កម្ពុជា ខណៈពេលនេះក៏កំពុងតែទទួលរងការវាយប្រហាពីមេរោគកូវីដ១៩ ដែលធ្វើឲ្យរងផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ទន្ទឹមគ្នានេះផងដែរដើម្បីចួលរួមទប់ស្កាត់ និងពង្រឹងស្ថានភាពសេដ្ឋកិច្ច ឲ្យកាន់តែរឹងមាំ ធនាគារជាតិ បានដាក់ចេញនូវវិធានការចំនួន៣ចំណុចសំខាន់ៗ ដើម្បីជួយដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាឲ្យមាននិរស្រន្តភាព។
ក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ លោកស្រី ជា សេរី អគ្គនាយកធនាគារជាតិ នៃកម្ពុជា បានលើកឡើងថា ធនាគារជាតិនឹងដាក់ចេញនូវវិធានការទាំងបីចំណុច ដែលរួមមានដូចជា៖
១. ធនាគារជាតិបានចេញឲ្យអនុវត្តនូវសេចក្តីប្រកាសស្តីពីស្រទាប់ដើមទុន ដែលទាមទារឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់រក្សានូវដើមទុនរបស់ខ្លួនឲ្យបានច្រើនរហូតដល់១០០% សម្រាប់ការពារ នៅពេលដែលមានអតិថិជនមកដកប្រាក់បញ្ញើ កន្លងមកធនាគារជាតិបានតម្រូវឲ្យទុកត្រឹមតែ៥០%ប៉ុណ្ណោះ។
២.កាត់បន្ថយអត្រាការប្រាក់ នៃប្រតិបត្តិការផ្តល់សន្ទនីយ៍ភាពឬប្រាក់បង្វិលមានការធានា នៅត្រឹមតែ២.៥% សម្រាប់ឥណទានមួយឆ្នាំ, ២.៣% សម្រាប់ឥណទាន៦ខែ និង២.១%សម្រាប់ឥណទាន៣ខែ។
៣. ការកាត់បន្ថយអត្រាប្រាក់លើការទិញមូលបត្រដែលអាចជួញបានពីធនាគារជាតិ និងដើម្បីលើកទឹកចិត្តឲ្យគ្រឹះស្ថានហិរញ្ញវត្ថុដែលមានលុយមកទិញមូលបត្រ អាចជួញបានពីធនាគារជាតិ ហើយបង្វែរទៅផ្តល់កម្ចីដល់សហគ្រាស និងម្ចាស់អាជីវកម្ម។
គូសបញ្ជាក់ផងដែរថា ការដាក់ចេញវិធានការនេះ កន្លងមកធនាគារជាតិនៃកម្ពុជាធ្លាប់បាន ស្នើទៅដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ បន្តផ្តល់ប្រាក់កម្ចីដល់ សហគ្រាសនៅកម្ពុជា ជាពិសេសអាជីវកម្ម ក្នុងវិស័យទេសចរណ៍ ដើម្បីឲ្យពួកគេអាចបន្តអាជីវកម្មបានទៅមុខទៀត។
ដោយ៖ Stince
ប្រភព៖ក្នុងស្រុក
