We TV Cambodia

ធនាគារអភិវឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០ នេះ មានភាពល្អប្រសើរជាងមុន

ធនាគារអភិវឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០ នេះ មានភាពល្អប្រសើរជាងមុន

ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០នេះ មានភាពល្អប្រសើរជាងមុន ដោយសារតែមានការកើនឡើងនូវផលិតកម្ម វិស័យកសិកម្ម និងការកើនឡើង ​ នៃការនាំចេញផលិតផលមិនមែន​សំលៀកបំពាក់​​ ​ដូចជា​កង់​ និងគ្រឿងអេឡិចត្រូនិក។

លោកស្រី Sunniya Durrani-Jamal នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា កូវីដ១៩ បានបង្កើតវិបត្តិដ៍ធំ ប៉ុន្តែជាសំណាងល្អ ដែលកម្ពុជាមិនមានវិបត្តផ្នែកសុខាភិបាល ហើយគេរំពឹងថា កំណើនសេដ្ឋកិច្ចនឹងស្ទុះងើប​ឡើង​វិញដល់ ៥,៩ភាគរយ នៅក្នុងឆ្នាំ ២០២១។

បើតាមរបាយការណ៍ដដែលបានបន្ដថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃការបញ្ជាទិញពីអឺរ៉ុប និងអាម៉េរិក បាននាំដល់ការបិទទ្វារនៃរោងចក្រសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែក​ជើង ប្រហែល ១/៣ ក្នុងឆមាសទី១ នៃឆ្នាំ ២០២០។ ប៉ុន្តែ កំណើន​នៃការ​ផលិតកង់ និងគ្រឿងអេឡិចត្រូនិក បានជំរុញឱ្យ​ការនាំចេញ​ផលិតផលក្រៅពីទំនិញកាត់ដេរ​របស់កម្ពុជាកើនឡើង៣០,៣% ក្នុងឆមាសទី១ ឆ្នាំ ២០២០នេះ។

ទន្ទឹមនេះ កំណើនសរុបនៃផលិតផលឧស្សាហកម្ម ត្រូវបានព្យាករថានឹងកើន ៥,១ភាគរយ  ក្នុងឆ្នាំ ២០២០ ប្រសិនបើការនាំចេញនៃ សម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែក​ជើង បន្តងើបឡើង។ ទោះជាយ៉ាងណា របាយការណ៍បានបញ្ជាក់ថា ហានិភ័យនៅតែមាន ដោយសារតែការធ្លាក់ចុះនៃវិស័យទេសចរណ៍អន្តរជាតិ និងការបន្តធ្លាក់ចុះ នៃឧស្សាហ​កម្មកាត់ដេរ និងសំណង់ និងការថយចុះ​នៃកសិផល។

របាយការណ៍របស់ ADB ដដែលនេះបានបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុបរបស់​កម្ពុជាក្នុងឆ្នាំ២០២០នេះ នឹងស្ថិតក្នុងរង្វង់ -៤.០% ខណៈកាលពីខែមិថុនាកន្លងទៅ ADB បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ នេះនឹងស្ថិតក្នុងរង្វង់ -៥,៥% ឯណោះ។

អត្ថបទដោយ៖ Nevin

Related Articles