ដោយៈ ទិន សុខាវុធ
ថ្លែងនៅក្នុងសន្ទរកថានៃការបើកសិក្ខាសាលារៀបចំផែនការសកម្មភាពជាតិ ស្តីពីការកែទំរង់រដ្ឋបាលសាធារណៈនៅកម្ពុជា កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ លោកស្រី Inguna Dobraja ប្រធានគ្រប់គ្រងសាខាធនាគារពិភពលោកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា សេវាសាធារណដែលអាចដំណើរការទៅបាន គឺជាសេវាសាធារណដែលបំរើផលប្រយោជន៍ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់រូប។
«Public services work when they take an inclusive approach» នេះជាការលើកឡើងរបស់លោកស្រី Inguna Dobraja ។
លោកស្រីបានពន្យល់បន្ថែមទៀតថា សេវាសាធារណដែលអាចដំណើរការទៅបាន គឺនៅពលណាដែលសេវាទាំងនោះលើកទឹកចិត្តអោយកុមារីទៅរៀននៅសាលា នៅពេលណាដែលសេវាទាំងនោះអនុញ្ញាតអោយសិស្សានុសិស្សនិងឪពុកម្តាយរបស់ពួកគេ អាចចូលរួមក្នុងសកម្មភាពរបស់សាលារៀន និងនៅពេលណាដែលប្រជាសហគមន៍អាចទទួលខុសត្រូវពីសេវាសុខភាពរបស់ពួកគេ។
លើសពីនេះទៀត លោកស្រីក៏បានលើកឡើងផងដែរថា សេវាសាធារណដែលអាចដំណើរការទៅបាន គឺជាសេវាទាំងឡាយណា ដែលអាចដោះស្រាយបាននូវបញ្ហាអំពើពុករលួយ ដែលបាននិងកំពុងជះឥទ្ធិពលដ៏អាក្រក់ទៅលើសេវាជាមូលដ្ឋានគ្រឹះផ្សេងៗទៀត មានដូចជាសេវាសុខភាព និង សេវាអប់រំជាដើម ដែលប្រជាពលរដ្ឋកំពុងត្រូវការជាទីបំផុត។
មួយវិញទៀត យោងតាមលោកស្រី Inguna Dobraja សេវាសាធារណដែលអាចដំណើរការទៅបាន លុះត្រាតែសេវាទាំងនោះ ឈរលើមូលដ្ឋាននៃការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។ ពោលគឺជាសេវាដែលទទួលស្គាល់ថា ការអប់រំរបស់មាតានឹងជាជំនួយផ្នែកស្មារតីដល់ការថែទាំសុខភាពទារករបស់ពួកគេ។ ហើយការសង់ផ្លូវឬស្ពានណាមួយ ប្រាកដជាបំរើផលប្រយោជន៍អោយកុមារអាចឆ្លងទៅសាលារៀន និង អ្នកលក់ដូរអាចយកទំនិញទៅលក់នៅលើទីផ្សារបានគ្រប់ពេលវេលា។
សរុបមក លោកស្រីប្រធានធនាគារពិភពលោកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា កន្លងមក ការរៀបចំសេវាសាធារណ គឺគ្រាន់តែជាគំនិតនិងសេចក្តីត្រូវការរបស់រដ្ឋបាលសាធារណតែប៉ុណ្ណោះ។ ពោលគឺវាមិនបានឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ អោយបានគ្រប់ជ្រុងជ្រោយនោះឡើយ។ ផ្ទុយទៅវិញ រដ្ឋបាលដែនដីមានឱកាសគ្រប់គ្រាន់ ក្នុងការតាក់តែងគោលនយោបាយសេវាសាធារណ ដែលឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋ ដោយគ្រាន់តែស្តាប់នូវអ្វីៗដែលប្រជាពលរដ្ឋចង់បានតែប៉ុណ្ណោះ។
លោកស្រីបានអះអាងទៀតថា នៅពេលបច្ចុប្បន្ននេះ បណ្តារដ្ឋបាលដែនដីនៅជុំវិញពិភពលោក បាននិងកំពុងយកចិត្តទុកដាក់ជាខ្លាំង ក្នុងការតាក់តែងគោលនយោបាយសេវាសាធារណ ដោយរួមសហការនិងទទួលយកនូវអ្វីៗដែលជាតំរូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋបាលដែនដីទាំងនោះ ក៏បាននិងកំពុងបង្កើតផងដែរនូវយន្តការស្តាប់យោបល់រាស្ត្រដោយផ្ទាល់ នៅពេលដែលពួកគេផ្តល់សេវាសាធារណអោយដល់ប្រជាពលរដ្ឋ (real-time feedback) ៕