
ដោយៈ ទិន សុខាវុធ
ធនាគារពិភពលោក កាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ បានផ្តល់អនុសាសន៍ថា ដើម្បីបង្កើនគុណភាពទីផ្សារការងារអោយបានកាន់តែប្រសើរឡើងថែមទៀត កម្ពុជាគួរចាប់អារម្មណ៍ទៅលើ ៧ ចំណុចសំខាន់ៗមួយចំនួនដែលអាចជួយលើកស្ទួយគុណភាពទីផ្សារការងារនៅកម្ពុជាអោយកាន់តែប្រសើរឡើងថែមទៀត។
និយាយអោយចំ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះផ្សាយលើគេហទំព័ររបស់ខ្លួន អ្នកជំនាញផ្នែកសេដ្ឋកិច្ចរបស់ធនាគារពិភពលោកបានសរសេរលំអិតបន្ថែមទៀតថា មាន ៧ ចំណុចសំខាន់ៗដែលបណ្តាអ្នកតាក់តែងគោលនយោបាយអភិវឌ្ឍន៍នៅកម្ពុជាទាំងឡាយគួរយកចិត្តទុកដាក់។
ចំណុចសំខាន់ទី ១ គឺការធ្វើពិពិធកម្មការនាំចេញនិងវិនិយោគបរទេស (FDI) អោយក្លាយជាការនាំចេញប្រកបដោយតំលៃបន្ថែមខ្ពស់នៅក្នុងប្រព័ន្ធខ្សែសង្វាក់តំលៃ (higher value-added value chains) ដោយហេតុថា ទីផ្សារការងារនៅកម្ពុជានៅពេលបច្ចុប្បន្ននេះ ស្ថិតក្នុងតំបន់នៃតំលៃទាបនៅឡើយនៅក្នុងបរិបទនៃខ្សែសង្វាក់តំលៃសកល (low-value segments of global value chains) ។
អាស្រ័យហេតុនេះ ការជួយសំរួលនូវដំណើរការមួយចំនួន ការលើកទឹកចិត្តដល់អ្នកវិនិយោគបរទេស និងការធានាអោយមាននូវទីតាំងនិងសំភារបរិក្ខាប្រកបដោយគុណភាពនិងដ៏គួរអោយទុកចិត្ត នឹងជួយជំរុញអោយមានការនាំចេញចំរុះ ទៅកាន់តំបន់ដែលមានតំលៃបន្ថែមខ្ពស់នៃខ្សែសង្វាក់តំលៃ។
ចំណុចសំខាន់ទី ២ គឺការធ្វើយ៉ាងណាជួយសំរួលនិងកាត់បន្ថយតំលៃនៃការបង្កើតសហគ្រាសធុនតូចនិងមធ្យម (SME) ដែលមានសក្តានុពលដ៏ខ្លាំងក្លាក្នុងការបង្កើតការងារសំរាប់ប្រជាពលរដ្ឋ។ ពោលគឺ គោលនយោបាយមួយនេះទាមទារអោយមានការជួយលើកទឹកចិត្តដល់ ការផ្តល់ជំនាញអោយដល់កម្មករទាំងឡាយ ការផ្តល់ឥណទានអោយដល់ SME ការលើកលែងពន្ធដារ និងការបង្កើតការងារអោយបានកាន់តែច្រើនឡើងថែមទៀតអោយដល់ប្រជាពលរដ្ឋ។
ចំណុចសំខាន់ទី ៣ គឺការជួយគាំទ្រមុខរបរតូចៗបែបគ្រួសារ (household enterprise) អោយបង្កើនផលិតភាពរបស់ពួកគេ អោយបានច្រើនជាងមុនក្នុងទិសដៅបង្កើតការងារថ្មីៗទៀតអោយបានច្រើនជាងមុន និងប្រសើរជាងមុន។ ជាក់ស្តែង ព័ត៌មានវិទ្យាអាចជាកក្តាមួយដែលអាចជួយមុខរបរបែបគ្រួសារក្នុងការប្រកបរបររកស៊ីរបស់ពួកគេ ក៏ដូចជាការតភា្ជប់ទៅនឹងទីផ្សារធំៗនៃប្រព័ន្ធតំលៃសកល។
ចំណុចទី ៤ គឺការជួយគាំទ្រការបង្កើតទំនាក់ទំនងរវាងសហគ្រាសនាំចេញ (FDI) និងក្រុមហ៊ុនក្នុងស្រុកដែលមានសមត្ថភាពអាចផលិតទំនិញផ្សេងៗ សំរាប់អោយសហគ្រាសទាំងនោះនាំចេញ។
ចំណុចទី ៥ គឺការបង្កើតនូវប្រព័ន្ធបង្រៀនជំនាញមួយ ដែលអាចបង្កើតនូវកំលាំងពលកម្មដ៏មានសមត្ថភាពសំរាប់ទាក់ទាញក្រុមហ៊ុនបរទេសអោយមកវិនិយោគនៅកម្ពុជា។
ចំណុចទី ៦ គឺការលើកស្ទួយវិស័យពលកម្មចល័ត ដោយបង្កើតនូវបណ្តាញផ្សេងៗ ដែលអាចអនុញ្ញាតអោយពលករមានឱកាសទៅធ្វើការនៅបរទេសនិងនៅទីណាក៏បាននៅក្នុងប្រទេស ដូចជាការបង្កើតឡើងនូវគ្រឹះស្ថានផ្សេងៗក្នុងការផ្តល់នូវជំនាញនិងទីកន្លែងចាំបាច់អោយដល់ប្រជាពលរដ្ឋខ្មែរអាចចេញទៅធ្វើការនៅបរទេសជាដើម។
ចំណុចទី ៧ គឺធ្វើយ៉ាងណាអោយស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជាឯករាជ្យ ហើយភាគរយនៃអត្រាប្តូរប្រាក់ក៏ត្រូវមានភាពរស់រវើកដែរ។ ជាទូទៅ ការឡើងចុះនៃតំលៃប្រាក់ដុល្លារតែងតែជះឥទ្ធិពលលើតំលៃនៃទំនិញផ្សេងៗនៅលើទីផ្សារកម្ពុជា។ ហើយទីផ្សារទំនិញនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយនឹងទីផ្សារការងារនៅកម្ពុជា។ ដោយហេតុថា កម្ពុជាចាប់ផ្តើមនាំចេញទំនិញទៅកាន់ប្រទេសផ្សេងៗកាន់តែច្រើនឡើង ៗ ដូចនេះស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនិងសារពើពន្ធមាននាទីសំខាន់ណាស់ ក្នុងការធ្វើអោយមានឯករាជ្យភាពពីប្រាក់ដុល្លាររបស់អាមេរិក៕
