We TV Cambodia

ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់កំចី $49 លានដុល្លារពង្រីកសេវាទឹកស្អាត​និង​សុខភាព

ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់កំចី $49 លានដុល្លារពង្រីកសេវាទឹកស្អាត​និង​សុខភាព
រូបថតៈ ធនាគារអភិវឌ្ឍន៍អាស៊ី

ដោយៈ ទិន សុខាវុធ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​សំរេចផ្តល់​កំចីសម្បទាន​ចំនួន $49 លានដុល្លារ ក្នុង​ការជួយ​រាជ​រដ្ឋាភិបាល​កម្ពុជា សំរេច​អោយ​បាននៅ​ក្នុង​ឆ្នាំ ២០២៥ នូវគោលដៅ​ផ្តល់​​សេវា​ទឹក​ស្អាត​និង​សេវា​សុខភាព អោយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​រស់​នៅ​តាម​​តំបន់ជនបទ​ទូទាំង​ប្រទេស​។

យោង​តាម​សេចក្តីប្រកាសព័ត៌មាន ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់ ADB កាលពីថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០១៩ កន្លងទៅ​​ គោល​បំណង​នៃ​ការផ្តល់​​ប្រាក់កំចី​​នេះ គឺធ្វើ​យ៉ាង​ណាជួយ​រាជ​រដ្ឋាភិបាល​​ផ្តល់​សេវា​​ទឹកស្អាត​និង​សេវា​សុខភាព អោយ​បាន​ដល់​ប្រជាពលរដ្ឋ​ប្រមាណជាង ៤០០,០០០ នាក់ ដោយ​​សាងសង់​បន្ថែម​នូវ​​ប្រព័ន្ធ​សំណង់​ទឹកស្អាត និង​កែ​លំអ​ប្រព័ន្ធ​សំណង់​ទឹកស្អាត​មាន​ស្រាប់​ចំនួន ២,៥០០ នៅ​ក្នុង​ភូមិ​យ៉ាង​ហោច​ណាស់​ក៏​ ៤០០ ភូមិ​ នៅតាម​ខេត្ត​ចំនួន ១០ នៅ​ទូទាំង​ប្រទេស​។

កំចី​នេះ​ក៏​នឹង​ជួយ​ផង​ដែរ នូវ​ការសង់​បន្ទប់​ទឹក​-បង្គន់​អនាម័យ​សំរាប់​គ្រួសារ​និមួយ​ៗ និង​បង្គន់​អនាម័យ​សាធារណនៅតាម​សាលារៀន​និង​មណ្ឌល​សុខភាព​ រួម​ទាំង​យុទ្ធនាការបង្កើន​ការយល់​ដឹង​ពីសុខភាពអនាម័យ​នៅ​ក្នុង​ការរស់នៅ​ប្រចាំ​ថ្ងៃផង​ដែរ​​។

«ការទទួល​បាន​​នូវ​សេវាចាំបាច់ជា​មូលដ្ឋាន មាន​ដូច​ជា​សេវា​ទឹក​ស្អាត និង​សេវា​សុខភាព គឺ​ជា​សិទ្ធិ​មនុស្ស​ជា​មួលដ្ឋាន ហើយ​វា​ក៏​ជា​កត្តា​ដ៏​សំខាន់​សំរាប់​ធ្វើ​អោយ​​មាន​នូវ​​ការអភិវឌ្ឍ​មួយ​​ប្រកប​ដោយ​និរន្តភាព និង​សំរាប់​ជន​គ្រប់​រូប​​ នៅ​ក្នុង​ប្រទេស​ណាមួយ​នោះ​ដែរ​» នេះ​ជា​ការលើក​ឡើង​​របស់​លោក​ស្រី Siti Hasanah ដែល​ជា​អ្នក​ឯកទេស​ផ្នែកអភិវឌ្ឍន៍ទីក្រុង ប្រចាំ​ ADB ។

