
ធានាគារឯកជន KB Kookmin Bank នៃប្រទេសកូរ៉េខាងត្បូង កាលពីម្សិលម៉ិញ បានប្រកាសទិញយកភាគហ៊ុន ៧០% របស់ស្ថាប័នមីក្រូហិញ្ញវត្ថុប្រាសាក់ ពីក្រុមហ៊់ុនផ្តល់កំចី LOLC Holdings ។ បើគិតជាទឹកប្រាក់ ភាគហ៊ុននោះមានតំលៃប្រមាណ $603.4 លានដុល្លារ យោងតាមការផ្សាយរបស់សារព័ត៌មានកូរ៉េ The Korea Herald ។
មួយវិញទៀត ធានាគារកូរ៉េ KB Kookmin Bank បានអោយដឹងថា កិច្ចព្រមព្រៀងនៃទិញភាគហ៊ុននេះ នឹងត្រូវរួចរាល់ស្រេចបាច់ក្នុងរយៈពេល ៣ ខែទៀត បន្ទាប់ពីបានទទួលការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរ។
បើតាមកិច្ចព្រមព្រៀងនេះ អតិថិជនរបស់ធនាគារ KB Kookmin Bank អាចនឹងប្រើប្រាស់សេវារបស់បណ្តាញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នៅក្នុងប្រទេសកម្ពុជា នៅក្នងមុខជំនួញរបស់ពួកគេ។
លើសពីនេះទៀត ធនាគារ KB Kookmin Bank ក៏មានគោលបំណងផងដែរ ក្នុងការទិញយកភាគហ៊ុននៅសល់ចំនួន ៣០% ទៀត ពីស្ថាប័នមីក្រូហិរញ្ញវត្ថុប្រាសាក់ ពីរឆ្នាំក្រោយពីការទិញភាគហ៊ុនសំរាប់ចំនួន ៧០% នេះ។
ប្រាសាក់ជាស្ថាប័នមីក្រូហិរញ្ញវត្ថុដ៏ធំមួយ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ បានបង្កើតសាខាបានចំនួន ១៧៧ សាខាហើយ នៅទូទាំងប្រទេសកម្ពុជា។ ជាលទ្ធផល ប្រាសាក់មានចំណែកប្រមាណជា ៤០% នៅក្នុងទឹផ្សារហិរញ្ញវត្ថុនៅកម្ពុជា។
មួយវិញទៀត នៅក្នុងឆ្នាំ ២០១៨ កន្លងមក ប្រាក់ចំណេញរបស់ប្រាសាក់បានកើនដល់ $78.7 លានដុល្លារ ស្មើនឹង ៣៦.៧% បើធៀបទៅនឹងឆ្នាំ ២០១៧ យោងតាមតួលេខរបស់ KB Financial Group ៕
