
ដោយៈ ទិន សុខាវុធ
ថ្មីៗនេះ ធនាគារពិភពលោក (World Bank) បានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន នូវអនុសាសន៍មួយចំនួន ដែលនៅក្នុងនោះ ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅនឹងសេដ្ឋកិច្ចពិភពលោកនិងតំបន់ ជាកត្តាមួយដ៏សំខាន់ ដែលអាចជួយធ្វើអោយកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានស្ថេរភាព នៅចំពោះមុខហានិភ័យនៃការបាត់បង់ EBA និងការចុះខ្សោយនៃកំណើនសេដ្ឋកិច្ចនៅប្រទេសចិន ដែលជាប្រភពហិរញ្ញប្បទានដ៏សំខាន់សំរាប់កម្ពុជា។
យោងតាមធនាគារពិភពលោក ក្នុងបរិបទនៃការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ទៅនឹងសេដ្ឋកិច្ចពិភពលោក កម្ពុជាចាំបាច់ត្រូវលើកស្ទួយវិស័យឯកជន និងសហគ្រិនភាព ដោយធ្វើយ៉ាងណាជួយសំរួលអោយវិនិយោគិននិងអ្នកជំនួញទាំងឡាយ អាចដាក់ទុនវិនិយោគនិងឬបើកមុខជំនួញរបស់ពួកគេ បានយ៉ាងងាយស្រួល។
មួយវិញទៀត ធនាគារពិភពលោកបានបន្ថែមទៀតថា ការបង្កើតនូវគោលនយោបាយសារពើពន្ធដ៏ត្រឹមត្រូវមួយរបស់រាជរដ្ឋាភិបាល អាចជាមធ្យោបាយមួយទប់ទល់នឹងឥទ្ធិពលដ៏អាក្រក់ កើតឡើងពីការបាត់បង់ EBA ជាយថាហេតុ។
ចំពោះស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជានៅពេលបច្ចុប្បន្ននេះ ធនាគារពិភពលោកបានគូសបញ្ជាក់ថា ទោះបីជាកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែមានភាពខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏ធនាគារពិភពលោកបានប្រមើលមើលថា កំណើននេះនឹងថយចុះមកនៅត្រឹម ៧% នៅក្នុងឆ្នាំ ២០១៩ នេះ។
យ៉ាងណាម៉ិញ ការនាំចេញនូវទំនិញផ្សេងៗចេញពីកម្ពជាទៅកាន់ប្រទេសផ្សេង មានការថយចុះអាស្រ័យដោយតំរូវការនៅក្នុងបណ្តាប្រទេសទាំងនោះមានការថយចុះ។ ក៏ប៉ុន្តែ វិស័យសំណង់នៅកម្ពុជានៅតែមានសន្ទុះខ្លាំងក្លាដដែល៕
