
ដោយៈ ទិន សុខាវុធ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសំរេចផ្តល់កំចីជាទឹកប្រាក់ចំនួន $40 លានដុល្លារ សំរាប់គាំទ្រការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី ២ ដើម្បីធ្វើអោយមានស្ថេរភាពហិរញ្ញវត្ថុនៅក្នុងប្រទេស ពង្រីកវិស័យហិរញ្ញវត្ថុអោយដល់ជនគ្រប់រូប និងជំរុញការអភិវឌ្ឍប្រកបដោយនិរន្តភាព។
យោងតាមសេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័ររបស់ ADB ចុះផ្សាយនៅថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០១៩ ជំនួយឧបត្ថម្ភរបស់ ADB នៅពេលនេះ គឺជាការបន្តការគាំទ្រជាលើកទី ២ ទៅលើកម្មវិធីអភិវឌ្ឍន៍មួយរបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រការពង្រីកវិស័យហិរញ្ញវត្ថុអោយបានដល់ជនគ្រប់រូបនៅកម្ពុជា ដែលត្រូវបានចុះហត្ថលេខាគាំទ្រដោយ ADB កាលពីខែ តុលា ឆ្នាំ ២០១៦ កន្លងទៅ។
ជាក់ស្តែង កម្មវិធីនេះនឹងជួយពង្រីកវិស័យហិរញ្ញវត្ថុ អោយបានដល់គ្រួសារកសិករក្រីក្ររស់នៅតាមតំបន់ជនបទនានាទូទាំងផ្ទៃប្រទេស រួមទាំងសហគ្រាសធុនមធ្យមផងដែរ។ តាមរយៈគោលនយោបាយនានានៅក្នុងកម្មវិធីនេះ ស្ថេរភាពនៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជា នឹងត្រូវធ្វើអោយប្រសើរឡើង ហើយហេដ្ឋារចនាសម្ព័ន្ធរបស់វិស័យនេះ ក៏នឹងត្រូវធ្វើអោយទាន់សម័យ ក្នុងគោលបំណងតំរូវទៅតាមសេវាកម្មនិងផលិតផលទំនើបៗ។
«វិស័យហិរញ្ញវត្ថុប្រកបដោយស្ថេរភាពនិងទាន់សម័យមួយ មានសារសំខាន់ណាស់សំរាប់ប្រទេសកំពុងអភិវឌ្ឍដូចជាប្រទេសកម្ពុជាជាដើម។ វានឹងធ្វើអោយជនគ្រប់រូបអាចទទួលបានយ៉ាងងាយស្រួលនូវសេវាហិរញ្ញវត្ថុជាផ្លូវការ។ ហើយបណ្តាក្រុមហ៊ុនទាំងឡាយ ក៏នឹងអាចខ្ចីប្រាក់មកធ្វើដើមទុនប្រកបដោយភាពទុកចិត្ត មកពង្រីកមុខរបររបស់ពួកគេ ដែលនឹងអាចជួយអោយសេដ្ឋកិច្ចជាតិកាន់តែរីកចំរើនឡើងថែមទៀត» នេះជាការលើកឡើងរបស់អ្នកស្រី Benita Ainabe អ្នកឯកទេសខាងវិស័យហិរញ្ញវត្ថុមួយរូបរបស់ ADB ។
«កម្មវិធីនេះតំណាងអោយភាពជាដៃគូជាយូរអង្វែង រវាង ADB និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសំរេចបាននូវគោលដៅទាំងអស់នេះ» អ្នកស្រី Benita Ainabe បានបន្ថែម។
យោងតាម ADB វិស័យហិរញ្ញវត្ថុនៅកម្ពុជាស្ថិតនៅក្នុងស្ថានភាពនៃការចាប់ផ្តើមនៅឡើយ ហើយត្រូវគ្របដណ្តប់ដោយផ្នែកធនាគារនិងមីក្រូហិរញ្ញវត្ថុ។ មួយវិញទៀត ទោះបីជាវិស័យនេះផ្តល់ផលផ្លែផ្កាដ៏គួរអោយកត់សំគាល់យ៉ាងណាក៏ដោយ ក៏ការទទួលបាននូវសេវាហិរញ្ញវត្ថុនៅកម្ពុជា នៅមានកំរឹតនៅឡើយ ជាពិសេសនៅតាមតំបន់ជនបទ។
គិតមកដល់ឆ្នាំ ២០១៥ មនុស្សពេញវ័យមានចំនួនតែ ៥៩% ប៉ុណ្ណោះ ដែលទទួលបាននូវសេវាហិរញ្ញវត្ថុជាផ្លូវការ។ ផ្ទុយទៅវិញ ស្ទើតែមួយភាគបីនៃប្រជាពលរដ្ឋមិនបានទទួលនូវសេវាហិរញ្ញវត្ថុណាមួយឡើយ។ ហើយការខិតខំប្រឹងប្រែកែលំអសេវាហិរញ្ញវត្ថុអោយបានដល់ជនគ្រប់រូប ត្រូវបានជួបនឹងឧបសគ្គនៃអនក្ខរភាពហិរញ្ញវត្ថុ (financial illiteracy) ។
អាស្រ័យហេតុនេះ ការផ្សព្វផ្សាយចំណេះដឹងពីប្រព័ន្ធហិរញ្ញវត្ថុមូលធននិយម កំពុងត្រូវបានអនុវត្តនៅតាមសាលារៀននានា។ ហើយមេរៀនស្តីពីប្រព័ន្ធនេះ ក៏ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាររបស់សិស្សចាប់ពីថ្នាក់ទី ១ រហូតដល់ថ្នាក់ទី ១២ ផងដែរ។
ដោយឡែក ចំពោះធនាគារអភិវឌ្ឍជនបទ (Rural Development Bank) ដែលជាធនាគារមួយរបស់រដ្ឋ ក៏ត្រូវបានកែទំរង់ ក្នុងគោលបំណងបង្កើតសេវាផ្តល់ប្រាក់កំចីអោយដល់សហគ្រាសធុនតូចនិងមធ្យម នៅក្នុងវិស័យកសិកម្ម។
ចំណែកឯរាជរដ្ឋាភិបាលវិញ ក៏បាននិងកំពុងបង្កើតច្បាប់និងបទដ្ឋាននានា ក្នុងគោលដៅការពារសិទ្ធិរបស់អតិថិជន ដោយបង្កើតផ្នែកទទួលពាក្យបណ្តឹងទាំងឡាយរបស់អតិថិជន នៅតាមបណ្តាធនាគារនៅក្នុងប្រទេស។
លើសពីនេះទៀត ADB ក៏បាននិងកំពុងជួយជ្រែមជ្រែងផងដែរ នូវការបង្កើតឡើងនូវប្រព័ន្ធម៉ាស៊ីនស្វ័យប្រវត្តិរបស់ធនាគារជាតិ ដែលតាមរយៈម៉ាស៊ីនទាំងនោះ អតិថិជនអាចប្រើប្រាស់ប័ណ្ណធនាគាររបស់ពួកគេ សំរាប់ប្រតិបត្តិការហិរញ្ញវត្ថុជាច្រើន។
ដូចគ្នាដែរ ADB ក៏បាននិងកំពុងជួយជ្រោមជ្រែងរាជរដ្ឋាភិបាល ក្នុងការបង្កើតច្បាប់និងបទដ្ឋានមួយចំនួនទាក់ទងនិងវិស័យហិរញ្ញវត្ថុ មានជាអាទិ៍ដូចជា Trust Law, e-Commerce Law, និង Consumer Protection Law ៕