យោង​តាម​ ADB សេវា​ទឹក​ស្អាត​និងសុខភាព​ ប្រកប​ដោយ​និរន្តរភាពនិង​ប្រសិទ្ធិភាព មិន​ទាន់​មាន​គ្រប់គ្រាន់នៅឡើយ​ទេ ​នៅ​​តាម​តំបន់​ជនបទ​​នៃ​​ប្រទេស​កម្ពុជា ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៧៧% រស់​នៅ នៃ​ប្រជាជន​សរុប ១៦.៤ លាន​នាក់​​។

នៅក្នុង​ឆ្នាំ ២០១៧ នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៧៣% រស់​នៅ​ក្នុង​តំបន់​ជនបទ ដែល​អាច​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់ មានប្រជាពលរដ្ឋ​ប្រមាណ​ជា​ ១១% ប៉ុណ្ណោះ​ដែលមាន​សមត្ថភាព​អាច​ទទួល​បាន​សេវា​ទឹក​ស្អាត​តាម​រយៈ​បំពង់​បង្ហូរ​ទឹក​។

មួយវិញទៀត ទោះបី​ជា​ ៥៦% នៃ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​តំបន់​ជនបទ​ ទទួល​បាន​សេវា​សុខភាពយ៉ាង​ណា​ក៏​ដោយ ក៏​ប្រជាពលរដ្ឋ​ប្រហែល​ជា ៤១% ទៀត នៅ​តែ​បន្ត​ទំលាប់​បន្ទោបង់​តាម​គុម្ពោត​ព្រៃ​ឬ​តាម​វាលស្រែជា​ដដែល​។ ប្រការនេះ​អាច​បង្ករ​អោយ​​កើត​មាន​ជំងឺ​រាករូស និង​ឬ​បញ្ហា​សុខភាពផ្សេង​ៗ​ទៀត​។

ជាទូទៅ ADB ដើរ​តួ​នាទី​​ចំបង​ជាង​គេ ក្នុង​ភាព​ជា​ដៃគូ​អភវឌ្ឍន៍​​ជាមួយ​នឹង​រាជរដ្ឋាភិបាល ក្នុង​វិស័យ​ទឹក​ស្អាត​និង​សុខាភិបាល​​។ ហើយ​ជំនួយ​សំរាប់​អភិវឌ្ឍ​វិស័យ​ទឹកស្អាត​​និង​សុខាភិបាល​ ទាំង​នៅ​ទីក្រុង​និង​ជនបទ​ ​ប្រមាណ​ជា ២៥% ត្រូវ​បានផ្តល់​​អោយ​ដោយ​ ADB ។

បើ​តាម​ ADB ចាប់តាំង​ពីឆ្នាំ ២០០៥ មក ប្រជាពលរដ្ឋ​ប្រមាណ​ជា ១ លាន​នាក់​បាន​ទទួល​សេវា​ទឹក​ស្អាត ហើយ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​​ ៥០០,០០០ នាក់​បាន​ទទួល​សេវា​សុខភាព ក្រោម​គំរោងអភិវឌ្ឍន៍​វិស័យ​ទឹក​ស្អាត​និង​សុខាភិបាល​នៅ​ក្នុងតំបន់​បឹងទន្លេសាប​។

លើស​ពី​នេះ​ទៀត ADB គ្រោងនឹងចាត់ចែង​ជំនួយគិត​​ជា​ទឹក​ប្រាក់​​ប្រមាណ​ជា $1 លាន​ដុល្លារ ផ្តល់​អោយ​ដោយ​រាជ​រដ្ឋាភិបាល​ជប៉ុន ក្នុង​ការ​បង្កើត​ស្ថានីយ​បច្ចេក​វិទ្យា​ចុង​ក្រោយ​ចំនួន​ ៧ កន្លែង ដែលនឹង​​​មាន​សមត្ថភាព​អាច​​ផលិត​ទឹក​ស្អាត​ចេញ​មកពី​ខ្យល់ នៅ​រដូវ​ប្រាំង​៕

Related Articles