
ដោយៈ ទិន សុខាវុធ
នៅក្នុងជំណួបជាមួយលោកស្រី Domica Pottie កាលពីល្ងាចថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩ នៅឯវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាងប្រទេសកាណាដានិងប្រទេសកម្ពុជា បានកើនដល់ជាង $1 ពាន់លានដុល្លារ។ ហើយទំនិញដែលកម្ពុជានាំចេញទៅប្រទេសកាណាដា ភាគច្រើនជាផលិតផលសំលៀកបំពាក់។
យោងតាមទំព័រ Facebook របស់សម្តេច ហ៊ុន សែន ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងថា ទំនាក់ទំនាក់រវាងកម្ពុជានិងកាណាដា មានភាពល្អប្រសើរ ហើយលោកស្រីកោតសសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់ជីវភាពរបស់កម្មករកម្មការិនី នៅក្នុងវិស័យឧស្សាហកម្មសំលៀកបំពាក់។
លោកស្រីបានរៀបរាប់ថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីកន្លែងធ្វើការ ប្រាក់ខែ និង របស់គាំពារសង្គម ដល់កម្មករកម្មការិនីក្នុងវិស័យនេះ ជាពិសេសកម្មការិនីមានផ្ទៃពោះ។
លើសពីនេះទៀត លោកស្រីឯកអគ្គរដ្ឋទូតចប់អាណាត្តិ ក៏បានកោតសរសើរផងដែរ ពីការរីកចំរើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ។
យោងតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកាណាដាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការស្វែងសន្តិភាពសំរាប់កម្ពុជា។ មួយវិញទៀត ប្រទេសកាណាដាក៏បាននិងកំពុងចូលរួមយ៉ាងសកម្មផងដែរក្នុងការអភិវឌ្ឍកម្ពុជា មានដូចជាការបោសសំអាតមីន ការវិនិយោគក្នុងវិស័យធនាគារ ពាណិជ្ជកម្ម និង វិស័យអប់រំជាដើម។
ទាក់ទងនឹងការវិនិយោគក្នុងវិស័យធនាគារ កាលពីពេលថ្មីៗនេះ ធនាគាររដ្ឋនៃប្រទេសកាណាដា បានសំរេចចិត្តទិញយកភាគហ៊ុនទាំងអស់របស់ធនាគារ Advanced Bank of Asia (ABA) ក្នុងតំលៃ $63 លានដុល្លារ សំរាប់ភាគហ៊ុនចំនួន១០% ទៀតដែលនៅសល់។ ហើយ កាលពីឆ្នាំ ២០១៦ ធនាគារមួយនេះបានទិញភាគហ៊ុនចំនួន ៩០% របស់ធនាគារ ABA ។
ជាសរុប ធនាគាររដ្ឋនៃប្រទេសកាណាដា បានចំណាយដើមទុនប្រមាណ $320 លានដុល្លារ ទិញយកភាគហ៊ុនរបស់ ABA ទាំងអស់ ក្នុងគោលបំណងវិនិយោគនៅលើទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។
លោក Louis Vachon អគ្គនាយកនៃធនាគាររដ្ឋកាណាដា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មានហេតុផលច្រើនណាស់ដែលធនាគាររបស់លោកសំរេចបោះទុនវិនិយោគនៅលើទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ ហេតុផលមួយនៅក្នុងចំណោមហេតុផលទាំងនោះ គឺអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសកម្ពុជា៕
