We TV Cambodia

ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ហិរញ្ញប្បទាន $1,450 លានដុល្លារ ជួយអោយកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកំរឹតខ្ពស់នៅឆ្នាំ ២០៣០

ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ហិរញ្ញប្បទាន $1,450 លានដុល្លារ ជួយអោយកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកំរឹតខ្ពស់នៅឆ្នាំ ២០៣០
រូបថតៈ We TV Cambodia/Theara Thoeurn

ដោយៈ ទិន សុខាវុធ

​ធនាគារអភិវឌ្ឍន៍​អាស៊ី (ADB) ​​ប្រចាំ​នៅ​កម្ពុជា នឹង​ផ្តល់ហិរញ្ញប្បទាន​​​គិត​ជា​ទឹក​ប្រាក់​ចំនួន​ប្រមាណ​ជា $1,450 លាន​ដុល្លារ ក្រោម​រូបភាព​ជា​កំចី​សម្បទាន​ ជំនួយ​ឥត​ចំណង និង​ជំនួយ​ឧបត្ថម្ភផ្នែកបច្ចេកទេស​ផ្សេង​ៗ ក្នុង​គោលបំណង​ជួយ​អោយ​​កម្ពុជា​ក្លាយ​ជាប្រទេស​មាន​ចំណូល​មធ្យម​កំរឹត​ខ្ពស់​ ក្នុង​ឆ្នាំ ២០៣០ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ចុះផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ ADB កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លង​ទៅ តាម​រយយុទ្ធសាស្ត្រដៃគូ​អភិវឌ្ឍន៍ប្រចាំ​ប្រទេស​​ ហៅកាត់​ថា CPS (Country Partnership Strategy) ដែល​ជា​ផែនការយុទ្ធសាស្ត្រ​សំរាប់​រយពេល ៥ ឆ្នាំ (2019-2023) ​​របស់​ ADB ក្នុង​ការរួម​សហការ​ជាមួយ​រាជ​​រដ្ឋាភិបាល​​និង​​វិស័យ​ឯកជនដើម្បី​អភិវឌ្ឍ​​​​ប្រទេសកម្ពុជា ADB បាន​ប្រកាស​ថា​នឹង​ផ្តល់ហិរញ្ញប្បទាន​ចំនួនប្រមាណ $1,450 លាន​ដុល្លារ​​នេះ សំរាប់​ជួយ​អភិវឌ្ឍ​វិស័យ​មួយ​ចំនួន​ មាន​ដូចជា​វិស័យ​ កសិកម្ម ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ការលើកកំពស់​កំរឹត​​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​និងជនបទ ការកសាង​ហេដ្ឋារចនា​សម្ព័ន្ធថាមពល​កកើតឡើងវិញ និង វិស័យ​អប់រំ ជាដើម​​។

លើស​ពី​នេះទៀត ADB ក៏នឹងផ្តល់​ជំនួយ​ឧបត្ថម្ភ​ផង​ដែរ​​ ដល់ការកែទំរង់រដ្ឋបាល​សាធារណ និង​ការកសាង​សមត្ថភាព​​របស់​បណ្តាស្ថាប័ន​ទាំងឡាយ​ ទាំង​នៅ​ក្នុង​វិស័យ​សាធារណ ក៏​ដូច​ជា​វិស័យ​ឯកជន​ ក្នុង​គោល​បំណងកែលំអ​ការទទួលបាន​នូវ​បណ្តាសេវា​ប្រកប​ដោយ​គុណភាព​សំរាប់​ប្រជាពលរដ្ឋ​​ និង​សំរាប់​បរិយាកាស​ធ្វើ​ជំនួញ​។

មួយវិញទៀត ហិរញ្ញប្បទាន​របស់​ ADB ក៏​មាន​គោលដៅផង​ដែរ ​ជួយ​​អោយ​រាជ​រដ្ឋាភិបាលកម្ពុជា​សំរេច​បាន​នូវ​គោលបំណង​បង្កើនភាព​ប្រកួត​ប្រជែង ការធ្វើពិពិធកម្ម​ប្រភព​កំណើន លើក​ស្ទួយ​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាពនិង​បរិយាប័ណ ទប់ទល់​ការផ្លាស់ប្តូរ​អាកាសធាតុ និង បង្កើនល្បឿន​​ការកែទំរង់អភិបាលកិច្ច​។

«Our new country partnership strategy will support the Cambodian government’s goals of increasing competitiveness and diversifying the sources of growth, fostering sustainable and inclusive development, building climate resilience, and accelerating governance reforms,» នេះ​ជាការលើក​ឡើងរបស់​លោកស្រី Sunniya Durrani-Jamal នាយក​ធនាគារ​ ADB ប្រចាំ​នៅ​កម្ពុជា​។

ធានាគារអភិវឌ្ឍន៍អាស៊ី ក៏​បាន​លើកឡើងផងដែរថា ចាប់ពី​ឆ្នាំ ១៩៩៩ មក​ទល់​នឹងឆ្នាំ ២០១៨ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ស្ថិត​ក្នុង​រង្វង់​ប្រមាណ​ជា ៨% ក្នុង​មួយ​ឆ្នាំ​។ កត្តានេះ​បានធ្វើ​អោយ​​​កម្ពុជា​ក្លាយ​ជា​ប្រទេស​មួយ​នៅ​ក្នុង​ចំណោម​ប្រទេស​​​ដទៃ​ទៀត ដែល​មាន​ការរីកចំរើន​សេដ្ឋកិច្ច​ជឿនលឿន​ជាង​គេ​ នៅ​ក្នុង​ពិភពលោក​។

ជាលទ្ធផល ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​គិតជាមធ្យម​របស់​ប្រជាជន​កម្ពុជា​ក្នុង​ម្នាក់​ៗ កើន​ពី​ $290 ដុល្លារ​នៅ​ក្នុង​ឆ្នាំ ១៩៩៨ ឡើង​ដល់ $1,380 ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០១៨ ។

ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ ក៏ ADB បាន​លើក​ឡើង​ផងដែរ​ថា ​កម្ពុជា​នៅ​តែ​ជួប​ប្រទះ​នឹង​បញ្ហា​មួយ​ចំនួន​ទៀត ដែល​ទាមទារ​អោយ​កម្ពុជា​ត្រូវ​ដោះ​ស្រាយ​ទៅ​តាម​​អាទិភាព​នៃ​បណ្តាបញ្ហា​ទាំងនោះ​​ ដូចជា​ភាពក្រីក្រ​នៅ​ក្នុង​ចំណោមស្រ្តី​ដែល​ជា​មេ​គ្រួសារ​ដែល​ប្រឈម​នឹង​ការងារ​និង​ឬ​មុខ​របរ​មិនទៀតទាត់​។​

មួយវិញទៀត ​កិច្ច​គាំពារ​សង្គមនៅកម្ពុជា​វិញ ក៏​នៅមានកំរឹត​នៅឡើយ​ដែរ គឺ​មិន​ទាន់​គ្រប់​ដណ្តប់​ប្រជាពលរដ្ឋ​គ្រប់ស្រទាប់វណ្ណៈ អោយ​បានពេញ​ទូទាំង​ប្រទេស​នៅ​ឡើយ​នោះ​ទេ​។ ហើយ​ការទទួល​បាន​សេវា​សុខភាព​ នៅ​មិន​ទាន់​ដល់​ស្តង់​ដារ​ត្រឹមត្រូវ​ ​របស់​ប្រទេស​មានចំណូលមធ្យម​កំរឹត​ទាប​នៅ​ឡើយ​ដែរ​៕

Related Articles