We TV Cambodia

ធនាគារ​ឯកទេស​ Wing និង ធនាគារ ABA បាន​ចាប់​ដៃគូ​ជាមួយគ្នា​ជា​ផ្លូវការ ដើម្បី​នាំមកនូវសេវាកម្មផ្ទេរប្រាក់កាន់តែលឿនរហ័សទាន់ចិត្ដ

ធនាគារ​ឯកទេស​ Wing និង ធនាគារ ABA បាន​ចាប់​ដៃគូ​ជាមួយគ្នា​ជា​ផ្លូវការ ដើម្បី​នាំមកនូវសេវាកម្មផ្ទេរប្រាក់កាន់តែលឿនរហ័សទាន់ចិត្ដ

ធនាគារ​ឯកទេស​ Wing និង ធនាគារ ABA បាន​ចាប់​ដៃគូ​ជាមួយគ្នា​ជា​ផ្លូវការ ដើម្បី​នាំមកនូវសេវាកម្មផ្ទេរប្រាក់កាន់តែលឿនរហ័សទាន់ចិត្ត និងប្រកបដោយសុវត្ថិភាពនៅកម្ពុជា ​។​

កាលពីថ្ងៃទី ​២៨ ខែមករា ឆ្នាំ ​២០២០ ម្សិលមិញកន្លងទៅនេះ ធនាគារ​ឯកទេស ​Wing  (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែលជា​អ្នកផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង​ធនាគារ ABA ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឌីជីថល​ឈានមុខ​គេ​នៅ​កម្ពុជា ត្រូវបានគេទទួលស្គាល់​យ៉ាង​ទូលំទូលាយ ចំពោះ​ការខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

ធនាគារ​ឯកទេស Wing តែងតែ​ខិតខំ​ប្រឹងប្រែង ក្នុងការ​ពាំនាំ​ផលិតផល ប្រកបដោយ​ភាព​ច្នៃប្រឌិត ក្នុងការ​ជំរុញ​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​ក្នុងប្រទេស ដោយ​រួមបញ្ចូល​ទាំង​អ្នកមាន​គណនី​ធនាគារ និង​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ​។ ស្របពេល​នេះដែរ ធនាគារ ABA ត្រូវបានគេទទួលស្គាល់​យ៉ាង​ទូលំទូលាយ ទាំង​ថ្នាក់ជាតិ​និង​អន្តរជាតិ ជា​ធនាគារ​ដែល​ឈានមុខ​គេ​នៅ​កម្ពុជា តាមរយៈ​ការផ្លាស់ប្តូរ​ផ្នែក​ឌីជីថល ដោយ​ផ្តោត​សំខាន់​លើ​បច្ចេកវិទ្យា និង​ធនាគារ​ចល័តប្រកបដោយ​ភាពងាយស្រួល​។​

​ភាពជា​ដៃគូ​នេះ ធ្វើឲ្យអតិថិជន​របស់​ធនា​គារ​ឯកទេស Wing និង​អតិថិជន​ធនាគារ ABA ​អាចនឹង​ផ្ទេរប្រាក់ ពី​គណនី Wing ទៅ​គណនី ABA ទៅវិញទៅមក​បាន តាមរយៈ​កម្មវិធី ABA Mobile និង​កម្មវិធី​ស្មា​ត​ហ្វូ​ន Wing ​។ ជាងនេះទៀត វាក៏អាចអនុញ្ញាតឲ្យ​អតិថិជន​ធនាគារ ABA អាច​បង់​សង​ប្រាក់កម្ចី​របស់​ពួកគាត់ នៅតាម​ភ្នាក់ងារ​វី​ង ដែល​នៅ​ជិត​បំផុត និងមាន​ជាង 7,300 កន្លែង​នៅ​ទូទាំងប្រទេស ឬ​អាច​ផ្ទេរប្រាក់​ពី​គណនី វី​ង ទៅ​គណនី ABA នៅក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង នៅ​ផ្នែក​ទូទាត់​វិក្កយបត្រ ឬ​ប្រើ USSD កូដ *989# ក៏បាន​ ហេតុនេះវាបានធ្វើឲ្យអតិថិជនកាន់តែចំណាយពេលតិច រហ័ស និងមានភាពងាយស្រួល។

​បើយោងតាមលោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​មានប្រសាសន៍ឲ្យដឹងថា​ ៖«យើង​តាំងចិត្ត​ធ្វើ​ឲ្យ​ប្រាកដថា ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​ភាពងាយស្រួល និង​មាន​សុវត្ថិភាព នៅពេលដែល​ប្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​មួយ​នេះ​។»

