ដោយៈ ទិន សុខាវុធ
ទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងឆ្នាំ ២០១៩ កន្លងទៅ បានកើនដល់ប្រមាណជា $3,600 លានដុល្លារ គឺកើនឡើងប្រមាណជា ១២% ច្រើនជាងឆ្នាំ ២០១៨ ។ នៅក្នុងនោះ ទំហំវិនិយោគមកពីប្រទេសចិននៅតែឈរលំដាប់លេខ ១ ដោយហេតុថាទំំហំវិនិយោគមកពីប្រទេសនេះមានប្រមាណជា ៤៣% នៃទំហំវិនិយោគផ្ទាល់ពីបរទេសសរុប យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលជាអាជ្ញាធរនៃទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។
ជាក់ស្តែង របាយរបស់ធនាគារជាតិបានគូសបញ្ជាក់ថា ទំហំទុនវិនិយោគផ្ទាល់ពីបរទេសនៅក្នុងវិស័យហិរញ្ញវត្ថុ មានដូចជាវិស័យធនាគារជាដើម បានកើនដល់ប្រមាណជា $1,200 លានដុល្លារ នៅក្នុងឆ្នាំ ២០១៩ ខណៈដែលទំហំទុនវិនិយោគនៅក្នុងវិស័យផ្សេងៗទៀត បានកើនដល់ប្រមាណជា $2,400 លានដុល្លារ។
របាយការណ៍នេះបានអោយដឹងទៀតថា ក្រៅពីទំហំទុនវិនិយោគមកពីប្រទេសចិន ដែលឈរនៅលំដាប់មុខគេមានប្រមាណជា ៤៣% នៃទំហំទុនវិនិយោគបរទេសសរុប នៅមានទុនវិនិយោគមកពីប្រទេសកូរ៉េខាងត្បួងមានប្រមាណជា ១១% វៀតណាម ៧% ជប៉ុន ៦% សិង្ហបុរី ៦% និងប្រទេសផ្សេងៗទៀបប្រមាណ ២៧% ទៀត។
មួយវិញទៀត សំរាប់ឆ្នាំ ២០២០ នេះ ធនាគារជាតិបានរំពឹងថា ទំហំទុនវិនិយោគផ្ទាល់ពីបរទេសនឹងកើនឡើងដល់ប្រមាណជា $4,000 លានដុល្លារ គឺកំណើននឹងថយចុះមកនៅត្រឹម ១០% ប្រៀបធៀបទៅនឹងកំណើននៅក្នុងឆ្នាំ ២០១៩ ។
ដោយឡែក នៅក្នុងវិស័យសំណង់និងអចលនទ្រព្យ កំណើនទំហំទុនវិនិយោគផ្ទាល់ពីបរទេសនឹងថយចុះមកនៅត្រឹម ៤៧% វិញ បើប្រៀបធៀបទៅនឹងទំហំទុនវិនិយោគនៅក្នុងវិស័យនេះ នៅក្នុងឆ្នាំ ២០១៩ ដែលមានប្រមាណជា ៦៦% ដែលនៅក្នុងនោះ ការនាំចូលបរិក្ខាសំណង់បានកើនដល់ប្រមាណជា $1,000 លានដុល្លារ ការនាំចូលដែកបានកើនដល់ប្រមាណជា $500 លានដុល្លារ និងការនាំចូលស៊ីម៉ង់បានកើនដល់ជាង $100 លានដុល្លារ៕