
ដោយៈ ទិន សុខាវុធ
លោក Raymond Sia នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា បានប្រាប់អ្នកសារព័ត៌មាននៅឯសន្និសីទធនាគារអាស៊ាន កាលពីថ្ងៃទី ២៥-២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅថា ធនាគារកាណាឌីយ៉ានឹងធ្វើយ៉ាងណាជួយលើកទឹកចិត្តដល់ស្រ្តីខ្មែរទាំងឡាយ អោយចូលរួមយ៉ាងសកម្មក្នុងវិស័យជំនួញ ដោយការផ្តល់នូវហិរញ្ញប្បទានដ៏ចាំបាច់ សំរាប់អោយពួកគេមានលទ្ធភាពអាចបើកក្រុមហ៊ុន ឬប្រកបមុខរបររកស៊ីផ្សេងៗ អាស្រ័យទៅតាមសមត្ថភាពរបស់ពួកគេ ជាពិសេសនៅក្នុងសហគ្រាសធុនតូមនិងមធ្យម (SME) ។
លោកបានបន្តទៀតថា នៅពេលបច្ចុប្បន្ននេះ ធនាគារកាណាឌីយ៉ារបស់លោក កំពុងសហការយ៉ាងជិតស្និទ្ធជាមួយនឹងសហគ្រាសធុនតូចនិងមធ្យម រួមនឹងសមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងការលើសកំពស់ស្ត្រីនៅក្នុងវិស័យជំនួញ។
ទាក់ទងនឹងរឿងនេះ សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) នឹងប្រារព្ធទិវាសហគ្រិនស្ត្រីកម្ពុជាលើកទី ១ នៅផ្សារទំនើប AEON MALL Sen Sok City នៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ។
យោងតាម CWEA សហគ្រិនភាពមានសារសំខាន់ណាស់ មិនត្រឹមតែក្នុងការបង្កើតការងារតែប៉ុណ្ណោះទេ វាក៏ជាកត្តាជាសារវ័ន្តដ៏ចំបងមួយក្នុងការធ្វើអោយមានកំណើនសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាសង្គម-សេដ្ឋកិច្ច មួយចំនួនទៀតផងដែរ នៅក្នុងសម័យឌីជីតល់យើងនេះ។
CWEA បានបន្ថែមទៀតថា បដិវត្តឌីជីតល់អាចជួយធ្វើអោយស្រ្តីចូលរួមក្នុងវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ច បានកាន់តែច្រើនឡើង ៗ ។ ក៏ប៉ុន្តែ សំណួរមួយចំនួនបានចោទឡើងថា តើបណ្តាសហគ្រិនស្ត្រីទាំងឡាយអាចមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការចូលរួមនៅក្នុងវិស័យជំនួញនៅក្នុងបរិបទនៃសម័យឌីជីតល់និងបដិវត្តឧស្សាហកម្មទី ៤ នេះដែរទេ។
អាស្រ័យហេតុនេះហើយ បានជា CWEA សំរេចប្រារព្ធទិវាសមាគមសហគ្រិនស្ត្រីកម្ពុជានេះឡើង ក្នុងគោលបំណងផ្តល់ឱកាសអោយអ្នកជំនាញក្នុងវិស័យជំនួញទាំងឡាយ ពន្យល់និងជជែកពិភាក្សាពីកាលានុវត្តភាពនិងឧបសគ្គមួយចំនួន ដែលសហគ្រិនស្រ្តីកម្ពុជាកំពុងជួបប្រទះ៕
