​សរុប​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា នឹង​កើន​ឡើង ៣ដង។ យើងខ្ញុំ​មាន​កិត្តិយស និង​សេចក្តី​សោមនស្ស​រីករាយ ដែល​បាន​ចូល​រួម​នៅ​ក្នុង​គម្រោង​ដ៏​សំខាន់​មួយ​នេះ ក្នុង​នាម​ជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ​តែ​មួយ​គត់​របស់​ធនាគារ និង​ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ទីផ្សារ​មូលបត្រ​កម្ពុជា។ យើង​ខ្ញុំ​ជឿ​ជាក់​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បោះ​ជំហាន​ដំបូង​ដ៏​សំខាន់ ដើម្បី​ក្លាយ​ជា​ប្រជា​ធនាគារ​ដ៏​ពិត​ប្រាកដ តាម​រយៈ​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ​នេះ ។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ដឹកនាំ​គម្រោង​ដ៏​សំខាន់​នេះ ក្រុមហ៊ុន យាន់តា នឹង​បន្ត​ជួយ​ដល់​ក្រុមហ៊ុន​បោះ​ផ្សាយ និង​វិនិយោគិន​សាធារណៈ​ទាំង​អស់ តាម​រយៈ​ការ​បង្កើន​សន្ទនីយភាព​ភាគហ៊ុន​ធនាគារ​នៅ​ក្នុង​ទីផ្សារ​បន្ទាប់។ យើង​ខ្ញុំ​ជឿ​ជាក់​ថា ការ​ជួយ​ដល់​ក្រុមហ៊ុន​បោះផ្សាយ​ក្នុង​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​បន្ត​បន្ទាប់ និង​ការ​ប្រើប្រាស់​វិធីសាស្រ្ត​ជួញ​ដូរ​តាម​ការ​ចរចា​នា​ពេល​អនាគត នឹង​ជួយ​បង្កើន​សន្ទនីយភាព និង​ទាក់ទាញ​វិនិយោគិន​បរទេស​បាន​កាន់​តែ​ច្រើន មិន​ត្រឹម​តែ​សម្រាប់​ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុណ្ណោះ​ទេ ថែម​ទាំង​សម្រាប់​ទីផ្សារ​មូលធន​នៅ​កម្ពុជា​ផង​ដែរ»។

លោក Han Kyung Tae អគ្គនាយក​ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី (ប្រភព៖ Google)

អត្ថបទដោយ៖ Nevin

Related Articles