
ដោយៈ ទិន សុខាវុធ
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានសំរេចផ្តល់ហិរញ្ញប្បទានចំនួន
$119.16 លានដុល្លារ
សំរាប់ការកែលំអប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្តចំនួន ៤ នៅក្នុងប្រទេសកម្ពុជា
ដែលនឹងអាចស្រោចស្រពដីស្រែប្រមាណ ៤៣,៥០០ ហិកតា របស់ប្រជាកសិករចំនួន
២៩០,០០០ នាក់ ដែលចំនួនពាក់កណ្តាលនៃកសិករទាំងនោះគឺជាស្ត្រីភេទ។
យោងតាមសេចក្តិប្រកាសព័ត៌មាន ចុះផ្សាយនៅលើគេហទំព័ររបស់ ADB កាលពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ នៅក្នុងហិរញ្ញប្បទានចំនួន $119.16 លានដុល្លារនោះ ប្រាក់ចំនួន $117 លានដុល្លារជាកំចីសម្បទាន និងប្រាក់ចំនួន $2.16 លានដុល្លារទៀត ជាជំនួយឥតសំណង។
ប្រព័ន្ធធរាសាស្ត្រដែលនឹងត្រូវកែលំអ ដោយប្រើប្រាស់ហិរញ្ញប្បទានរបស់
ADB ចំនួន $119.16 លានដុល្លារនេះរួមមាន
ប្រព័ន្ធធរាសាស្ត្រកំពីងពួយក្នុងខេត្តបាត់ដំបង ប្រព័ន្ធធរាសាស្ត្រព្រែកពោរក្នុងខេត្តកំពង់ចាម
ប្រព័ន្ធធរាសាស្ត្រស្ទឹងជីនិតខាងត្បូងក្នុងខេត្តកំពង់ធំ និងប្រព័ន្ធធរាសាស្ត្រព្រែកជីកលេខ
១៥ ក្នុងខេត្តតាកែវ។
បើតាម ADB បណ្តាប្រព័ន្ធធរាសាស្ត្រខាងលើនេះនឹងជួយបង្កើនទិន្នផលកសិផលនៅក្នុងបណ្តាខេត្តទាំង
៤ នោះ ហើយវាក៏នឹងជាកត្តាមួយជួយកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសផងដែរ។
«Agriculture plays a central
role in the economic and social life of people in Cambodia, especially those
living in rural areas. Boosting agricultural productivity by focusing on the
improvement of sector infrastructure such as irrigation systems, which the ADB
initiative will focus on, will go a long way to empower people and lift them
out of poverty,» នេះជាការលើកឡើងរបស់កញ្ញា Thuy Trang Dang ដែលជាអ្នកឯកទេសជើងចាស់ផ្នែកអភិវឌ្ឍន៍ជនបទប្រចាំ
ADB ។
ADB បានបន្ថែមទៀតថា កសិកម្មគឺជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ពីព្រោះ ២២% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងឆ្នាំ ២០១៨ បានមកពីវិស័យកសិកម្ម។ ក៏ប៉ុន្តែ វិស័យនេះ ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃជីវភាពរស់នៅរបស់ប្រជាកសិកររស់នៅតាមតំបន់ជនបទ មិនត្រូវបានលើកស្ទួយនោះទេ។ ពោលគឺវិស័យកសិកម្មនៅកម្ពុជាស្ថិតក្នុងភាពហួសសម័យ និងមិនឆ្លើយតបទៅនឹងសេចក្តីត្រូវការនៅពេលបច្ចុប្បន្ននេះឡើយ។
ជាក់ស្តែង មានផ្ទៃដីកសិកម្មចំនួនប្រមាណជា ១.៣ លានហិកតាប៉ុណ្ណោះ ក្នុងចំណោមផ្ទៃដីកសិកម្មសរុបទាំងអស់ប្រហែលជា ៤ លានហិកតា ត្រូវគ្របដណ្តប់ដោយប្រព័ន្ធធរាសាស្ត្រ។ ហើយប្រហែលជា ៩០% នៃប្រព័ន្ធធរាសាស្ត្រទាំងនោះត្រូវចាត់ទុកថាហួសសម័យ ដែលមិនឆ្លើយតបទៅនឹងសេចក្តីត្រូវការបច្ចុប្បន្ននៅក្នុងវិស័យកសិកម្មឡើយ៕