លោកថ្លែងថា៖« យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ដែល​ភាពជា​ដៃគូ​នេះ អាច​ឲ្យ​យើង​បម្រើ​តម្រូវការ​ផ្ទេរប្រាក់ និង​ដាក់​ប្រាក់​ដ៏​សម្បូរបែប ជូន​ដល់​អតិថិជន​របស់​យើង នៅ​ទូទាំងប្រទេស​កម្ពុជា និង​ជួយ​សន្សំសំចៃ​ពេលវេលា ក្នុងការ​ធ្វើដំណើរ​ទៅកាន់​សាខា​របស់​ធានា​គារ​។»

លោកបន្តថា៖«​លើសពីនេះ​ទៀត វាក៏​បង្ហាញឲ្យឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈររបស់​យើង ក្នុងការ​ផ្តល់ជូន​ប្រជាជន​កម្ពុជា នូវ​ភាពងាយស្រួល ក្នុងការ​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ និង​សេវាកម្ម​ធានា​គារ​ផ្លូវការ​មួយ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ធំ​របស់​យើង និង​បាន​ជំរុញ​ឌីជីថល យេនឌ័រ ព្រមទាំង​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។»​

​ដោយឡែក លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​របស់​ធនាគារ ABA ក៏បានលើកឡើងថា ៖«​យើង​មាន​ភាព​រីករាយ​សូម​ប្រកាស​ជា​ផ្លូវការ នូវ​ភាពជា​ដៃគូ​របស់​យើង ជាមួយ​ធនាគារ Wing លើ​សេវា​ផ្ទេរប្រាក់ និង​ទូទាត់​សង​កម្ចី​។ អតិថិជន​របស់​យើាង​ឥឡូវនេះ អាចដាក់​ប្រាក់​ចូល​គណនី ABA របស់​ពួកគេ​បាន​កាន់តែ​ងាយស្រួល ព្រមទាំង​អាច​ផ្ទេរប្រាក់​ទៅវិញទៅមក រវាង​កម្មវិធី Wing និង​កម្មវិធី ABA Mobile ជាមួយ​តម្លៃ​សមរម្យ ហើយ​អាច​ប្រើប្រាស់​សម្រាប់​ការទិញ ទំនិញ ឬ​ផ្ទេរប្រាក់​ជូន​បងប្អូន​សាច់ញាតិ​របស់​ពួកគេ បាន​ថែម​ទៀតផង​។ សេវា​ហិរញ្ញវត្ថុ​ឌីជីថល​ដ៏​ទំនើប របស់​ធនាគារ ABA មាន​សក្តានុពល នាំមក​នូវ​វឌ្ឍនភាព​ដ៏​ធំ​ទូលាយ ហើយ​ខ្ញុំ​ជឿជាក់ថា កិច្ចសហការ​របស់​យើង ជាមួយ​ធនាគារ Wing ដែល​យើង​ប្រកាស​នា​ថ្ងៃនេះ នឹង​ជួយ​ជំរុញ​កម្ពុជា​យើង ឆ្ពោះទៅរក​សង្គម​ទំនើប​ទូទាត់​បែប​ឌីជីថល​​។»​

សូមបញ្ជាក់ថា ធនាគារឯកទេសវីង ជាក្រុមហ៊ុនឈានមុខគេ ផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារវីងជាង ៧០០០កន្លែងនៅទូទាំងប្រទេស។ វីង បានចងសម្ព័ន្ធភាពជាមួយ អាជីវករជាង ២៥០០០ កន្លែង និងក្រុមហ៊ុនអន្តរជាតិរួមមាន Mastercard Western Union MoneyGram និងក្រុមហ៊ុន WorldRemit។ លើសពីនេះទៀត សហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាក្រុមហ៊ុនធំៗ អាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយសម្រួលដល់ប្រព័ន្ធនៃប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគាត់។​រីឯ ​ABA Bank មានសាខា​ច្រើន​ជាង​ 75,​ ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 200,​ ម៉ាស៊ីន​ ATM​ ជាង​350​ ទូ​ទាំង​ប្រទេស​,​ សេវា​ធនាគារ​អន​ឡាញ​ និង​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ ធ្វើ​ឲ្យ​ធនាគារ​ ABA​ អាច​បម្រើ​អតិថិជន​បាន​កាន់តែ​ច្រើន​ឡើងៗ​ជាមួយ​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប​នេះ​​​៕

ដោយ៖ ឧត្ដម

Related Articles