
ធនាគារ ជីប ម៉ុងនឹងផ្ដល់កម្ចីខ្នាតតូច និងមធ្យម ទៅដល់ផលិតករ និងសិប្បករ ដើម្បីជួយពង្រឹងសមត្ថភាពផលិតកម្មរបស់អាជីវករ និងផលិតករសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងបង្កើនសមត្ថភាពសម្រាប់ប្រកួតប្រជែងលើទីផ្សារក្នុងតំបន់។ នេះបើយោងតាមការឲ្យដឹងពី លោក នូ សុធារ៉ា អគ្គនាយករងជាន់ខ្ពស់ផ្នែកឥណទានខ្នាតតូច និងមធ្យម នៃធនាគារ ជីប ម៉ុង។

ធនាគារ ជីប ម៉ុង បានចូលរួមជាមួយធនាគារសហគ្រាសធុនតូច និង មធ្យមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងសហហិរញ្ញប្បទានដែលមានទំហំទឹកប្រាក់សរុប ១០០លានដុល្លារអាម៉េរិក ដើម្បីផ្តល់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យម សម្រាប់អភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដែលជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ចំពោះកម្ចីនេះដែរ ផលិតករ សិប្បករ និងម្ចាស់សហគ្រាសកែច្នៃម្ហូបអាហារ អាចដាក់ពាក្យស្នើសុំកម្ចីខ្នាតតូច និងមធ្យមពីធនាគារ ជីប ម៉ុង ជាមួយអត្រាការប្រាក់តែ៧% ប៉ុណ្ណោះក្នុងមួយឆ្នាំ សម្រាប់យកទៅវិនិយោគ ឬធ្វើជាទុនបង្វិល។

គូសបញ្ជាក់ផងដែរថា ឥណទានខ្នាតតូច និងមធ្យមរបស់ធនាគារ ជីប ម៉ុង នេះគឺផ្តោតលើសិប្បកម្មកែច្នៃម្ហូបអាហារ កែច្នៃកាកសំណល់ ទំនិញប្រើប្រាស់ក្នុងស្រុក ទំនិញសម្រាប់វិស័យទេសចរណ៍ និងផលិតផលសម្រេច ឬគ្រឿងបង្គុំដើម្បីផ្គត់ផ្គង់ឱ្យសហគ្រាសធំៗក្នុងស្រុកជាដើម។
អត្ថបទដោយ៖ Nevin
