ដោយៈ ទិន សុខាវុធ
ធនាគាររដ្ឋនៃប្រទេសកាណាដា បានសំរេចចិត្តទិញយកភាគហ៊ុនទាំងអស់របស់ធនាគារ Advanced Bank of Asia (ABA) ក្នុងតំលៃ $63 លានដុល្លារ សំរាប់ភាគហ៊ុនចំនួន ១០% ទៀតដែលនៅសល់។
កាលពីឆ្នាំ ២០១៦ ធនាគាររដ្ឋនៃប្រទេសកាណាដា បានទិញភាគហ៊ុនចំនួន ៩០% របស់ធនាគារ ABA ដែលជាធនាគារដ៏ធំលំដាប់ទី ៦ នៅក្នុងប្រទេសកម្ពុជានៅពេលនោះ។
ជាសរុប ធនាគាររដ្ឋមួយនេះបានចំណាយដើមទុនប្រមាណ $320 លានដុល្លារ ទិញយកភាគហ៊ុនរបស់ ABA ទាំងអស់ ក្នុងគោលបំណងវិនិយោគនៅលើទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។
លោក Louis Vachon អគ្គនាយកនៃធនាគាររដ្ឋកាណាដា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មានហេតុផលច្រើនណាស់ ដែលធនាគាររបស់លោកសំរេចបោះទុនវិនិយោគនៅលើទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ ហេតុផលមួយនៅក្នុងចំណោមហេតុផលទាំងនោះ គឺអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសកម្ពុជា។
យ៉ាងណាម៉ិញ កាលពីខែសីហាកន្លងទៅ ធនាគារ ABA បានចុះឈ្មោះជាមួយនឹងស្ថាប័នទីផ្សារមូលបត្រកម្ពុជា ហៅកាត់ថា CSX ក្នុងគោលបំណងប្រមូលយកប្រាក់កំចីអោយបានដល់ប្រមាណជា $21 លានដុល្លារ។
យោងតាមរបាយការណ៍របស់ ABA រហូតមកដល់ខែកក្កដាឆ្នាំ ២០១៩ ទុនសរុបរបស់ធនាគារ ABA បានកើនដល់ $3.81 ពាន់លានដុល្លារ ដែលជាកត្តាធ្វើអោយធនាគារ ABA ស្ថិតក្នុងលំដាប់ថ្នាក់ទី ៣ នៅកម្ពុជានៅពេលបច្ចុប្បន្ននេះ៕