We TV Cambodia

ធនាគារ​រដ្ឋ SME Bank ​សំរាប់​ជួយ​វិស័យ​ឯកជន ចាប់​ផ្តើម​ដំណើរការ​នៅ​ខែ​មិនា

ធនាគារ​រដ្ឋ SME Bank ​សំរាប់​ជួយ​វិស័យ​ឯកជន ចាប់​ផ្តើម​ដំណើរការ​នៅ​ខែ​មិនា

ដោយៈ ទិន សុខាវុធ

រាជ​រដ្ឋាភិបាល​គ្រោង​នឹង​ដាក់​អោយ​ដំណើរការ​ធនាគារពិសេស​មួយ​ មានឈ្មោះថា SME Bank នៅ​ខែ​មិនា ឆ្នាំ ២០២០ ខាង​មុខ​នេះ ក្នុង​គោល​បំណង​ជួយ​ផ្តល់​ហិរញ្ញប្បទាន​ដល់​វិស័យ​ឯកជន ដែល​​ជា​សហគ្រាស​ធុន​តូច​និង​មធ្យម ក្នុងការបង្កើត​ក្រុមហ៊ុន​ថ្មី​​និង​ឬ​​ពង្រីក​មុខ​របររក​ស៊ី​​របស់​ពួក​គេ​។

យោង​តាម​លោកឧកញ៉ា តាំង ប៉ ប្រធាន​សម្ព័ន្ធ​សហគ្រាសធុនតូច​និងមធ្យម​កម្ពុជា រាជរដ្ឋាភិបាល​នឹង​សម្ពោធ​ដាក់​អោយ​ដំណើរការ​​ធនាគារ SME Bank មួយ​នេះ​ នៅ​ក្នុង​​ខែ​មិនា ជាមួយ​នឹងដើមទុន​បឋម​​​ប្រមាណជា $100 លាន​ដុល្លារ សំរាប់​ផ្តល់​កំចី​ក្នុង​រូបភាព​ផ្សេង​ៗ​​អោយ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​ដែល​ត្រូវការដើម និង​ដែល​បាន​ចុះ​បញ្ជីជាមួយ​នឹង​រាជរដ្ឋាភិបាល​។

ជាក់ស្តែង​ ធនាគារនេះនឹង​ផ្តល់​កំចី​អោយ​ដល់​អ្នក​ជំនួញ​ទាំងឡាយ​ ដែល​មាន​បំណង​ចង់​បើក​ក្រុមហ៊ុន​​ថ្មី​​ក្នុង​ការ​ប្រកប​មុខ​របររកស៊ី​ផ្សេង​ៗ ជា​ពិសេស​មុខ​របរ​រក​ស៊ី​​នៅក្នុង​វិស័យ​កសិកម្ម រោងចក្រ ទេសចរណ៍ និង វិស័យ​ឌីជីតល់ ដែល​នឹង​នាំ​ផលិត​ផល​ចេញ​ទៅ​លក់​នៅ​​ឯបរទេស​។

យ៉ាងណាម៉ិញ ធនាគារ​មួយ​នេះនឹង​ត្រូវ​គ្រប់​គ្រង​​ផ្ទាល់​​ ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

ទាក់ទង​នឹង​បញ្ហា​​នេះ លោក​ ចម​ ប្រសិទ្ធិ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម បាន​ជំរុញ​អោយ​សហគ្រាស​ធុន​តូច​និងមធ្យម​ទាំងឡាយ​​នៅ​កម្ពុជា ចុះ​បញ្ជី​ជាមួយនឹង​​រាជ​រដ្ឋាភិបាល ដើម្បី​ទទួល​បាន​​នូវ​ការលើក​ទឹក​ចិត្ត​មួយ​ចំនួន​មាន​ដូចជា ការបន្ថយ​ពន្ធ​ជាដើម​។

លោក​រដ្ឋ​មន្ត្រី​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា នៅ​កម្ពុជា​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ឯកជន​ជាង ៥០០,០០០ ក្រុមហ៊ុន តែ​មាន​ក្រុមហ៊ុន​ប្រមាណ​ជា ៥% ប៉ុណ្ណោះ ដែល​បាន​ចុះ​បញ្ជី​ជាមួយ​នឹងរាជ​រដ្ឋាភិបាល​៕

Related Articles