We TV Cambodia

ធនាគារពិភពលោក: កម្ពុជាចាំបាច់ត្រូវលើកស្ទួយវិស័យឯកជន ដើម្បីអោយសេដ្ឋកិច្ចរីកចំរើន

ប្តីប្រពន្ធវ័យក្មេងទទួលបានជំនួយឧបត្ថម្ភហិរញ្ញវត្ថុសំរាប់ថ្លៃពេទ្យ (Health Equity) ពីធនាគារពិភពលោក។ រូបថតៈ ធនាគារពិភពលោក

ដោយៈ ទិន សុខាវុធ

ធនាគារពិភពលោក (WB) ​បាន​លើកឡើង​ថា កម្ពុជា​ចាំបាច់​ត្រូវ​លើក​ស្ទួយ​វិស័យ​ឯកជន បើ​សិន​ជា​​កម្ពុជា​ចង់​បាន​នូវ​ការរីកចំរើន​សេដ្ឋកិច្ចមួយ ដែល​បំរើផលប្រយោជន៍​អោយ​អ្នក​ក្រ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ធនាគារ​ពិភពលោក កាល​ពី​សប្តាហ៍​មុន ធនាគារ​ពិភព​លោក​បាន​លើក​ឡើង​ថា កត្តា​មួយ​ចំនួន​​ដែល​បាន​និង​កំពុង​ធ្វើ​អោយ​សេដ្ឋកិច្ច​កម្ពុជា​រីក​ចំរើន​ រហូត​មកដល់​សព្វថ្ងៃ​នេះ នឹង​មិន​គ្រប់​គ្រាន់​ឡើយ​​សំរាប់​ធ្វើ​អោយ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​រីក​ចំរើនតទៅ​មុខ​ទៀត​។ ប្រការនេះទាមទារចាំបាច់​អោយ​កម្ពុជា​​ត្រូវ​អនុវត្ត​​ការកែទំរង់​ជា​គន្លឹះ​​មួយ​ចំនួន ដើម្បី​ធានា​អោយ​មាន​ការរីក​ចំរើន​សេដ្ឋកិច្ច​មួយ​ ដែល​បំរើ​ផលប្រយោជន៍​អោយ​ជនក្រីក្រ​។

« The drivers of Cambodia’s economic progress to date will not be sufficient going forward, and key reforms are needed to sustain pro-poor growth,» នេះ​ជា​ការលើក​ឡើង​​របស់​ធនាគារ​ពិភពលោកនៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​​។

បើតាម​ធនាគារ​ពិភពលោក ការកែ​ទំរង់​ចាំបាច់​ទាំងនោះ​រួម​មាន​៖ ការទាក់ទាញ​​វិនិយោគ​ក្នុង​វិស័យ​ឯកជន ក៏​ដូច​ជា​ការលើក​ស្ទួយ​វិស័យ​ឯកជន ក្នុង​បរិបទ​សម័យកាល​ឌីជីតល់​ ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច ការតភ្ជាប់​ទៅ​នឹងសេដ្ឋកិច្ចពិភពលោក ការលើកស្ទួយ​វិស័យ​ជំនួញ​និង​ហិរញ្ញវត្ថុ​ និង ការលើក​ទឹក​ចិត្ត​​ដល់​គំនិត​សហគ្រិនភាព​និង​ការបង្កើតថ្មី។

«[…] attract private investment, and prepare for the digital age. Cambodia’s future prosperity will depend on diversifying its economy, rising higher on global value chains, fostering emerging financial and business sectors, and encouraging entrepreneurship and innovation. »

មួយវិញទៀត ធនាគារ​ពិភពលោកបាន​គូស​បញ្ជាក់​ផង​ដែរ​ថា ទោះ​ជា​មាន​សង្គ្រាម​ស៊ីវិល​អស់​រយពេល​ ៣​ ទសវត្ស​យ៉ាង​ណា​ក៏​ដោយ ក៏កម្ពុជា​សំរេច​បាននូវ​វឌ្ឍនភាព​ដ៏​គួរ​អោយ​កត់​សំគាល់ ក្នុង​ការកាត់​បន្ថយ​ភាព​ក្រីក្រ និង​ការចែក​រំលែក​នូវ​វិបុលភាព​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប។

ជាក់ស្តែង ចាប់​ពី​ឆ្នាំ ១៩៩៧ រហូត​ដល់​ឆ្នាំ ២០១៧ កំណើន​សេដ្ឋកិច្ច​នៅកម្ពុជា​ ត្រូវ​ស្ថិត​ក្នុង​រង្វង់ ៧.៩% ក្នុង​មួយ​ឆ្នាំ​។ ប្រការ​នេះ​បាន​ធ្វើ​អោយ​ភាគ​រយ​នៃ​អ្នករស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ ត្រូវ​បាន​ធ្លាក់​ចុះ​ពី ៤៧.៨% ក្នុង​ឆ្នាំ ២០០៧ មកនៅ​ត្រឺម ១៣.៥% ក្នុង​ឆ្នាំ ២០១៤​។

ក៏ប៉ុន្តែ ធនាគារ​ពិភពលោកក៏​បាន​លើក​ឡើង​ផងដែរ​ថា កម្ពុជា​នៅ​ជួប​នឹង​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​ដោះ​ស្រាយ​ ដូចជា​កង្វះខាត​នៃ​ហេដ្ឋារចនា​សម្ព័ន្ធជា​ដើម​​​។ ហើយ ទឹក ពេទ្យ ផ្លូវ និង​ សំរាម ក៏​សុទ្ធសឹង​ជា​បញ្ហា​ដែល​ត្រូ​វដោះស្រាយ​ជា​បន្ទាន់ដែរ​។ លើស​ពី​នេះ​ទៀត កង្វះខាតធនធាន​មនុស្ស ក៏​ជាបញ្ហា​ចោទ​មួយ​សំរាប់​ការរីក​ចំរើន​សេដ្ឋកិច្ច​នៅ​ពេល​អនាគត និងការប្រកួតប្រជែង​នៅក្នុងតំបន់​។

ទាក់ទង​នឹង​បញ្ហា​​នេះ លោក​ ប៉ាន សូស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រកាស​នៅ​លើ​ទំព័រ​ Facebook ថា​លោក​​នឹង​ធ្វើយ៉ាង​ណា​ជំរុញ​វិស័យ​ឯកជន​ ជាពិសេស​សហគ្រាស​ធុន​តូច​និង​មធ្យម (SME) អោយ​ក្លាយ​ទៅ​ជា​ «ក្បាល​ម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច» (The Engine of Economic Growth) ។

ទន្ទឹម​នឹង​នេះ លោករដ្ឋ​មន្ត្រី​ក៏​បាន​លើកទឹក​ចិត្ត​ផង​ដែរ អោយ​គ្រឹស្ថាន​ជំនួញ ផលិតករ ពាណិជ្ជករ ចូល​រួម​បញ្ចេញ​មតិយោបល់​និងសំណូមពរ​ទាំងឡាយ ក្នុង​ទិសដៅ​ធ្វើអោយ​កាន់តែ​ប្រសើរឡើងថែមទៀត​នូវលក្ខខ័ណ្ឌ​ទីផ្សារ ដើម្បី​អាច​អោយ​ក្រសួង​របស់​លោក​អាច​ដោះ​ស្រាយ​បញ្ហា​ដែល​ពួក​គេកំពុង​ជួប​ប្រទះ៕

Related Articles