
ដោយៈ ទិន សុខាវុធ
ធនាគារពិភពលោក (The World Bank) បានអនុម័តផ្តល់កំចីសម្បទានចំនួនប្រមាណ $1,000 លានដុល្លារសំរាប់ការរួមសហការរវាងធនាគារពិភពលោក ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងវិស័យឯកជន ក៏ដូចជាប្រសិទ្ធិភាពគ្រប់គ្រងរបស់បណ្តាស្ថាប័នសាធារណ។
ជាក់ស្តែង តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ធនាគារពិភពលោក មានឈ្មោះថា «ក្របខ័ណ្ឌនៃភាពជាដៃគូរវាងរាជរដ្ឋាភិបាលជាមួយ WB ឆ្នាំ ២០១៩ - ២០២៣» (Country Partnership Framework – CPF 2019-2023) ធនាគារពិភពលោកនឹងរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងវិស័យធុរកិច្ច ក៏ដូចជាការធ្វើអោយកាន់តែល្អប្រសើរឡើងថែមទៀតនូវប្រសិទ្ធិភាពនៃបណ្តាស្ថាប័នសាធារណទាំងឡាយ។
លើសពីនេះទៀត យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ធនាគារពិភពលោក ក៏នឹងជួយលើកស្ទួយផងដែរនូវ ការកសាងធនធានមនុស្ស ការកែលំអផលិតផលកសិកម្ម និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះផ្សាយនៅលើទំព័រ Facebook កាលពីថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៩ យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ធនាគារពិភពលោកមួយនេះ ត្រូវបានធ្វើឡើងដោយមានការរួមសហការយ៉ាងជិតស្និទ្ធិ ក្នុងការផ្តល់យោបល់ពីអ្នកជំនាញមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ជាលទ្ធផល យុទ្ធសាស្ត្រនេះមានលក្ខណៈស្របជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលជា «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤» ។
ទាក់ទងនឹងរឿងនេះ នៅក្នុងជំណួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯវិមានសន្តិភាព កាលពីថ្ងៃ ច័ន្ទ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៩ លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើតនិងប៉ាស៊ីភិក បានលើកឡើងថា ធនាគារពិភពលោករបស់លោកស្រីបាននិងកំពុងរួមសហការជាមួយនឹងសហគមន៍ផ្សេងៗរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបានទទួលដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ក្នងការជំរុញការដាំដុះនៅលើផ្ទៃដីទាំងនោះ អោយបានសំរេចផលដ៏ជាទីគាប់ចិត្ត និងប្រកបដោយមោទនភាព។
បានន័យថា ធនាគារពិភពលោកបានចូលរួមដោយផ្ទាល់ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា អោយកាន់តែល្អប្រសើរឡើងថែមទៀត ដែលជាប្រការធ្វើអោយកូនចៅរបស់ពួកគេ អាចទទួលបាននូវការអប់រំនិងសេវាសុខភាពដ៏សមស្របផងដែរ។
ដោយហេតុថា លោកស្រី Victoria Kwakwa ធ្លាប់បានមកកម្ពុជាកាលពី ៣ ឆ្នាំមុន លោកស្រីបានមានប្រសាសន៍ថា កម្ពុជាពិតជាមានការរីកចំរើនយ៉ាងខ្លាំងក្លា ដ៏គួរអោយកោតសរសើរជាទីបំផុត។ កំណើនសេដ្ឋកិច្ចកម្ពុជាជាមធ្យមគឺពី ៧% ទៅ ៨% ហើយអត្រាកាត់បន្ថយភាពក្រីក្រនិងអត្រាការស្លាប់នៃទារកនៅពេលកើតបានថយចុះដ៏គួរកត់សំគាល់។ បើតាមលោកស្រី ជោគជ័យទាំងនេះពិតជាបញ្ជាក់ថា កម្ពុជាកំពុងតែបោះជំហាននៅលើផ្លូវមួយដ៏ត្រឹមត្រូវ។
ជាលទ្ធផល លោកស្រី Victoria Kwakwa បានសន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាល អោយបានកាន់តែរឹងមាំថែមទៀត ក្នុងភាពជាដៃគូអភិវឌ្ឍន៍ ដែលស្តាប់យោបល់គ្នាទៅវិញទៅមក ក្នុងគោលបំណងជំរុញអោយកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកំរឹតខ្ពស់នៅឆ្នាំ ២០៣០ ខាងមុខនេះ៕
